(ភ្នំពេញ)៖ ថវិកាសរុប១,១៦៦,២៥៦,៨០០រៀល ស្នើនឹង២៩១,៥៦៤.២ដុល្លារ ត្រូវបានប្រគល់ជូនអង្គភាពដែលមានស្នាដៃចំនួន៤ ជាការលើកទឹកចិត្ត ក្នុងការបំពេញការងារក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី២ ខណៈដែលយុទ្ធនាការលើកទី១ ត្រូវបានប្រគល់ជូនយូរហើយ ដែលមានជាង៥៦ម៉ឺនដុល្លារ។
ពិធីប្រគល់ថវិកាលើកទឹកចិត្តនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកការងារគ្រឿងញៀន។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានឲ្យដឹងថា អង្គភាពទាំង៤ដែលត្រូវបានប្រគល់ថវិកាជូននោះ រួមមាន៖ ទី១៖មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបាន២៦ករណី រង្វាន់ស្មើនឹង១៧៩,៩៣៧.១ដុល្លារ, ទី២៖ក្រុមស៊ើបអង្កេតបទល្មើសឆ្លងកាត់ព្រំដែន បង្រ្កាបបាន២ករណី រង្វាន់ស្មើនឹង១៤,៣១៥.៧ដុល្លារ, ទី៣៖ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បង្ក្រាបបាន១១ករណី រង្វាន់ស្នើនឹង៤៦,៨៧២.៩ដុល្លារ, ទី៤៖កងរាជអាវុធហត្ថ បង្ក្រាបបាន១៥ករណី ស្នើនឹង៤០,៤៣៨.៥ដុល្លារ។
ទាំងនាយឧត្តមសេនីយ៍ មាស វិរិទ្ធ និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ សុទ្ធតែបានគូសបញ្ជាក់ថា ថវិកាលើកទឹកចិត្តនេះ គឺជាគោលការណ៍សម្រេចរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ហើយក៏ជាការយកចិត្តទុកដាក់របស់ ប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿង សម្ដេចក្រឡាហោម ស ខេង និងនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ជាអនុប្រធាន។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់ថា អង្គភាពដែលបានទទួលថវិកានេះ ត្រូវប្រើប្រាស់ដើម្បីដឹកនាំ រៀបចំផែនការបង្ក្រាប ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនបន្ដទៀត មិនមែនផ្ដល់ជូនដើម្បីយកទៅចាយស្រេចតែចិត្តនោះទេ ពោលត្រូវយកទៅបម្រើឲ្យកិច្ចការជំនាញតទៅទៀត។
បើតាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ សម្រាប់ប្រតិបត្តិការយុទ្ធនាការប្រយុទ្ធប្រឆាំងនេះ រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចបានលក់ អចលនទ្រព្យដែលរឹបអូស បានក្នុងប្រតិបត្តិការចំនួន២កន្លែង រួចមកហើយ ដែលទឹកប្រាក់ប្រមាណ១លានដុល្លារអាមេរិក។ ថវិកាដែលបានពីការលក់នោះ មួយភាគបានយកទៅប្រើប្រាស់ដើម្បីសាងសង់មជ្ឈមណ្ឌលជាតិសម្រាប់ព្យាបាល ស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅក្នុងខេត្តព្រះសីហនុ និងមួយចំនួនទៀត បានឧបត្ថម្ភ និងផ្ដល់ជារង្វាន់ដល់មន្ដ្រីអ្នកអនុវត្តច្បាប់។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ក៏បានធ្វើការវាយតម្លៃ និងកោតសរសើរចំពោះកងកម្លាំងអ្នកអនុវត្តច្បាប់ទាំងអស់ ដែលខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ចូលរួមបង្ក្រាបគ្រឿងញៀន ដែលទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ហើយសូមឲ្យកងកម្លាំងទាំងអស់ បន្ដនូវកិច្ចខិតខំប្រែងនេះបន្ថែមទៀត ដើម្បីស្របតាមគោលនយោបាយរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន៕