(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ បានដឹកនាំមន្រ្តីបច្ចេកទេសខេត្ត ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ពានចំនួន២កន្លែង ក្នុងស្រុកថាឡាបរិវ៉ាត់។
លោកអភិបាលខេត្ត បានចុះពិនិត្យការដ្ឋានសាងសង់ស្ពាន (ស្ពានបាឡេ) នៅចំណុចអូររុន មានប្រវែង៦៧ម៉ែត្រ តភ្ជាប់ពីឃុំអូររៃ ទៅឃុំកាំងចាម និងការដ្ឋានសាងសង់ស្ពាន នៅចំណុចអូរខ្លី មានប្រវែង៤៥ម៉ែត្រ ស្ថិតនៅក្នុងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយបានជំរុញឲ្យមន្រ្តីបច្ចេកទេសយកចិត្តទុកដាក់ និងពន្លឿនដំណើរសាងសង់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា សមិទ្ធផលថ្មីដែលជាចំណងដៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង រួមមានឃុំសៀមបូក ក្នុងស្រុកសៀមបូក ឃុំកាំងចាម ឃុំអូររ៉ៃ និងឃុំថាឡាបរិវ៉ាត់ ក្នុងស្រុកថាឡាបរិវ៉ាត់ មានដូចជាស្ពានដែកបាឡេចំនួន៣កន្លែង និងផ្លូវប្រវែង២៦គីឡូម៉ែត្រ។
សមិទ្ធផលថ្មីទាំងនេះ គឺជួយសម្រួលដល់ការធ្វើដំណើរ និងបម្រើការដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋជាង ១៥០០០គ្រួសារ ទៅកាន់ទីផ្សារ។
ប្រជាពលរដ្ឋនៅស្រុកថាឡាបរិវ៉ាត់ និងស្រុកសៀមបូក បានសម្តែងនូវការអបអរសាទរ រីករាយយ៉ាងក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងដោះស្រាយនូវរាល់ការលំបាកគ្រប់យ៉ាងជូនពួកគាត់៕