(ភ្នំពេញ)៖ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ បានចុះឆែកឆេរចំណីអាហារ និងបន្លែជាង១០មុខ នៅផ្សារអូឬស្ស៊ី ដោយបានរកឃើញសារធាតុគីមីនៅ ក្នុងនំស្រួយ និងនំស្លឹកស្រស់ដែលសារធាតុនេះ នឹងធ្វើឲ្យប៉ះពាលដល់សុខភាពអ្នកបរិភោគ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ខណៈកំពុងចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ នៅផ្សារនោះ លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានឲ្យដឹងថា ក្រុមការងារ របស់លោកបានសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារព្រែកលៀប ចុះត្រួតពិនិត្យទំនិញស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួន លួចបញ្ចេញមកលក់ចែកចាយលើទីផ្សារ បានធ្វើតេស្តបមឋ និងយកគំរូចំនួនជាង១០មុខ ដែលសង្ស័យមានហានិភ័យខ្ពស់ដូចជា៖ សរសៃមីលឿង ប្រហិតសាច់គោ មឹក បង្គារ ត្រីងៀត ត្រីហើម សាច់ក្រកបាញ់កាញ់ លត គុយទាវសរសៃធំ គុយទាវសរសៃតូច គ្រឿងសមុទ្រ និងនំផ្សេងៗបញ្ជូនមកមន្ទីរពិសោធន៍អគ្គនាយកដ្ឋានកាំកុងត្រូលដើម្បីរកសារធាតុគីមីហាមឃាត់។
ក្រោយការពិនិត្យយ៉ាងត្រឹមត្រូវនោះ ក្រុមការងាររបស់លោក បានរកឃើញសារធាតុគីមី (ប៉ូរ៉ាក់) ដែលហាមឃាត់នៅក្នុងនំស្លឹកស្រស់និងនំស្រួយ។ យ៉ាងណាក៏ដោយ បន្ទាប់ពីរក ឃើញក្រុមការងាររបស់លោក បានដកហូតភ្លាមៗផងដែរ ដើម្បីយកមកកំទេចចោល និងធ្វើកិច្ចសន្យាជាមួយអាជីវករមិនឲ្យដាក់លក់នូវនំទាំងនេះ ដែលមានសារធាតុហាមឃាត់បន្តទៀត។
បើតាម លោក គង់ វុទ្ធី បានបញ្ជាក់ទៀតថា នៅក្នុងប្រិតប្តិការចុះឆែកឆេរនេះ គឺធ្វើឡើងតាមបទបញ្ជា ប្រធានប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ ដែលគិតអំពីសុវត្ថិភាពនិងសុខភាពដល់បងប្អូនប្រជាពលរដ្ឋ ហើយសកម្មភាពនេះគឺបានធ្វើឡើងដូច ភ្លៀងរលឹមយ៉ាងដូច្នេះដែរ។
ជាមួយគ្នានោះដែរ លោក គង់ វុទ្ធី ក៏បានណែនាំដល់ក្រុមអាជីវករទាំងអស់ ដាក់តាំងលក់ផលិត ផលអោយត្រូវតាមលក្ខណះបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ដែលផ្ទុកសារ ធាតុពុលនិង ម្ហូបអាហារហាមការដាក់តាំងផលិតផលភេសជ្ជះត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផល ហួសកាលបរិច្ឆេទជាដើមផងដែរ។
លោកក៏បានអំពាវនាវដល់អាជីវករ អ្នកចែកចាយលក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមី ទៅលើផលិតផលម្ហូបអាហារដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕