(ភ្នំពេញ)៖ ព័ត៌មានចុងក្រោយជុំវិញអនាគតលើវិថីបាល់ទាត់ របស់កីឡាករជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា កាន់តែលេចចេញជារូបរាងមែនទែនហើយ បន្ទាប់ពីក្លឹបសមាជិកលីគកំពូលសិង្ហបុរី Home United បានបង្ហាញខ្សែប្រយុទ្ធជំនាញជើងឆ្វេងរូបនេះ នៅលើបណ្ដេញសង្គម Instagram អមដោយសារពិចារណាគ្រោងចុះកិច្ចសន្យា ជាមួយកូនប្រុសអតីតអភិបាលខេត្តកំពតនេះទៀតផង។
ការបង្ហោះសារគួរឲ្យចាប់អារម្មណ៍នេះបានធ្វើឡើង ស្របពេលសាម៉ីខ្លួនកីឡាករ ចាន់ វឌ្ឍនាកា បង្ហើបថា ខ្លួនកំពុងចរចាជាមួយក្លឹបបរទេសមួយ ដែលខិតជិតដល់ដំណាក់កាលព្រមព្រៀង ក្រោយចែកផ្លូវជាមួយក្រុម Pahang FA នៃលីគកំពូលម៉ាឡេស៊ី។ ប្រភពព័ត៌មានដដែលបានសរសេរថា «តើ Home United អាចចុះកិច្ចសន្យាជាមួយ ចាន់ វឌ្ឍនាកា ឬកីឡាករអូស្ដ្រាលី Isaka cernak។ តើ ចាន់ វឌ្ឍនាកា អាចចុះកិច្ចសន្យាជាមួយក្លឹប Home United នៃលីគកំពូលសិង្ហបុរីជាប្រវត្តិសាស្ដ្រដែរឬទេ?»។
យ៉ាងណាមិញ តាមរយៈខ្លឹមសាររបស់ប្រភពព័ត៌មានខាងលើបានបញ្ជាក់ថា អនាគតរបស់ ចាន់ វឌ្ឍនាកា ជាមួយក្លឹបយក្សរបស់សិង្ហបុរីនេះ គឺស្ថិតក្នុងដំណាក់ការពិចារណានៅឡើយ មិនទាន់ផ្លូវការនោះទេ។
សូមបញ្ជាក់ថា Home United គឺជាក្រុមខ្លាំងរបស់សិង្ហបុរី នឹងធ្លាប់បានបំបាក់ក្រុមបឹងកេតអែហ្វស៊ីរបស់កម្ពុជា ដោយលទ្ធផល ៦-០ ក្នុងជំនួបជើងទី២ នៃពាន AFC Cup 2018 ពូល F ក្រោយបរាជ័យក្រៅដី ក្រោមថ្វីជើងរបស់បឹងកេត ៣-២ ទៀតផង និងកំពុងឈរនៅលេខរៀងទី៥បណ្តោះអាសន្ន នៃលីគកំពូលសិង្ហបុរី ឆ្នាំ២០១៨នេះ៕