(សៀមរាប)៖ ប្រជាពលរដ្ឋនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ បានថ្លែងអំណរគុណដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានគាំទ្រឲ្យមានការសម្រេចបើកផ្លូវជូនប្រជាពលរដ្ឋ។
លិខិតថ្លែងអំណរគុណរបស់ប្រជាពលរដ្ឋ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ បានបញ្ជាក់ថា ការសម្រេចបើកផ្លូវនេះ អាចធ្វើឲ្យពួកគាត់ធ្វើចរាចរណ៍, អាចបញ្ជៀសការកកស្ទះ, អាចទទួលអាស្រ័យផលបានគ្រប់ៗគ្នា និងក្រុងមានផ្លូវប្រទាក់ក្រឡាគ្នា នៅក្នុងខេត្តសៀមរាប។
ប្រជាពលរដ្ឋបានថ្លែងយ៉ាងដូច្នេះថា «យើងខ្ញុំទាំងអស់គ្នាពិតជាមានសេចក្ដីត្រេកអត និងពេញចិត្តជាខ្លាំងឥតឧបមា ដែលបានឃើញអាជ្ញាធរគ្រប់លំដាក់ថ្នាក់ទាំងអស់ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ខិតខំទាំងកម្លាំងកាយ និងកម្លាំងចិត្ត គាំទ្រ និងដោះស្រាយបញ្ហាផ្លូវដែលកើតមានអស់រយៈពេលជាង១០ឆ្នាំកន្លងមកនេះ ជូនដល់ប្រជាពលរដ្ឋយើងខ្ញុំ»។
ពលរដ្ឋក៏បានបញ្ជាក់ផងដែរថា ការបើកផ្លូវនេះពុំមានផលប៉ះពាល់ និងបានរក្សាទុកតូបលក់ដូររបស់អាជីវករ អាចប្រកបរបរលក់ដូរក្នុងផ្សារផល្លារាត្រីអង្គរ នៅដដែល និងអាចដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព និងសមធម៌ ជូនប្រជាពលរដ្ឋ និងអាជីវករ ព្រមទាំងម្ចាស់ផ្សារផល្លារាត្រីអង្គរផងដែរ៕