(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ បានដឹកនាំកម្លាំងនគរបាលសេដ្ឋកិច្ច សហការជាមួយមន្រ្តីបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន ប្រតិបត្តិការបង្ក្រាបទីតាំងសិប្បកម្មក្រូមេ១កន្លែង យីហោឈ្មោះ «ph» ផ្ទះលេខ51E0 ផ្លូវ១៣៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា ដែលបើកអាជីវកម្មគ្មានច្បាប់អនុញ្ញាត បង្កផលប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋអ្នកជិតខាង។
មន្ត្រីនគរបាលបានឱ្យដឹងថា ប្រតិបត្តិការនេះ ក៏ទទួលបានការសម្របសម្រួលនីតិវិធីពីលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។
មន្ត្រីដដែលបានបន្តថា ដោយសង្ស័យថាទីតាំងសិប្បកម្មខាងលើ ពុំមានច្បាប់អនុញ្ញាតពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងឃើញថាបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋដែលរស់នៅជិតខាងផងនោះ កម្លាំងសមត្ថកិច្ចចម្រុះខាងលើ ក៏សហការគ្នាបើកប្រតិបត្តិការបង្ក្រាបនៅថ្ងៃនេះតែម្ដង។ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានរកឃើញថា សិប្បកម្មខាងលើពិតជាគ្មានច្បាប់អនុញ្ញាតប្រាកដមែន។
តាមការត្រួតពិនិត្យ និងតាមការសម្រេចរបស់លោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន កម្លាំងសមត្ថកិច្ចចម្រុះក៏បានសម្រេចបិទសិប្បកម្មខាងលើ និងបានដកហូតវត្ថុតាងបម្រើឲ្យសិប្បកម្មទាំងអស់។ ចំណែកម្ចាស់ទីតាំងឈ្មោះ សំ ផល អាយុ៣៧ឆ្នាំ ត្រូវបាននាំមកសាកសួរបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី៕