(កណ្តាល)៖ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវឧបដ្ឋានសាលា១ខ្នង និងសមិទ្ធិផលនានានៅក្នុងវត្តតាគាត់មង្គល ស្ថិតនៅក្នុងភូមិតាគាត់កើត ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨, លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តកណ្ដាល និងជាប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម, បានប្រាប់ពុទ្ធបរិស័ទក្នុងឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ក៏ដូចជាប្រជាពលរដ្ឋទូទៅ ឱ្យទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ២០ នៅថ្ងៃទី២៩ ខែកក្ដដា ខាងមុខនេះ ដើម្បីបន្តថែ រក្សាសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍសម្រាប់ប្រទេសជាតិ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានផ្តាំផ្ញើការសាកសួរសុខទុក្ខ និងពាំនាំនូវក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះពុទ្ធបរិស័ទចំណុះជើងវត្តតាគាត់មង្គល ក៏ដូចជាប្រជាពលរដ្ឋទូទៅទាំងអស់ ដោយគូសបញ្ជាក់ថា មានតែសម្តេចតេជោនាយករដ្ឋមន្ត្រី និងគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលតែងតែគិតគូរពីសុខទុក្ខ, ការលំបាក និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងតែងតែនៅជាប់ជាមួយ ប្រជាជនគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ឧបដ្ឋានសាលាដែលត្រូវបានសម្ពោធនាថ្ងៃនេះ ដែលបានចំណាយថវិកាសាងសង់សរុបអស់ចំនួន ២៣៩,៣៤២ដុល្លារអាមេរិក សម្រាប់ពុទ្ធបរិស័ទប្រើប្រាស់ជាប្រយោជន៏សាធារណៈក្នុងផ្លូវព្រះពុទ្ធសាសនា គឺជាសមិទ្ធផលថ្មីមួយទៀត ដែលទទួលបានពីការយកចិត្តទុកដាក់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍសមិទ្ធផលទាំងផ្នែកអាណាចក្រ និងផ្នែកពុទ្ធចក្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកអគ្គបណ្ឌិតសភាចារ្យក៏បានលើកឡើង អំពីសមិទ្ធផលសំខាន់ៗនានាដែលត្រូវបានស្ថាបនា នាពេលកន្លងមក រួមមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់, ស្ពាន, លូ, សាលារៀន ដែលត្រូវបានដាក់ឱ្យសម្ពោធជាបណ្ដើរៗ, ក្នុងនោះរួមមាន ការសាងសង់ផ្លូវចាក់កៅស៊ូ DBST១ខ្សែ ប្រវែង៥គីឡូម៉ែត្រ និងកំពុងបន្តធ្វើកំណាត់ផ្លូវលេខ៣៨៣ តភ្ជាប់ឃុំរកាជន្លឹង ទៅកាន់ផ្លូវជាតិលេខ៨សរុបចំនួន១៦គីឡូម៉ែត្រ, ការសាងសង់ស្ពានចាក់បេតុងចំនួន៣កន្លែង តភ្ជាប់ទៅឃុំមេសរប្រចន្ទ ស្រុកពារាំង, ការដាក់លូចំនួន ១២ កន្លែង, ការធ្វើផ្លូវក្រាលគ្រួសក្រហមចំនួន១ខ្សែ ប្រវែង១,២០០ម៉ែត្រ, ការសាងសង់ផ្លូវបេតុងចំនួន៤ខ្សែប្រវែង១៦០០ម៉ែត្រ, ការស្ថាបនាផ្លូវបេតុង DBST ប្រវែង២,០០០ម៉ែត្រជាដើម។
គួរបញ្ជាក់ផងដែរថា ក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ ឃុំជ័យធំ ជាឃុំមួយដាច់ស្រយាលរបស់ស្រុកខ្សាច់កណ្ដាល, គ្មានផ្លូវ និងគ្មានស្ពាន ហើយវត្តអារាមមានភាពទ្រុឌទ្រោម ចំណែកប្រជាជនមានជីវភាពខ្សត់ខ្សោយយ៉ាងខ្លាំង។ ក៏ប៉ុន្តែ, ឃុំជ័យធំនាពេលបច្ចុប្បន្ន មានការរីកចម្រើនលើគ្រប់វិស័យ រួមមានផ្លូវក្រាលកៅស៊ូ, ផ្លូវបេតុង, លូ, និងប្រឡាយទឹកខ្វាត់ខ្វែងទូទាំងឃុំ ដែលបានបង្កភាពងាយស្រួលគ្រប់បែបយ៉ាង ដល់ប្រជាពលរដ្ឋក្នុងការបង្កបង្កើនផល និងដឹកជញ្ជូនកសិផលទៅកាន់ទីផ្សា ហើយប្រជាជនមានជីវភាពធូរធារ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ៕