(កំពង់ឆ្នាំង)៖ សម្ព័ន្ធយុវជនមុស្លិមកម្ពុជាសាខាខេត្តកំពង់ឆ្នាំង ដែលមានលោក សាន់ យូ ជាប្រធាន បានរៀបចំពិធីអាហារសាមគ្គី ស្រាយបួសរ៉ាម៉ាឌន ជាមួយសមាជិក សមាជិការបស់ខ្លួនទូទាំងខេត្តជាង៦០០នាក់ ក្នុងគោលបំណងពង្រឹងសាមគ្គីភាព ទំនាក់ទំនងទៅវិញទៅមករវាង សមាជិក និងថ្នាក់ដឹកនាំយុវជនខេត្ត ក៏ដូចជាយុវជនថ្នាក់កណ្តាល ដើម្បីពង្រឹងសកម្មភាពការងារឲ្យកាន់តែសកម្ម និងលើកទិសដៅអនុវត្តបន្តប្រកបដោយចីរភាព។
ពិធីជួបជុំនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នៅស្នាក់ការគណៈអ៊ីម៉ាំខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធយុវជនមុស្លិមកម្ពុជា និងលោក ណាសៀត អូស្មាន ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា គណៈអ៊ីម៉ាំខេត្ត ស្រុក ហាកិម លោកគ្រូ អ្នកគ្រូខ្មែរឥស្លាមទូទាំងខេត្តកំពង់ឆ្នាំង។
លោក អូស្មាន ហាស្សាន់ លើកឡើងថា យុវជនក្នុងសម័យតេជោ គឺមានភ័ព្វសំណាងធំធេងណាស់ ព្រោះសម័យនេះបានរួមរស់នៅក្រោមម្លប់សន្តិភាព សេរីភាព សុខដម្មនីយកម្ម សកលភាវូបនីយកម្ម រីកចម្រើនរុងរឿង មានឧបករណ៍ប្រើប្រាស់ទំនើប ជាពិសេសប្រព័ន្ធទំនាក់ទំនងសង្គម កាន់តែជឿនលឿន ផ្តល់ភាពងាយស្រួល ដល់ក្នុងការស្រាវជ្រាវចំណេះដឹងជាប្រយោជន៍ផ្សេងៗ និងការចែករំលែកព័ត៌មាននានា ក្នុងសង្គមក៏កាន់តែរហ័ស។
លោក អូស្មាន ហាស្សាន់ បន្តថា ហេតុនេះក្នុងនាមយុវជនសម័យតេជោ កូនក្មួយទាំងអស់ត្រូវតែជាយុវជនបែបទំនើប បណ្តុះគំនិតច្នៃប្រឌិត សមត្ថភាព ចំណេះដឹង និងជំនាញ វិវត្តតាមប្រព័ន្ធបច្ចេកវិទ្យាសព្វថ្ងៃដែលកំពុងតែមានការរីកចម្រើន។ លោក អូស្មាន ហាស្សាន់ បានកោតសរសើរ ដល់យុវជនទូទាំងខេត្ត ដែលបានស្រុះដៃគ្នាយ៉ាងល្អប្រសើរ និងសកម្មបំផុតក្នុងសកម្មភាពការងារសហគមន៍ និងសង្គមជាតិទាំងមូល៕