(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានជួបពិភាក្សាជាមួយលោក ផានយ៉ារ៉ាក់ ភលផុប (Panyarak Poolthup ) ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងជំនួបពិភាក្សានោះដែរលោក ឯកអគ្គរាជទូតថៃ បានបញ្ជាក់ថា ក្រសួងការងារថៃ បានទទួលចុះបញ្ជីពលករខ្មែរ ឲ្យធ្វើការនៅប្រទេសថៃ ដើម្បីទទួលបានផលប្រយោជន៍ដូចពលរដ្ឋផងដែរ។ ការចុះបញ្ជីពលករបរទេសធ្វើការនៅថៃ និងបញ្ចប់នៅខែមិថុនា ឆ្នាំ២០១៨ នេះ។
នាឱកាសនោះដែរ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា «ប្រទេសទាំងពីរមានទំនាក់ទំនងមិត្តភាពជាប្រពៃណីល្អជាមួយគ្នា ក្នុងការផ្លាស់ប្តូរទំហំពាណិជ្ជកម្ម បានបង្កើនបន្ថែមទៀត រវាងប្រទេសទាំងពីរ និងទេសចរណ៍ថៃមានចំនួនច្រើនមកកម្ពុជា»។
លោកស្រីកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណដល់អាជ្ញាធរថៃផងដែរ ដែលបានជួយសំរួលការងារដល់ពលខ្មែរស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ ឲ្យលោកស្រីកិត្តិសង្គហបណ្ឌិតធ្វើជាតំណាង ចុះទៅសួរសុទុក្ខពលករខ្មែរធ្វើការនៅប្រទេសថៃ និងអរគុណដល់ក្រសួងការងារថៃ បានជួយសម្រួលឯកសារដល់ពលករខ្មែរធ្វើការនៅប្រទេសថៃ។ «ពលករខ្មែរធ្វើការនៅប្រទេសថៃទាំងអស់ ត្រូវបានការយកចិត្តទុកដាក់ពីអាជ្ញាធរថៃ ពួកគាត់មានប្រាក់ចំណូលសមរម្យសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច»។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ទៀតថា កម្ពុជាត្រូវការបទពិសោធន៍អំពីការងារស្ត្រី និងកុមារ និងចង់មានកិច្ចសហការជាមួយភាគីថៃ។
ជាមួយគ្នានោះដែរ លោកស្រីកិត្តិសង្គហបណ្ឌិត បានសំណូមពរដល់ភាគីថៃ ដោយសហការជាមួយក្រសួងអធិការកិច្ចជាមួយអាជ្ញាធរថៃ លើការងារស្ត្រីនិងកុមារ។ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសថៃ នៅពេលវេលាសមរម្យ ដើម្បីសិក្សាលើការងារស្ត្រីកុមារនៅប្រទេសថៃ។ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណដល់ម្ចាស់ក្សត្រី សុរិន្ទ ថន ដែលជួយលើវិស័យអំប៎រំនៅតំពង់ធំ និងបានចុះ MOU កំចាត់ជម្ងឺគ្រុនចាញ់នៅខេត្តភាគឥសាន្ត ប្រទេស។
ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជំរាបភាគីថៃ អំពីស្ថានភាពការត្រៀមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ និងការចុះជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិ។ ការបោះឆ្នោតរើសសមាជិសភានៅពេលខាងមុខនេះ មាន២០គណបក្សចូលរួមប្រកួតប្រជែង ដោយឡែក គណបក្សប្រជា ជនកម្ពុជានៅដែរ ជាស្នូលសំខាន់លើអភិវឌ្ឍន៍ប្រទេសជាតិ មានកំណើនសេដ្ឋកិច្ចខ្ពស់៕