(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ បានអំពាវនាវ ឱ្យកងយោធពលខេមរភូមិន្ទ ណែនាំក្រុមគ្រួសារ ដើម្បីបំពេញសិទ្ធិជាពលរដ្ឋអញ្ជើញទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
នាយឧត្តមសេនីយ៍ បានថ្លែងបែបនេះ នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនី ដែលទទួលបានជ័យលាភី ក្នុងការប្រកួតកីឡាជាតិលើកទី២ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ «ស្តាតចាស់» រាជធានីភ្នំពេញ។
នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានថ្លែងបន្តថា ក្រោយពីប្រទេសជាតិរួចផុតពីសង្គ្រាម ដោយចាប់ផ្តើមអភិវឌ្ឍប្រទេសពីចំណុចសូន្យ គឺមានតែគណបក្សប្រជាជនកម្ពុជាតែ១គត់ ដែលជាខ្នងបង្អែកធានាបាន នូវសុខសន្តិភាព និងជំរុញការអភិវឌ្ឍប្រទេស ឱ្យមានការរីកចម្រើន មានអ្វីៗគ្រប់បែបយ៉ាង រហូតមកដល់បច្ចុប្បន្ន។
លោកបានបន្តថា ការអភិវឌ្ឍប្រទេសកម្ពុជា តាំងពីបាទដៃទទេរហូតមានថ្ងៃនេះ គឺពិតជាបានឆ្លងកាត់ឧបសគ្គ គ្រប់ដំណាក់កាល តាំងពីប្រជាពលរដ្ឋ មិនមានបាយហូបគ្រប់គ្រាន់ រហូតមកដល់សព្វថ្ងៃ ដែលមានជីវភាពសមរម្យ រស់នៅប្រកបដោយភាពសុខសាន ក្រោមដំបូលសន្តិភាពតែមួយរបស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដ៏ឆ្នើមគ្មានពីរ។
នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបន្តថា ដោយសារតែស្ថិតនៅក្រោមការដឹកនាំ របស់បុគ្គលដែលភាពឈ្លាសវៃនេះ បានធ្វើឱ្យប្រជាពលរដ្ឋ និងក្រុមគ្រួសារកងយោធពលខេមរភូមិន្ទ ទាំងអស់មានឱកាសរស់នៅជួបជុំគ្នា ជាពិសេសបច្ចុប្បន្ននេះ យើងបានមើលឃើញជាក់ស្តែងហើយ សម្រាប់វិស័យកីឡានៅកម្ពុជា បច្ចុប្បន្ននេះ មិនមែនមានការប្រកួតប្រជែងតែលក្ខណៈជាតិនោះទេ គឺកម្ពុជាមានកីឡារបស់ខ្លួន បង្ហាញឱ្យពិភពលោកបានស្គាល់ បានដឹកថា កម្ពុជា ជាប្រទេសមួយមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស បន្ទាប់ពីរងគ្រោះដោយសារភ្លើងសង្គ្រាមស៊ីវិល ជាច្រើនឆ្នាំកន្លងមកនេះ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏បានជំរុញឱ្យគ្រូបង្វឹក និងកីឡាករ កីឡាការិនីទាំងអស់ ត្រូវខិតខំហ្វឹកហាត់ និងពង្រីកសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីជួយលើកតម្កើនជាតិរបស់យើង តាមរយៈវិស័យកីឡានេះផងដែរ។ ក៏ប៉ុន្តែកីឡាករ កីឡាការិនី ទាំងអស់ត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួន នូវដំបូន្មានរបស់គ្រូបង្វឹក និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន៕