(ភ្នំពេញ)៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិធមនុស្សកម្ពុជា បានជំរុញឱ្យយុវជន ដែលទទួលបានជ័យលាភី ក្នុងការប្រកួតប្រជែង ការតស៊ូមតិថ្នាក់ជាតិ ត្រូវតែខិតខំហ្វឹកហាត់ និងប្រឹងប្រែងបន្ថែមទៀត ដើម្បីចូលរួមការប្រកួតប្រជែងការតស៊ូមតិថ្នាក់អាស៊ាន នាពេលខាងមុខ។
លោក កែវ រ៉េមី បានលើកឡើងយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាព ក្នុងវេទិកាតស៊ូមតិថ្នាក់ជាតិរបស់យុវជន ស្តីពីសិទ្ធិមនុស្ស ឆ្នាំ២០១៨ ក្នុងវេទិកានោះដែរ មានការចូលរួមពី គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងតំណាងកម្ពុជាប្រចាំគណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-កម្ពុជា) រួមទាំងនិស្សិតប្រមាណជា ៣០០នាក់ ផងដែរ។
លោក កែវ រ៉ាមី បានលើកឡើងបន្តថា យុវជនដែលទទួលបានជ័យលាភីចាប់ពីពេលនេះ ទៅឈប់និយាយថា ជាបេក្ខជនតំណាងឱ្យសាលាទៀត គឺត្រូវនិយាយថា ជាបេក្ខជនតំណាងឱ្យប្រទេស ដើម្បីចូលរួមក្នុងការប្រកួតប្រជែង ការតស៊ូមតិថ្នាក់អាស៊ាន និងជាតំណាងក្នុងការជួយលើកមុខមាត់ឱ្យប្រទេសជាតិ ដូចនេះហើយប្អូនៗត្រូវចេះហ្វឹកហាត់ខ្លួនឯង និងរបៀបក្នុងការនិយាយ ឬអាកប្បកិរិយាឱ្យត្រូវនឹងប្រធានបទ ដែលយើងបានធ្វើបទបង្ហាញ ត្រូវមានការជឿជាក់លើខ្លួនឯង កុំជ្រួលច្របល់ ត្រូវគ្រប់គ្រងខ្លួនឯងឱ្យបាន ហើយការនិយាយត្រូវតែច្បាស់ៗ និងត្រឹមត្រូវ។
លោកបានបន្តទៀតថា ចាប់ពីពេលនេះទៅ ប្អូនៗត្រូវចេះសំលៀងខ្លួនឯង ទៅលើការខិតខំប្រឹងប្រែងរៀនសូត្រ ស្វែងយល់បន្ថែមពីបរិបទខាងក្រៅ និងត្រូវចេះពិភាក្សាគ្នា ដើម្បីដោះដូរនៅគំនិតយោបល់ពីគ្នា ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក និងធ្វើឱ្យប្អូនៗទទួលបានជោគជ័យជាក់ជាមិនខាន។
គូរបញ្ជាក់ដែរថា ការតស៊ូមតិរបស់យុវជនកម្ពុជានេះ មានគោលបំណងលើកកម្ពស់ការយល់ដឹង របស់យុវជនកម្ពុជាអំពីសិទ្ធិមនុស្ស និងជាវេទិកាសម្រាប់ជ្រើសរើសយុវជនឆ្នើមកម្ពុជាចំនួន៣រូប ដើម្បីចូលរួមការតស៊ូមតិថ្នាក់តំបន់អាស៊ាន ស្តីពីសិទ្ធិមនុស្សឆ្នាំ២០១៨(AICHR Youth Debate on Human Right ២០១៨) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះហើយប្រធានបទសម្រាប់ធ្វើបទក្នុងការតស៊ូមតិថ្នាក់ជាតិរបស់យុវជន ស្តីពីសិទ្ធិមនុស្សមានដូចជា ១៖ ការអប់រំសិទ្ធិមនុស្ស ២៖ សិទ្ធិទទួលបានការអប់រំរបស់កូនពលករទេសន្តរប្រវេសន៍ ៣៖ សិទ្ធិទទួលបានភាពឯកជនរបស់តារាល្បី ៤៖ ការបំពុលបរិស្ថាន ៥៖ ការរំលោភសេពសន្ថវៈ និងការដាក់ទណ្ឌកម្ម៕