(កំពង់ស្ពឺ)៖ មិនខ្វល់ថាមានការអំពាវនាវក្នុងន័យរារាំងដល់ដំណើរការបោះឆ្នោតយ៉ាងណាឡើយ ឲ្យតែដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រចូលមកដល់ យុវជននៅខេត្តកំពង់ស្ពឺ នឹងតម្រង់ទៅការិយាល័យបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីប្រើសន្លឹកឆ្នោតរបស់ពួកគេជ្រើសរើសមេដឹកនាំដ៏សាកសមម្នាក់។
ក្នុងកិច្ចសម្ភាសជាមួយភ្នាក់ងារព័ត៌មាន Fresh News យុវតី ឃឹម សូវ៉ាន់ បានបញ្ជាក់ថា កញ្ញាបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមបោះឆ្នោត នាពេលខាងមុខ ហើយកញ្ញាមិនភ្លេចឡើយនូវការត្រៀមទុកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។
មិនធ្លាប់បានបោះឆ្នោតពីមុនមកទេ ប៉ុន្តែយុវជន ផាត់ អណ្តែត បានតាំងចិត្តថានឹងទៅបោះឆ្នោតនាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខឱ្យខាងតែបាន។ ដ្បិតវ័យក្មេងបន្តិច ប៉ុន្តែយុវជនរូបនេះ មិនបណ្ដោយឱ្យវាសនាប្រទេសជាតិរបស់ខ្លួនធ្លាក់ក្នុងភាពចលាចល អសន្តិសុខ អស្ថិរភាពនោះឡើយ ពោលលោកត្រូវតែចូលរួមការពារសន្តិភាព ស្ថិរភាពឲ្យទាល់តែបាន តាមរយៈការបោះឆ្នោត។
ថ្លែងទាំងញញឹមពព្រាយ យុវតី ស ចាន់ណា បានលើកឡើងថា សន្លឹកឆ្នោតរបស់ពលរដ្ឋ ជាឧបករណ៍កំណត់ជោគវាសនារបស់ប្រទេសជាតិ ដូច្នេះកញ្ញាត្រូវតែទៅបោះឆ្នោតឱ្យខាងតែបាន មិនរុញរាឡើយ។
សូមទស្សនាវីដេអូកិច្ចសម្ភាសរវាងអង្គភាពព័ត៌មាន Fresh News ជាមួយយុវជន យុវតីនៅខេត្តកំពង់ស្ពឺ៖