(ភ្នំពេញ)៖ រយៈពេលប៉ុន្មានថ្ងៃនេះមានបណ្តាញផ្សព្វផ្សាយ និងក្រុមប្រឆាំងមួយចំនួន បានវាយប្រហារជាបន្តបន្ទាប់ទៅលើការរៀបចំ សេចក្តីព្រាងច្បាប់ស្តីពីសញ្ជាតិ របស់កម្ពុជា ដែលត្រូវបានពិនិត្យ និងឱ្យយោបល់រួចរាល់ ដោយព្រឹទ្ធសភា នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ។ បណ្តាញផ្សព្វផ្សាយ និងក្រុមប្រឆាំងទាំងនោះ បានរិះគន់ថា ច្បាប់ស្តីពីសញ្ជាតិថ្មីនេះ អាចក្លាយជាគ្រោះមហន្តរាយមួយទៀតសម្រាប់អនាគតកម្ពុជា។

ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារនេះ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ បណ្តាញព័ត៌មាន Fresh News បានធ្វើកិច្ចសម្ភាសន៍ពិសេសជាមួយ លោក ប៊ុន ហ៊ុន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអតីតប្រធានគណៈមេធាវីកម្ពុជា ដើម្បីបកស្រាយចំពោះការរៀបចំច្បាប់សញ្ជាតិ។

Fresh News: សូមជម្រាបសួរឯកឧត្តម ប៉ុន្មានថ្ងៃនេះមានការរិះគន់នានា តាមវិទ្យុអាស៊ីសេរី និងតាមបណ្តាញសង្គម ដែលបានលើកឡើងថា ច្បាប់ស្តីពីសញ្ជាតិថ្មីនេះ អាចក្លាយជាគ្រោះមហន្តរាយមួយទៀតសម្រាប់អនាគតកម្ពុជា។ ខ្ញុំសូមឯកឧត្តមជួយបញ្ជាក់បន្តិចពីមូលហេតុ ដែលនាំឲ្យមានការរៀបចំធ្វើច្បាប់ស្តីពី សញ្ជាតិជាថ្មី។

Fresh News: តើច្បាប់ស្តីពីសញ្ជាតិឆ្នាំ ១៩៩៦ វាមានបញ្ហាអ្វីខ្លះ ទើបបានជារាជរដ្ឋាភិបាលរៀបចំជាសេចក្តីព្រាង ច្បាប់សញ្ជាតិជាថ្មីបែបនេះ?

លោក ប៊ុន ហុន៖ បាទសូមអរគុណចំពោះការមកសម្ភាសន៍ខ្ញុំនាពេលនេះ។ ខ្ញុំសូមជម្រាបជូនថា ច្បាប់ស្តីពីសញ្ជាតិ ដែលយើងកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះត្រូវបានអនុម័ត និងប្រកាសឲ្យប្រើតាមព្រះរាជក្រមលេខ នស/រកម/១០៩៦ ចុះថ្ងៃទី ០៩ ខែតុលា ឆ្នាំ ១៩៩៦ ដែលគិតរហូតមកទល់ពេលនេះមានរយៈពេលជិត ២២ឆ្នាំហើយ។ ច្បាប់នេះត្រូវបានធ្វើឡើងនៅក្នុងនីតិកាលទី ១ នៃរដ្ឋសភា ជាពេលវេលាដែលប្រទេសកម្ពុជា ស្ថិតនៅក្នុងស្ថានភាពលំបាកទាំងផ្នែកសេដ្ឋកិច្ច សង្គម និងសន្តិសុខ។

ការវិនិយោគពីបរទេសនៅមានកម្រិតតិចតួចនៅឡើយ។ ដូចនេះការរៀបចំបទប្បញ្ញត្តិច្បាប់ស្តីពីសញ្ជាតិនៅពេលនោះ ឈរលើ មូលដ្ឋានរដ្ឋធម្មនុញ្ញ និងផ្អែកតាមស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងសន្តិសុខ នាពេលនោះដែរ។ ការអនុវត្តច្បាប់ស្តីពីសញ្ជាតិអស់រយៈពេលជិត២២ឆ្នាំមកនេះ នៅមិនទាន់ដែលបានធ្វើវិសោធនកម្ម ម្តងណាឡើយ ទោះបីព្រះរាជាណាចក្រកម្ពុជាមានការវិវត្តរីកចំរើនគ្រប់វិស័យក៏ដោយ។ លើសពីនេះនៅក្នុងរយៈពេលនេះ ព្រះរាជាណាចក្រកម្ពុជាបានធ្វើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាច្រើនផងដែរ។ ដើម្បីឲ្យច្បាប់ស្តីពីសញ្ជាតិមានសង្គតិភាពជាមួយនឹងច្បាប់ជាធរមាននានា និងដើម្បីឲ្យស្របតាម ស្ថានភាពនៃការវិវឌ្ឈរបស់ ព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារមួយឲ្យធ្វើការ សិក្សាស្រាវជ្រាវលើមូលដ្ឋានច្បាប់ជាតិ ច្បាប់អន្តរជាតិដើម្បីធ្វើវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិឆ្នាំ១៩៩៦។ ជាលទ្ធផល ក្រុមការងាររបស់រាជរដ្ឋាភិបាលបានរកឃើញថា មានបទប្បញ្ញត្តិ លើសពីពាក់កណ្តាលនៃច្បាប់ស្តីពីសញ្ជាតិឆ្នាំ១៩៩៦ ត្រូវធ្វើវិសោធនកម្ម ដើម្បីឲ្យស្របតាមសភាពការណ៍វិវឌ្ឈនៃសេដ្ឋកិច្ច សង្គម និងសន្តិសុខជាតិ។ ហេតុដូចនេះ ហើយទើបរាជរដ្ឋាភិបាល ក៏សម្រេចឲ្យធ្វើជាសេចក្តីព្រាង ច្បាប់ស្តីពីសញ្ជាតិជាថ្មីឡើងវិញ សម្រាប់ធានាការពារផលប្រយោជន៍ជាតិ សន្តិសុខជាតិ និងសិទ្ធិរបស់ ពលរដ្ឋ ដែលកំណត់ក្នុងរដ្ឋធម្មនុញ្ញ។

Fresh News: តើសេចក្តីព្រាងច្បាប់ ស្តីពីសញ្ជាតិថ្មីនេះមានលក្ខណៈងាយស្រួលសម្រាប់ឲ្យជនបរទេស សុំចូលសញ្ជាតិ ខ្មែរជាងច្បាប់ស្តីពីសញ្ជាតិឆ្នាំ១៩៩៦ ឬ ?

លោក ប៊ុន ហុន៖ សេចក្តីព្រាងច្បាប់ស្តីពីសញ្ជាតិ ត្រូវបានរៀបចំឡើងដោយក្រុមអ្នកជំនាញច្បាប់មកពីស្ថាប័ននានា នៃរាជរដ្ឋាភិបាល ហើយបានធ្វើការប្រជុំពិភាក្សាគ្នាជាច្រើន លើកច្រើនសារអស់រយៈពេលជាច្រើនខែមកហើយ។ សេចក្តីព្រាងច្បាប់នេះរៀបចំឡើងដោយផ្អែកតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ ជាតិជាធរមាននានា ដូចជាក្រមរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ និងច្បាប់អន្តោប្រវេសន៍ជាដើម និងអនុញ្ញា អន្តរជាតិ។ លើសពីនេះ ច្បាប់នេះត្រូវបានរៀបចំឲ្យស្របតាមស្ថានភាពវិវឌ្ឈនៃផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម និងសន្តិសុខជាតិ។ ច្បាប់ស្តីពីសញ្ជាតិថ្មីនេះ មិនមានបទប្បញ្ញត្តិណាធូរស្រាល ឬបន្ធូរបន្ថយ លក្ខខណ្ឌជាងច្បាប់ស្តីពីសញ្ជាតិឆ្នាំ១៩៩៦ ទេ ពោលគឺ កំណត់នូវលក្ខខណ្ឌតឹងរឹង និងច្រើនជាងមុន ដើម្បីធានាបាននូវផលប្រយោជន៍សេដ្ឋកិច្ចជាតិ និងសន្តិសុខជាតិ។

ឧ. នៅក្នុងមាត្រា១០ នៃច្បាប់ស្តីពីសញ្ជាតិឆ្នាំ ១៩៩៦ បានចែងថា «ចំពោះជនបរទេសណា ដែលបានទទួលអនុញ្ញាតិឲ្យវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា ហើយដែលបានអនុវត្តគម្រោងជាក់ស្តែង ចំណាយទុកចំនួនចាប់ពីមួយពាន់ពីររយហាសិបលានរៀលឡើងទៅ រយៈពេលស្នាក់នៅចែងក្នុងចំណុចទី៣ មាត្រា៨ នៃច្បាប់នេះត្រូវបានលើកលែង»។ ចំនុចនេះមិនមានលក្ខខណ្ឌអ្វីតឹងរឹងបន្ថែមទេ គឺអ្នកវិនិយោគ បរទេសខ្លះអាចមកសុំចូលសញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មតាមមាត្រានេះ បានងាយស្រួល។ ផ្ទុយទៅ វិញនៅក្នុងមាត្រា២១ នៃសេចក្តីព្រាងច្បាប់ស្តីពីសញ្ជាតិថ្មីនេះ កំណត់លក្ខខណ្ឌបន្ថែមដូចជា៖

* មានទីលំនៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមានបណ្ណស្នាក់នៅដែលចេញឲ្យក្នុងក្របខណ្ឌនៃ ច្បាប់ស្តីពីអន្តោប្រវេសន៍ ។

* ចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរ និងយល់ដឹងពីប្រវត្តិសាស្រ្តខ្មែរខ្លះ” ហើយបង្ហាញភស្តុតាងថា ខ្លួនអាចរស់នៅក្នុងសង្គមខ្មែរបានដោយសុខដុម ព្រមទាំងទទួលទំនៀមទម្លាប់និងប្រពៃណីល្អរបស់ខ្មែរ។

* មានបញ្ញា និងកាយសម្បទា ដែលមិននាំឲ្យមានគ្រោះថ្នាក់ ឬនាំឲ្យមានបន្ទុកដល់ជាតិ។

* បានស្នាក់នៅស្របច្បាប់យ៉ាងហោចរយៈពេល ១២ខែពេញលេញនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ចំពោះការលើកឡើងថា ច្បាប់ស្តីពីសញ្ជាតិថ្មីនេះកំណត់លក្ខខណ្ឌធូររលុងជាមុន គឺជាការលើក ឡើងដោយមិនបានមើលខ្លឹមសារច្បាប់ថ្មីនេះឲ្យបានច្បាស់លាស់ ឬយកមាត្រាច្បាប់ទាំងពីរមកពិនិត្យ មើលផ្ទៀងផ្ទាត់គ្នាឲ្យបានយល់ច្បាស់លាស់ ។

Fresh News: មានការលើកឡើងថា ច្បាប់ស្តីពីសញ្ជាតិថ្មីនេះ ផ្តល់សិទ្ធិឲ្យរាជរដ្ឋាភិបាលក្នុងការកំណត់លក្ខខណ្ឌ ពីការសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម។ តើឯកឧត្តមអាចបំភ្លឺករណីនេះបានទេ?

លោក ប៊ុន ហុន៖ ច្បាប់ស្តីពីសញ្ជាតិនេះ មានពីរមាត្រា គឺមាត្រា ២១ និងមាត្រា ២២ ដែលកំណត់ឲ្យអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកំណត់ពីទំហំទឹកប្រាក់វិនិយោគ វិស័យអាទិភាព ប្រភេទគម្រោងវិនិយោគ និង ចំនួនទឹកប្រាក់អំណោយដល់ថវិកាជាតិ ដើម្បីងាយស្រួលក្នុងការកែប្រែអំពីទំហំទឹកប្រាក់ដែលត្រូវកំណត់ សម្រាប់ការវិនិយោគ និងទឹកប្រាក់សម្រាប់អំណោយឲ្យបានស្របតាមសភាពការណ៍វិវឌ្ឈនៃសេដ្ឋកិច្ច ជាតិ។ ដូចជាករណីច្បាប់ស្តីពីសញ្ជាតិឆ្នាំ ១៩៩៦ បានកំណត់ថា វិនិយោគិនបរទេស ដែលបានមក វិនិយោគនូវទំហំទឹកប្រាក់វ ១២៥០លានរៀល ដែលស្មើនឹង ៣១២ ៥០០(បីរយដប់ពីរពាន់ប្រាំរយ) ដុល្លារអាមេរិកគត់ វិនិយោគិនបរទេសនោះអាច សុំចូលសញ្ជាតិខ្មែរតាមរយៈ សញ្ជាតូបនីយកម្មបាន។ សម្រាប់ពេលបច្ចុប្បន្ននេះ ទំហំទឹកប្រាក់ខាងលើលែងមានភាពសមស្របទៀតហើយ ។ តាមសេចក្តីព្រាង អនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលកំណត់ពីទំហំទឹកប្រាក់វិនិយោគ និងទឹកប្រាក់អំណោយ គឺមានចំនួនច្រើនលើសពីទំហំទឹកប្រាក់ដែលបានកំណត់នៅក្នុងច្បាប់ឆ្នាំ ១៩៩៦ ជាច្រើនដង។ ក្នុងករណី ១០ឆ្នាំ ឬ២០ឆ្នាំខាងមុខ មានការរីកចំរើនផ្នែកសេដ្ឋកិច្ចបន្ថែមទៀត ទំហំទឹកប្រាក់ ដែលកំណត់ ដោយអនុក្រឹត្យ នឹងត្រូវធ្វើការកែប្រែចំនួនបន្ថែមទៀតឲ្យស្របតាមសភាពការណ៍ នៃការវិវឌ្ឈឮផ្នែកសេដ្ឋកិច្ចជាតិជាក់ស្តែងដោយ មិនចាំបាច់ធ្វើវិសោធនកម្មច្បាប់ទេ។

Fresh News: ហេតុអ្វីបានជាច្បាប់ស្តីពីសញ្ជាតិថ្មីនេះ ប្រញាប់ឆ្លងការអនុម័តដោយអង្គការនីតិបញ្ញត្តិនៅចុងនីតិកាលទី៥ នៃរដ្ឋសភា ម្តេចមិនរង់ចាំដល់នីតិកាលទី៦ នៃរដ្ឋសភា?

លោក ប៊ុន ហុន៖ សេចក្តីព្រាងច្បាប់នេះ ត្រូវបានក្រុមការងារជំនាញច្បាប់របស់រាជរដ្ឋាភិបាលធ្វើការសិក្សាស្រាវជ្រាវ និងធ្វើការប្រជុំពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ជាច្រើនលើកច្រើនសារ អស់រយៈពេលជាច្រើនខែ ទើបនឹងចប់ និងទទួលបានការយល់ព្រមពីអង្គប្រជុំពេញអង្គនៃគណៈរដ្ឋមន្រ្តីនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០១៨ ហើយដាក់ឆ្លងទៅធ្វើការពិនិត្យ អនុម័តដោយអង្គការនីតិបញ្ញត្តិតាមនីតិវិធីរបស់រដ្ឋសភា និងព្រឹទ្ធសភា ដោយគ្មានខុសនីតិវិធីទេ។ ការដាក់អនុម័តនៅចុងនីតិកាលទី៥ នៃរដ្ឋសភា ជាការគាប់ជួនពេលវេលា ហើយមិនមែនជាការធ្វើប្រញាប់ប្រញាល់ណាមួយដើម្បីអ្វីមួយទេ។

នៅក្នុងកំឡុងពេលនេះ មានច្បាប់ជាច្រើន ក៏ត្រូវបានដាក់ឆ្លងរដ្ឋសភាដូចគ្នាដែរ ពោលគឺមិនមែនមានតែច្បាប់ស្តីពីសញ្ជាតិតែមួយនេះទេ។ រាជរដ្ឋាភិបាលកម្ពុជា ធ្វើការរៀបចំសេចក្តីព្រាងច្បាប់នីមួយៗ ក៏ដូចជាអង្គការនីតិបញ្ញត្តិយើង នៅពេលពេលពិនិត្យអនុម័ត សេចក្តីព្រាងច្បាប់នីមួយៗ គឺពិនិត្យយ៉ាងយកចិត្តទុកដាក់ល្អិតល្អន់បំផុត ដើម្បីធានាការពារសិទ្ធិសេរីភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ការពារផលប្រយោជន៍និង សន្តិសុខជាតិ ព្រមទាំងការពារបូរណភាពដឹកដីជាតិ។

Fresh News: តើច្បាប់ស្តីពីសញ្ជាតិថ្មីនេះមានចែងពីការដកហូតសញ្ជាតិ ចំពោះពលរដ្ឋខ្មែរដែលប្រព្រឹត្តអំពើឧក្រិដ្ឋ នានាឬទេ?

លោក ប៊ុន ហុន៖ ក្នុងស្មារតីគោរពសិទ្ធិរបស់ប្រជាពលរដ្ឋដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ សេចក្តីព្រាងច្បាប់នេះពុំមានចែងអំពីការដកសញ្ជាតិរបស់ពលរដ្ឋខ្មែរទាំងឡាយណាដែល ប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ ដូចជាអំពើក្បត់ជាតិ ឬអំពើទាំងឡាយណា ដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសកម្ពុជា ដូចជាការអនុវត្តនៅក្នុងប្រទេសមួយចំនួនឡើយ។

ជាសរុបមក បើយើងពិនិត្យមើលខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីពីសញ្ជាតិនេះ ប្រៀបធៀបនឹង ច្បាប់ពាក់ព័ន្ធនឹងសញ្ជាតិនៅបណ្តាប្រទេសនានា យើងឃើញថា សេចក្តីព្រាងច្បាប់ស្តីពីសញ្ជាតិនេះ មានភាពតឹងរឹង និងលក្ខខណ្ឌច្រើនជាងបណ្តាប្រទេសមួយចំនួន៕