(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្ត​ អមដំណើរដោយក្រុមការងារទាំងថ្នាក់ជាតិ​ ថ្នាក់ក្រោមជាតិ​ និងមូលដ្ឋាន នៅថ្ងៃទី១១ ខែមិថុនា​ ឆ្នាំ២០១៨​ ​បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ និងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា១ខ្នង​ មាន៥បន្ទប់​ នៅសាលាបឋមសិក្សាកងវ៉ា​ ​ស្ថិតនៅក្នុងភូមិកងវ៉ា​ សង្កាត់កំពង់ស្វាយ​ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ ដែលមានអ្នកចូលរួមចំនួនជាង៤០០០នាក់​។

ក្នុងឱកាសនោះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានមានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិមាន​ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី សម្ដេចពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា​, សម្តេចក្រឡាហោម​ ស​ ខេង​, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

ក្នុងឱកាសនោះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងថា​ ពីមួយអាណត្តិទៅមួយអាណត្តិ​ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ​ ហ៊ុន​ សែន​ បានដឹកនាំប្រទេសជាតិកាន់តែមានការអភិវឌ្ឍ​មិនឈប់ឈរ​ កង្វះខាតរបស់ប្រជាពលរដ្ឋត្រូវបានបំពេញបន្ថែម​ធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋរស់នៅក្នុងវិបុលភាព​ វិបុលសុខ​ ក្នុងនោះការបណ្តុះបណ្តាលបណ្តាលកូនចៅជំនាន់ក្រោយដើម្បីបន្តវេន​ជាការងារអាទិភាពសម្តេចតេជោ ហ៊ុន​ សែន​ បានខិតខំកសាងនូវសាលារៀនគ្រប់កម្រិត​ដោយបង្ខិតមកជិតផ្ទះប្រជាលរដ្ឋ​និងពង្រឹងគុណភាពអប់រំ ដូចនេះសូមបងប្អូនចាប់យកឱកាសមាសនេះ បញ្ជូនកូនចៅទៅសិក្សារៀនសូត្រដើម្បីអភិវឌ្ឍន៍គ្រួសារ​ និងសង្គមជាតិឲ្យបានរុងរឿងបន្តទៀត។

ក្នុងឱកាសនោះដែរ​ ជាថ្មីម្តងទៀត​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋមហាគ្រួសារអ្នកបន្ទាយមានជ័យ ទាំងអស់ដែលបានរួមគ្នាថែរក្សា សន្តិភាព និងសូមបន្តថែរក្សានូវសន្តិភាពនេះឲ្យបានគង់វង្សព្រោះថា គ្មានអ្វីរីកចម្រើនក្នុងភ្លើងសង្រ្គាមឡើយ​ និងសូមត្រៀមឯកសារទៅបោះឆ្នោតជូនគណបក្សប្រជាជន​ មានលេខលំដាប់រៀងទី២០​ ក្នុងសន្លឹកឆ្នោតឲ្យបានគ្រប់គ្នានៅថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០១៨​ ​ដើម្បីសម្តេចតេជោ ហ៊ុន​ សែន​ បន្តដឹកនាំអភិវឌ្ឍន៍នាវាកម្ពុជាឲ្យកាន់តែរីកចម្រើនឆាប់រហ័សបន្ថែមទៀត​។

ជាវប្បធម៌ចែករំលែក​ និងគិតគូរពីសុខទុក្ខ​ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកថវិកា​​ និងអំណោយចែកជូនមាន​៖
ទី១៖ ជូនប្រជាពលរដ្ឋចំនួន៤០០០នាក់​ ម្នាក់ៗ​ ទទួលបានសារ៉ុង១
ទី២៖ ជូនមនុស្សចាស់ពីអាយុ៧០ឆ្នាំឡើង នៅសង្កាត់កំពង់ស្វាយចំនួន៤០០នាក់ ក្នុងម្នាក់ៗទទួលបាន៖ ថវិកា២ម៉ឺនរៀល​, ក្រម៉ា១​, សារ៉ុង១​, បំពង់ទឹកក្ដៅ​, មី​, ពិល​, ​ទឹកដោះគោ​, ប្រេងកូឡា​ ​, ប្រេងខ្យល់​, អំបិលអ៊ីយ៉ូត​, តែ, កៅអៀក។ល។
ទី៣៖ ​ជូនសាលាសង្កាត់កំពង់ស្វាយ ថវិកា១លានរៀល
ទី៤៖ ជូនសិស្សានុសិស្ស​ចំនួន១៤៤នាក់​ ម្នាក់ៗទទួលបាន​ សៀវភៅ២ក្បាល​ ប៊ិច​១ដើម​ និងថវិកា​៣០០០រៀល
ទី៥៖ ជូនលោកគ្រូ​ អ្នកគ្រូ​ ម្នាក់ៗទទួលបាន​សារ៉ុង១​ ថវិកា​២ម៉ឺនរៀល
ទី៦៖ ជូនសាលាបឋមសិក្សាកងវ៉ា​ ថវិកា​១លានរៀល
ទី៧៖ មណ្ឌលសុខភាពកំពង់ស្វាយ​ ថវិកា​១លានរៀល
ទី៨៖ ជូនផ្លូវបេតុងប្រវ៉ែង២០០ម៉ែត្រ​ ចូលសាលាបឋមសិក្សាពង្រ
ទី៩៖ ជូនថវិកាចំនួន២៤០០ដុល្លារ ​ចូលរួមកសាងស្ពានបីប្រលោះ​ ឆ្លងកាត់ស្ទឹងសិរីសោភ័ណ​ ក្នុងសង្កាត់ភ្នៀត​ ក្រុងសិរីសោភ័ណ
ទី១០៖ ជូនអណ្តូងទឹក១​ សម្រាប់ប្រើប្រាស់ក្នុងសាលាបឋមសិក្សាកងវ៉ា​
ទី១១៖ ជូនឧបករណ៍បំពង់សម្លេង​១ឈុត​ ទៅភូមិតារាងបាល់សង្កាត់កំពង់ស្វាយ​ ក្រុងសិរីសោភ័ណ៕