(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា សាធារណរដ្ឋឥណ្ឌា បានសន្យាសហការយ៉ាងជិតស្និត និងជួយកិច្ចការដែលបានធ្វើរួមគ្នាកន្លងមកនេះ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត លើការរក្សាសន្តិភាព និងកិច្ចការមនុស្សធម៌។
ប្រមុខការពារជាតិកម្ពុជាបានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ក្រោយពីបញ្ចប់កិច្ចពិភាក្សាការងារជាមួយ លោកស្រី ម៉ាទី ស៊ីថារ៉ាម៉ាន រដ្ឋមន្ដ្រីក្រសួងការពារជាតិឥណ្ឌា នៅទីស្តីការគណៈរដ្ឋមន្រ្តី។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា «សាធារណរដ្ឋឥណ្ឌា គាត់តែងតែគាំទ្រកម្ពុជាយើង ជាបន្តបន្ទាប់ សំខាន់បំផុត គឺដំណាក់កាលសម័យក្រោយមកនេះ គឺមានសារសំខាន់យ៉ាងខ្លាំងក្លា ពេលដែលរួមគ្នាទៅប្រតិបត្តិការរក្សាសន្តិភាព នៅឯបណ្តាប្រទេសមួយចំនួន។ ដោយឈរលើមូលដ្ឋាននេះឥណ្ឌា បានជួយបណ្តុះបណ្តាល និងបញ្ជូនគ្រូបង្វឹកជាច្រើននាក់ មកហ្វឹកហ្វឺននៅក្នុងប្រទេសកម្ពុជាយើងនេះមួយផ្នែក ហើយមួយផ្នែកទៀត គឺបានទទួលកម្មសិក្សាការីរបស់យើង ទៅសិក្សានៅឥណ្ឌា ជាបន្តបន្ទាប់ផងដែរ ដើម្បីឱ្យមានសមត្ថភាពកាន់តែខ្ពង់ខ្ពស់ ក្នុងវិស័យប្រតិបតិ្តការរក្សាសន្តិភាព»។
ប្រមុខការពារជាតិកម្ពុជាបានបន្តថា នៅដំណាក់កាលចុងក្រោយនេះ កម្ពុជាបានសំណូមពរឱ្យសាធារណរដ្ឋឥណ្ឌា បន្តជួយកាន់តែសកម្មបន្ថែមទៀត ជាពិសេសគឺបំពាក់បន្ថែមទៀតឧបករណ៍ដែលទំនើបៗ ក្នុងការដោះស្រាយមីន ដើម្បីបំពេញតម្រូវការ នៃកងកម្លាំងរបស់កម្ពុជា ដែលបានទៅបំពេញបេសកកម្មរក្សាសន្តិភាព នៅក្នុងបណ្តាលប្រទេសមួយចំនួន ដោយឥណ្ឌាបានទទួលនូវការយល់ដឹងពីកិច្ចការងារនេះ ហើយ ឥណ្ឌានឹងជួយកម្ពុជាយើង ឱ្យកាន់តែមានកម្លាំង កាន់តែមានសុវត្ថិភាពខ្លាំងក្លាបន្ថែមទៀត ខាងវិស័យប្រតិបត្តិការថែរក្សាសន្តិភាព នៅក្រៅតំបន់។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមថា ជាបន្តបន្ទាប់កងកម្លាំងរបស់ឥណ្ឌា និងកម្ពុជា បានរក្សានូវទំនាក់ទំនងគ្នាយ៉ាងល្អ ដើម្បីដកស្រង់បទពិសោធន៍ការងាររវាងគ្នានិងគ្នាផងដែរ។
សម្តេចពិជ័យសេនាបានបន្ថែមទៀតថា «ឥណ្ឌាជាប្រទេសមួយដែលបានដឹងរឿងរ៉ាវ និងសុខទុក្ខរបស់កម្ពុជា ដោយមានជួយជ្រោមជ្រែងកម្ពុជា ជាបន្តបន្ទាប់ផងដែរ។ ក្នុងដំណើរបំពេញទស្សនកិច្ចរបស់លោកស្រី រដ្ឋមន្ត្រីការពារជាតិឥណ្ឌា បានសន្យាសហការយ៉ាងជិតស្និត នឹងជួយកិច្ចការដែលបានធ្វើរួមគ្នាកន្លងមកនេះ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតដែរ»។
ប្រមុខការពារជាតិកម្ពុជាបានបញ្ជាក់ថា សាធារណរដ្ឋឥណ្ឌា បានជួយឧបត្ថម្ភគ្រឿងឧបករណ៍សម្រាប់ហ្វឹកហ្វឺន ជាពិសេសបានចាត់បញ្ជូនយោធាចារ្យយ៉ាងច្រើន មកបណ្តុះបណ្តាលនៅកម្ពុជា ដោយសម្រេចបានជោគជ័យ យ៉ាងច្រើនផងដែរ ហើយថ្មីនេះ ឥណ្ឌាបានជួយផ្តល់សុនខ (ឆ្កែ) ចំនួន១៥ក្បាល ជាលើកដំបូងមកកម្ពុជា សម្រាប់ហិតមីន ដោយធ្វើការងារនេះ បានយ៉ាងល្អប្រសើរផងដែរ និងជាលើកដំបូងដែលកម្ពុជា បានស្នើសុំឱ្យមានការបំពាក់ឋានន្តរស័កិ្ត ដល់សុនខហិតមីនផងដែរ៕