(កណ្តាល)៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមការងារ ថ្នាក់ជាតិប្រចាំស្រុកមុខកំពូល នៅព្រឹកថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការប្រកួតកីឡាបាល់ ទាត់យុវជន និងសម្ពោធអគារសិក្សា និងទីចាត់ការ ក្នុងវិទ្យាល័យសិរីមង្គល ស្រុកមុខកំពូល ខេត្តកណ្តាល។
អគារសិក្សាដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រួមមាន៖ ចំនួន២ខ្នង, កម្ពស់២ជាន់ មាន២២បន្ទប់ និងអគារទីចាត់ការ១ខ្នង មាន៦បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ដោយឡែក ការប្រកួតកីឡាបាល់ទាត់យុវជនស្រុកមុខកំពូល ក៏មានការចូលរួមប្រកួតពីក្រុមកីឡាបាល់ទាត់យុវជនផ្នែកបុរសចំនួន១១ក្រុម និងក្រុមកីឡា បាល់ទាត់យុវជនផ្នែកនារីចំនួន៣ក្រុម ដោយមានកីឡាករ-កីឡាការិនីចូលរួមសរុបចំនួន២៨០នាក់។
លោក វង្សី វិស្សុត បានថ្លែងថា ក្នុងរយៈពេល៥ឆ្នាំនេះ, រាជរដ្ឋាភិបាល បានចាត់ទុកវិស័យសង្គមកិច្ចជាវិស័យអាទីភាពទី១ ដោយក្នុងនោះ ក្រសួងអប់រំ យុវជន និងកីឡា គឺជាក្រសួងមួយ នៅក្នុងចំណោមក្រសួងទាំង៣ ដែលត្រូវបានយកចិត្តទុកដាក់ ជាពិសេស ពីសំណាក់រាជរដ្ឋាភិបាល។ ជាក់ស្តែងចំណាយរបស់ក្រសួងអប់រំ យុវជន និងកីឡាត្រូវបាន បង្កើន ថវិកាជាង៣ដង ពោលគឺពីប្រមាណតែ២៦៦លានដុល្លារ ក្នុងឆ្នាំ២០១៣ ឡើងដល់ប្រមាណ៨៥៣លានដុល្លារក្នុងឆ្នាំ២០១៨។
ទន្ទឹមនឹងនេះ ប្រាក់បៀវត្សរ៍អប្បបរមារបស់គ្រូបង្រៀន ក៏បានដំឡើងពីប្រមាណតែ៤០ម៉ឺនរៀល ក្នុងឆ្នាំ២០១៣ ឡើងដល់ជាង១លានរៀល ក្នុងឆ្នាំ២០១៨ ពោលគឺប្រាក់បៀវត្ស របស់គ្រូបង្រៀន ត្រូវបានដំឡើងលើសពីមន្រ្តីរាជការទូទៅផ្សេងទៀត។
លោក វង្សី វិស្សុត បានបន្តលើកឡើងថា ថ្វីត្បិតតែវិស័យអប់រំសម្រេច បាននូវវឌ្ឍនភាពគួរ កត់សម្គាល់ទូទៅនៅក្នុងរយៈពេលកន្លងមកក្តី តែវិស័យអប់រំនៅតែជួបប្រទះបញ្ហា ប្រឈមនៅឡើយ ទាំងផ្នែកបរិមាណ និងគុណភាព ពោលគឺគុណភាពនៃការអប់រំ និងមុខជំនាញ នៅមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារនៅឡើយទេ។ ដូច្នេះ កម្ពុជាត្រូវបន្តពង្រឹង គុណភាពនៃការអប់រំបន្ថែមទៀត។
លោកបានបន្តថា ការពង្រឹងគុណភាព នៃការអប់រំគួរចាប់ផ្តើម ពីការពង្រឹងគុណភាព នៃការបណ្តុះបណ្តាលគ្រូបង្រៀនជាមុន ទន្ទឹមគ្នានឹងការបន្តដំឡើងប្រាក់បៀវត្សរ៍ជូនគ្រូបង្រៀន និងការបំពាក់សម្ភារសម្រាប់បម្រើឱ្យការរៀន និងការបង្រៀន។ តែកិច្ចការនេះ នឹងមិនអាច សម្រេចបាននូវលទ្ធផលល្អប្រសើរឡើយ ប្រសិនបើខ្វះការចូលរួមពីសំណាក់ គ្រួសារ អាណាព្យាបាលសិស្ស, សហគមន៍ និងសង្គមជាតិទាំងមូល។
លោកក៏បានលើកឡើងផងដែថា ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស គឺជាកត្តាកំណត់ឈ្នះ-ចាញ់ នៅក្នុងបរិបទ នៃការចូលមកដល់នៃបដិវត្តឧស្សាហកម្មទី៤ ព្រោះបដិវត្តឧស្សាហកម្មទី៤ នេះ នឹងធ្វើឱ្យការប្រែប្រួលហួសពីការស្មានពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្ស ក៏ដូចជា ពាក់ព័ន្ធនឹងសមត្ថភាពផលិតកម្ម និងសេវាកម្ម សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាទូទៅរបស់ប្រទេសជាតិផងដែរ។
ដើម្បីចាប់យកនូវកាលានុវត្តភាព ជាអតិបរិមាពីការចូលមកដល់នៃបដិវត្តឧស្សាហកម្មលើកទី៤នេះ កម្ពុជាត្រូវតែបន្តផ្តោត ទៅលើការពង្រឹងការអប់រំលើមុខជំនាញវិទ្យាសាស្រ្តពិត បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា (STEM)។ ប្រការដែលគួរយកចិត្តទុកដាក់បំផុតនោះ គឺអ្នកដែលមានជំនាញ STEM នេះ នឹងក្លាយជាអ្នកមានប្រៀប និងមានឱកាសច្រើនជាងគេនៅថ្ងៃទៅមុខ ដែលអាចនឹងធ្វើឱ្យ មានគម្លាតកាន់តែខ្លាំងឡើងរវាងអ្នកដែលមានជំនាញនេះ និងអ្នកដែលគ្មានជំនាញ ហើយទាមទារឱ្យរដ្ឋត្រូវជួយដោះស្រាយ។
ក្នុងន័យនេះ លោកបានស្នើសុំដល់យុវជន ក្មេងៗជំនាន់ក្រោយទាំងអស់ ត្រូវខិតខំប្រឹងប្រែងក្នុងការសិក្សារៀនសូត្រ ព្រោះបច្ចុប្បន្ន ក្រៅពីការរៀនសូត្រនៅតាមសាលារៀន គឺនៅមានមធ្យោបាយក្នុងការសិក្សារៀន សូត្រច្រើនសម្បូរបែបណាស់ ដូចជា តាម Youtube, Google ជាដើម។ លោកបានលើកទឹកចិត្តដល់យុវជនក្នុងការសិក្សាមុខជំនាញ STEM ឱ្យបានច្រើន។
ក្រៅពីការសិក្សារៀនសូត្រ, លោកក៏បានលើកទឹកចិត្តដល់យុវជន ឱ្យចូលចិត្តលេង កីឡាថែមទៀត ព្រោះកីឡាមិនមែនត្រឹមតែនាំមកនូវសាមគ្គី មិត្តភាព និងជួយធ្វើឱ្យកាយ សម្បទារបស់យើងមាំមួនប៉ុណ្ណោះទេ តែកីឡាក៏ជួយបណ្តុះឆន្ទៈ និងទស្សនៈថែមទៀត ជាពិសេសការបណ្តុះស្មារតីឱ្យចេះគោរពវិធាននៃល្បែង (ចិត្តជាកីឡាករ) និងអាចជួយកាត់ បន្ថយភាពតប់ប្រម៉លបានផងដែរ។
Bong Pheak Editor FN, [11.06.18 16:41]
ក្រៅពីការលេងកីឡា, លោកបានណែនាំដល់ យុវជនត្រូវ តែចេះចូលរួមធ្វើកិច្ចការសង្គមថែមទៀត ព្រោះកិច្ចការនេះនឹងជួយ បណ្តុះជំនាញផ្នែកទន់ ដែលនឹងជួយបង្រៀនយើងឱ្យចេះពីការទំនាក់ទំនង, ការដោះស្រាយបញ្ហា និងការសម្រេចចិត្ត សម្រាប់ក្លាយខ្លួនជាអ្នកដឹកនាំទៅថ្ងៃក្រោយ។ ជាមួយគ្នានេះ យុវជនត្រូវជៀសឱ្យឆ្ងាយ ពីគ្រឿងញៀន និងអំពើមិនល្អផ្សេងៗទៀត ដែលបំផ្លាញអនាគតរបស់ខ្លួន, គ្រួសារ និងសង្គមជាតិទាំងមូល ដើម្បីអាចក្លាយខ្លួនជាពលរដ្ឋដ៏មានតម្លៃសម្រាប់ប្រទេសជាតិ។
ដោយឡែក នៅក្នុងពិធីនោះដែរ លោក វង្សី វិស្សុត ក៏បានផ្តាំផ្ញើដល់ក្មួយៗជាសិស្សថ្នាក់ ទី១២ទាំងអស់ ត្រូវត្រៀមខ្លួនឱ្យបានល្អសម្រាប់ការប្រឡង សញ្ញាបត្រទុតិយភូមិ នាពេលខាងមុខនេះ ហើយលោកបានប្រកាសនឹងផ្តល់នូវការឧបត្ថម្ភម៉ូតូចំនួន ០១គ្រឿង ចំពោះអ្នកដែលទទួលបាននិទ្ទេស A៕