(កណ្តាល)៖ នៅក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាថ្មីចំនួន ១,៧៦៧ នាក់នៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨, លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម បានអំពាវនាវឱ្យ សមាជិក-សមាជិកាបក្សថ្មីចំនួន ១,៧៦៧ នាក់ឱ្យទៅចូលរួមបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដា ខាងមុខនេះ ដើម្បីបន្តចូលរួមថែរក្សាសុខសន្តិភាព, ស្ថេរភាព និងការអភិវឌ្ឍ ។

លោកអគ្គបណ្ឌិតសភាចារ្យ បានថ្លែងថា ប្រទេសកម្ពុជាបាន និងកំពុងមានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃលើគ្រប់វិស័យ ទាំងទីក្រុង និងជនបទ ពីព្រោះប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ តាមរយៈ «នយោបាយ ឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយមានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលតែងតែនៅជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់ ដើម្បីដោះស្រាយទុក្ខលំបាក, សេចក្តីត្រូវការ និងបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ។

លោកអគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនឹងចូលមកដល់នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ដ៏ខ្លីខាង មុខនេះ។ ដូច្នេះសមាជិក-សមាជិកាបក្សថ្មីទាំងអស់ត្រូវណែនាំដល់បងប្អូន កូនចៅទាំងអស់ដែលគ្រប់អាយុ បោះឆ្នោត ឱ្យទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។

គួរបញ្ជាក់ផងដែរថា, សមាជិក-សមាជិកាបក្សថ្មីចំនួន១,៧៦៧ នាក់ មកពីតាមឃុំចំនួន ៩ រួមមាន ឃុំតាឯក, ឃុំស្វាយរមៀត, ឃុំព្រែកតាមាក់, ឃុំពុកប្ញស្សី, ឃុំស្វាយជ្រំ, ឃុំសន្លុង, ឃុំស៊ីធរ, ឃុំវិហារសួគ៌ និងឃុំកំពង់ចំលង ក្នុងនោះ ក៏មានសមាជិកអតីតគណបក្សសង្គ្រោះជាតិ មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនចំនួន៤៧១នាក់ផងដែរ។

លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានណែនាំកុំមានការ រើសអើងណាមួយចំពោះអតីតសមាជិកគណបក្សសង្គ្រោះជាតិ និងបន្តស្វាគមន៍ជានិច្ចចំពោះសមាជិកបក្ស ដទៃដែលមានបំណងចង់ចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាជន ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានផ្តាំផ្ញើដល់អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់គ្រប់ប្រភេទ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាការពារសន្តិសុខ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេស ត្រូវផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានរហ័ស ដើម្បីសម្រួលដល់សេចក្តីត្រូវការ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៕