(សៀមរាប)៖ ដើម្បីចូលរួមអបសាទរព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា, នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរធំ។
ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា និងលោកស្រី ព្រមទាំងលោក លោកស្រី អនុប្រធានកិត្តិយស អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខាផងដែរ ប្រជាពលរដ្ឋ អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្ស សរុប៦២១នាក់។
លោក ឃឹម ប៊ុនសុង បានលើកឡើងថា អគារទីសា្នក់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរធំ ដ៏ថ្មីស្រឡាងនេះ គឺជាសមិទ្ធិផលទី៦ ហើយក្នុងអាណត្តិទី៤ នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលត្រូវបានដំណើរការសាងសង់ តាំងពីខែសីហា ឆ្នាំ២០១៨ និងរួចរាល់ជាស្ថាពរ នៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១៧។
អគារនេះមានក្រឡាផ្ទៃសរុប១៣៦ម៉ែត្រការ៉េ និងត្រូវបានសាងសង់លើផ្ទៃដីទំហំ២,០០០ម៉ែត្រការ៉េ ដើម្បីប្រតិបត្តិការមនុស្សធម៌ជួយសង្គ្រោះ និងជួយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ស្របបាវចនា «ធ្វើឲ្យកាន់តែច្រើនជាងមុន ធ្វើឲ្យកាន់តែល្អជាងមុន ធ្វើឲ្យកាន់តែស៊ីជម្រៅជាងមុន និងទៅឲ្យបានកាន់តែឆ្ងាយជាងមុន»។
ម្យ៉ាងវិញទៀត ដើម្បីចូលរួមអនុវត្តន៍យុទ្ធសាស្រ្តឆ្នាំ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា ដែលក្នុងនោះ បានកំណត់ទស្សនៈវិស័យ៖ រួមចំណែកពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងការពារតម្លៃមនុស្សធម៌របស់ជនរងគ្រោះ។ សាខាបានយកចិត្តទុកដាក់ បំពេញបេសកម្មមនុស្សធម៌ ស្របតាមវិស័យស្នូលទាំង៤៖ ការគ្រប់គ្រងគ្រោះមហន្តរាយ សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍, លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា, ការអភិវឌ្ឍន៍ស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្ស។
ជាមួយគ្នានេះ សប្បុរសជនដែលអញ្ជើញមកក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរធំនេះ បានចូលរួមថវិកា បានចំនួន៥,២១៧ដុល្លារ ប្រគល់ជូនអនុសាខាស្រុកអង្គរធំ ដើម្បីចាត់ចែង និងទ្រទ្រង់សកម្មភាពមនុស្សធម៌ក្នុងភូមិសាស្ត្ររបស់ខ្លួន។
ក្នុងពិធីនេះដែរ លោក ឃឹម ប៊ុនសុង បានឧបត្ថម្ភជូន ដូនជី តាជី សំពត់ស១ដុំ ថវិកា២ម៉ឺនរៀល, ប្រជាពលរដ្ឋ អ្នកស្ម័គ្រចិត្ត សារុង១ ថវិកា១ម៉ឺរៀល, យុវជនកាកបាទក្រហម និងសិស្សនុសិស្ស សៀវភៅ២ក្បាល ប៊ិក២ដើម និងថវិកា១ម៉ឺនរៀល៕