(កំពង់ចាម)៖ សាលាឆាន់វត្តក្រូចសើច ស្ថិតក្នុងភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានបុរសម្នាក់ដុតបំផ្លាញឆេះស្ទើរទាំងស្រុង ដែលមានទំហំ១០ម៉ែត្រ គុណ២១ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿង។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង០២៖១៥នាទីទាបភ្លឺ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ក្រោយទទួលព័ត៌មាននេះភ្លាម លោកបានបញ្ជាកម្លាំងនគរបាលជំនាញខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកកំពង់សៀម ចុះជួយអន្តរាគមន៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ២គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន៥រថយន្ត ទើបភ្លើងរលត់ដោយមិនឆេះរាលដាលបន្ត។
បើតាមលោកឧត្តមសេនីយ៍ស្នងការ មូលហេតុនៃការឆេះនេះ បណ្ដាលមកពីឈ្មោះ ពៅ សុភាព អាយុ៣២ឆ្នាំ ដែលសង្ស័យថា មានជម្ងឺសសៃប្រសាទ រស់នៅភូមិល្វាទេ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ជាអ្នកដុតបំផ្លាញ។
ក្នុងគ្រោះថ្នាក់ឆេះសាលាឆាន់នេះ បណ្ដាលឲ្យខូចខាតសម្ភារ រួមមាន ទូរធំដាក់សម្ភារធ្វើអំពីឈើចំនួន០១, ចានឆ្នាំងមួយចំនួនធំ, ទូកឈើ០១ និងគ្រែដេក០៥។ ដោយឡែក ជនបង្កត្រូវកម្លាំងនគរបាលចាប់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕