(សៀមរាប)៖ ក្រោយមានការបកស្រាយយ៉ាងច្បាស់ពី រដ្ឋបាលខេត្តសៀមរាប ទៅកាន់ប្រជាពលរដ្ឋអាជីវករ អំពីការបើកផ្លូវនៅផ្សារផល្លារាត្រីអង្គរ ទំហំ៩ម៉ែត្រ ដោយគ្មានការរុះរើតូបលក់ដូរនោះ, នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ អាជ្ញាធរខេត្តសៀមរាប បានសម្រេចបើកផ្លូវជាស្ថាពរហើយ តាមសំណើររបស់ប្រជាពលរដ្ឋ និងតាមអ្វីដែលធ្លាប់សន្យា។
អាជ្ញាធរខេត្តសៀមរាប បានឲ្យដឹងថា «ការសម្រេចចុះបើកផ្លូវជាស្ថាពរនេះ ត្រូវបានធ្វើឡើងតាំងពីព្រឹកថ្ងៃទី១១ ខែមិថុនានេះ ហើយរហូតមកដល់រសៀលនេះ ក្រុមការងារបច្ចេកទេសធ្វើផ្លូវ កំពុងតែធ្វើការឈូសឆាយរបងផ្លូវ ដែលតម្រូវបើកផ្លូវទំហំ៩ម៉ែត្រ ដើម្បីបន្ដការស្ថាបនាផ្លូវទាំងស្រុង»។
ទន្ទឹមនឹងការបើកផ្លូវនេះ ប្រជាពលរដ្ឋចំនួន១០៨គ្រួសារ ដែលរស់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កំពុងតែមានការត្រេកអរយ៉ាងខ្លាំងចំពោះអាជ្ញាធរ ដែលធ្វើតាមសំណើររបស់ពួកគាត់ ហើយពួកគាត់ក៏បានថ្លែងអំណរគុណដល់ ប្រមុខនៃរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្តផងដែរ។
សូមជម្រាបថា ការបើកផ្លូវទំហំ០៩ម៉ែត្រ នៅផ្សារផល្លារាត្រីអង្គរ ស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានធ្វើឡើង តាមការសម្រេចរបស់ គណៈកម្មការរដ្ឋបាល និងកិច្ចសន្យាកន្លងមករវាងម្ចាស់ក្បាលដី ជាមួយរដ្ឋបាលខេត្តសៀមរាប សម្រាប់បម្រើឲ្យផលប្រយោជន៍សាធារណៈ។
អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង ធ្លាប់ការបញ្ជាក់ថា ការបើកផ្លូវនេះ អាជ្ញាធរខេត្តធ្វើតាមគោលការណ៍ច្បាប់តែប៉ុណ្ណោះ, អាជីវករបន្តការលក់ដូរជាធម្មតា ដោយកុំការបារម្មណ៍ ឬភ័យខ្លាចការបិទផ្សារ ឬការឈូសតូប ដើម្បីបើកផ្លូវនេះទេ, ការបើកផ្លូវនេះ គឺការបង្កើតបណ្តាញផ្លូវ ប្រទាក់ក្រឡានៃការភ្ជាប់បណ្តាញផ្លូវឡើងវិញ ដើម្បីសម្រួលចរាចរ ការកកស្ទះ និងប្រើប្រាស់ក្នុងករណីចាំបាច់ ដូចជាការងារសង្គ្រោះអគ្គីភ័យ និងការសង្គ្រោះបន្ទាន់ជាដើម៕