(កំពត)៖ នាវេលាទៀបភ្លឺថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ភ្លៀងធ្លាក់ជោគជាំ លាយខ្យល់កន្រ្តាក់បក់បោកខ្លាំង នៅភូមិសាស្ត្រខេត្តកំពត ខណៈនោះផ្ទាំងប៉ាណូប្រាប់ទិសតំបន់ ដែលបញ្ឈរកាត់ទទឹងលើផ្លូវជាតិលេខ៣ ជិតច្រកចូលឧទ្យានជាតិព្រះមុនីវង្សបូកគោ ត្រង់គីឡូម៉ែត្រលេខ១៥៥ បានបាក់រលំទទឹងលើផ្លូវ បង្កឱ្យមានការកកស្ទះចរាចរណ៍ទាំងព្រឹក ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
បើតាមបណ្ដាញសង្គមរបស់រដ្ឋបាលខេត្តកំពត បានឱ្យដឹងថា ដោយទទួលបានដំណឹងនេះហើយ អភិបាលខេត្តកំពត លោក ជាវ តាយ បានដឹកនាំក្រុមមន្ត្រីចេញអន្តរាគមន៍ភ្លាមៗទាំងភ្ញៀង។ លុះដល់រយៈពេល៣ម៉ោងក្រោយមក ចរាចរណ៍នៅលើផ្លូវជាតិលេខ៣ ត្រង់ចំណុចខាងលើនេះ បានដំណើរការប្រក្រតីឡើងវិញ។
ទោះយ៉ាងណា ហេតុការណ៍នេះ មិនបណ្ដាលឱ្យប្រជាពលរដ្ឋណាម្នាក់រងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិត និងគ្មានការខូចខាតដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋណាម្នាក់ឡើយ៕