(ភ្នំពេញ)៖ សេចក្ដីព្រាងច្បាប់ចំនួន៤ ក្នុងនោះមានទាំងសេចក្តីច្បាប់ស្តីពីសញ្ជាតិផងនោះ ត្រូវបានព្រឹទ្ធសភា អនុម័តទាំងស្រុង នៅក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៤ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា។
បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ព្រឹទ្ធសភា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា សេចក្ដីព្រាងច្បាប់ទាំង៤ ដែលត្រូវបានព្រឹទ្ធសភា អនុម័តទាំងស្រុងនោះរួមមាន៖
១៖ សេចក្ដីព្រាងច្បាប់ ស្ដីពីការរៀបចំ និងការប្រព្រឹត្ដទៅ នៃគណៈរដ្ឋមន្ដ្រី មានចំនួន៩ជំពូក ចែកចេញជា៥៩មាត្រា
២៖ សេចក្ដីព្រាងច្បាប់ស្ដីពី សញ្ជាតិ មានចំនួន១០ជំពូក ចែកចេញជា៣៨មាត្រា
៣៖ សេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀង ស្ដីពីការបង្កើតអង្គការសហប្រតិបត្ដិការព្រៃឈើអាស៊ី ចែកចេញជា៣មាត្រា
៤៖ សេចក្ដីព្រាងច្បាប់ ស្ដីពី វិសោធនកម្មមាត្រា៣ មាត្រា២៣ មាត្រា៣០ មាត្រា៣៣ មាត្រា៣៤ មាត្រា៣៦ មាត្រា៣៧ មាត្រា៣៨ មាត្រា៣៩ និងមាត្រា៤០ នៃច្បាប់ស្ដីពី ការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ចែកចេញជា២មាត្រា។
សូមជម្រាបថា សមាជិកព្រឹទ្ធសភា ដែលបានចូលរួមប្រជុំក្នុងការពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ទាំង៤នេះ មានចំនួន៥៩រូប ហើយសំឡេង នៃការអនុម័តសេចក្តីព្រាងច្បាប់នីមួយៗ ត្រូវបានអនុម័តទាំងស្រុង ដោយមាន ៥៩សំឡេង៕