(ក្រចេះ)៖ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធជាមួយករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន និងវត្ថុតាងមួយចំនួន ស្ថិតក្នុងភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។
បើតាមមន្ដ្រីនគរបាល បានឲ្យដឹងថា កម្លាំងរបស់លោក សហការជាមួយកម្លាំងនគរបាលស្រុកឆ្លូង ក្រោមការចង្អុលណែនាំរបស់លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត និងលោក កែវ សុជាតិ ព្រះរាជ អាជ្ញា អមសាលាដំបូងខេត្ត និងដឹកនាំផ្ទាល់ដោយលោក ជា សុភក្រ្ត័ ព្រះរាជអាជ្ញារង បានចុះបង្រ្កាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយគ្រឿងញៀនចំនួន៣កញ្ចប់។
លោក ឆុង តូរ៉ាន់ អធិការនគរបាលស្រុកឆ្លូង បានឲ្យដឹងថា ការឃាត់ខ្លួន បានជនសង្ស័យម្នាក់ ខាងលើនេះ ឈ្មោះ មីន គ្រីយ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មានទីលំនៅចំណុចភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។
លោក ឆុង តូរ៉ាន់ បានបញ្ជាក់ថា ក្នុងនោះដកហូតបានសម្ភារវត្ថុតាងមួយចំនួនរួមមាន៖ ម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀនចំនួន៣កញ្ចប់ (ធំ២ និងតូច១) និងថងសម្រាប់ច្រក រំលែកគ្រឿងញៀនមួយចំនួនធំ, ទុយោសំរាប់ចូករំលែកគ្រឿងញៀនចំនួន២ និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ជាមួយដាវសាំម៉ូរ៉ៃចំនួន២ដើម, ម៉ូតូចំនួន១គ្រឿង និងទូរស័ព្ទដៃចំនួន១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃុំនៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីចាត់តាមផ្លូវច្បាប់៕