(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ បានអនុញ្ញាតឲ្យប្រតិភូកីឡា និងកីឡាករ កីឡាការិនី ដែលចូលរួមការប្រកួតកីឡាជាតិលើកទី២ ជួបសម្តែងការគួរសម នៅសាលប្រជុំសាលាខេត្ត។
ថ្លែងទៅកាន់កីឡាករ កីឡាការិនី លោក ថង សាវុន សម្តែងនូវការអបអរសាទរជាមួយកីឡាករ កីឡាការិនី ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ក្នុងការប្រកួតរហូតទទួលបានលទ្ធផលគួរជាទីមោទនៈ។ មិនត្រឹមតែប៉ុណ្ណោះការចូលរួមប្រកួតនេះ បានញាំងឲ្យព្រឹត្តិការណ៍កីឡាជាតិលើកទី២នេះ កាន់តែមានភាពមហស្ចារ្យ អធិកអធ័ម ទាំងនេះក៏ដោយសារកត្តាសន្តិភាព ដែលសម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំកសាងមក និងការពារយ៉ាងរឹងមាំ និងសម្តេចបានយកចិត្តទុកដាក់លើវិស័យកីឡា ដូច្នេះត្រូវតែចូលរួមការពារសន្តិភាពនេះ ជាមួយរាជរដ្ឋាភិបាល។
បន្ថែមពីនេះ លោកអភិបាលខេត្ត បានជំរុញឲ្យកីឡាករទាំងអស់ ត្រូវខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីឈានឆ្ពោះទៅរកការប្រកួតស៊ីហ្គេមនាពេលខាងមុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក៏ដើម្បីអនាគតរបស់កីឡា និងកិត្តិយសគ្រួសារ សង្គមជាតិទាំងមូល។
លោក ថង សាវុន បានឧបត្តម្ភជយលាភីមេដៃមាស៣នាក់ ក្នុងម្នាក់ៗទទួលបាន៤០ម៉ឺនរៀល, មេដៃប្រាក់២នាក់ ក្នុងម្នាក់២៨ម៉ឺនរៀល, កីឡាបេតង់៦នាក់ ម្នាក់២០ម៉ឺនរៀល និងឧបត្ថម្ភថវិកា២លានរៀល សម្រាប់ក្រុមកីឡាទាំងមូល៕