(កំពង់ធំ)៖ កំណាត់ផ្លូវជាតិលេខ៦ ប្រវែងសរុប ២៤៨.៥៣គីឡូម៉ែត្រ ចាប់ពីថ្នល់កែង ខេត្តកំពង់ចាម ដល់អង្រ្គង ខេត្តសៀមរាប នឹងធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះហើយ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងសាងសង់ឡើងវិញកំណាត់ផ្លូវជាតិលេខ៦ ចាប់ពីថ្នល់កែង ខេត្ដកំពង់ចាម ដល់អង្រ្គង ខេត្តសៀមរាប ឆ្លងកាត់ខេត្តចំនួន០៣ រួមមាន ខេត្តកំពង់ចាម ប្រវែង ៤៣.៩៨គីឡូម៉ែត្រ ខេត្តកំពង់ធំ ប្រវែង ១៤៤.២៥គីឡូម៉ែត្រ និងខេត្តសៀមរាប ប្រវែង ៦០.៣០គីឡូម៉ែត្រ។

គម្រោងសាងសង់ផ្លូវនេះចែកចេញជា ០៣កំណាត់រួមមាន៖ កំណាត់ផ្លូវទី១ ចាប់ពីថ្នល់កែង ដល់ស្គន់ ប្រវែង ២៨,៧៣គីឡូម៉ែត្រ ត្រូវបានពង្រីកទទឹងតួផ្លូវរហូតដល់ ២៥ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC កម្រាស់ ១០សង់ទីម៉ែត្រ ទទឹង ២០,៥០ម៉ែត្រ លើទទឹងតួផ្លូវសរុប ២៥ម៉ែត្រ, កំណាត់ផ្លូវទី២ ចាប់ពីស្គន់ ដល់ស្ទឹងសែន ប្រវែង ១០២.៩០គីឡូម៉ែត្រ រួមជាមួយកំណាត់ផ្លូវទី៣ ចាប់ពីស្ទឹងសែន ដល់អង្រ្គង ប្រវែង ១១៦.៩០គីឡូម៉ែត្រ ត្រូវបានពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC កម្រាស់ ១០សង់ទីម៉ែត្រ ទទឹង ១១ម៉ែត្រ លើទទឹងតួផ្លូវសរុប ១២ម៉ែត្រ។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កំណាត់ផ្លូវជាតិលេខ៦ ដែលទើបបើកសម្ពោធជាផ្លូវការនេះចំណាយថវិកាសរុបប្រមាណ ២៥៥.០២លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានរបស់ចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណ ៥ភាគរយ សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ និងសួយសារ។ កំណាត់ផ្លូវនេះ បានចំណាយពេលសាងសង់ ៥០ខែ ចាប់ផ្តើមពីខែឧសភា ឆ្នាំ២០១៣ និងបញ្ចប់នៅខែកក្កដា ឆ្នាំ២០១៧។

រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនយោបាយសាងសង់ផ្លូវ គឺជាបញ្ហាអាទិភាពសម្រាប់រួមចំណែកក្នុងការកសាងប្រទេស និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ដូច្នេះកំណាត់ផ្លូវជាតិលេខ៦ គឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ជាតិ និងប្រជាជនកម្ពុជា ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជា។

ក្រៅពីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋហើយនោះ កំណាត់ផ្លូវជាតិលេខ៦នេះ ជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ជាតិ ជាពិសេសវិស័យទេសចរណ៍។ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៦ គឺជាខ្សែផ្លូវដ៏មានសក្តានុពល តភ្ជាប់ទំនាក់ទំនងរូបវ័ន្ត ស្ថាប័ន និងប្រជាជន រវាងខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តសៀមរាប និងជាមួយរាជធានី-ខេត្តផ្សេងៗទៀត តាមរយៈបណ្តាញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡា តភ្ជាប់ពីតំបន់មួយ ទៅតំបន់មួយ ដែលបានស្តារ និងសាងសង់ដោយរាជរដ្ឋាភិបាលកម្ពុជា។

លោកបន្ថែមថា តាមរយៈខ្សែផ្លូវនេះ ការធ្វើដំណើរ និងការដឹកជញ្ជូនផលិតផល ដំណាំកសិផល និងកសិ-ឧស្សហកម្ម របស់បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនធុរកិច្ច ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ កាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច ដែលជាផ្នែកមួយយ៉ាងសំខាន់រួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មរបស់កម្ពុជាសំដៅទាញយកអត្ថប្រយោជន៍ឲ្យបានច្រើនលើសលប់ ពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន តំបន់ និងពិភពលោក។ ជាមួយនឹងភាពរឹងមាំ ធំទូលាយ និងបំពាក់ទៅដោយបរិក្ខារសុវត្ថិភាពចាំបាច់ផ្សេងៗ ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវនេះ នឹងត្រូវបានកាត់បន្ថយមួយកម្រិតថែមទៀត។

ជាមួយគ្នានេះ កំណាត់ផ្លូវជាតិលេខ៦ នឹងជួយជំរុញកំណើនអត្រានៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនានៅបណ្តាខេត្តស្ថិតតាមបណ្តាយខ្សែផ្លូវ ជាពិសេស ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តជិតខាង ដូចជាខេត្តព្រះវិហារ ដែលជាខេត្តសំបូរទៅដោយប្រាង្គប្រាសាទប្រវត្តិសាស្រ្ត ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក រួមជាមួយ រមណីយដ្ឋានធម្មជាតិដ៏ស្រស់ស្អាតជាច្រើនកន្លែងផ្សេងទៀត។

សូមបញ្ជាក់ដែរថា សមិទ្ធផលកំណាត់ផ្លូវជាតិលេខ៦ គឺជាកំណាត់ផ្លូវមួយក្នុងចំណោមផ្លូវ និងសមិទ្ធផលជាច្រើនទៀត ដែលសាងសង់ឡើងក្រោមកម្ចីដ៏ច្រើនសន្ធឹកសន្ធាប់របស់រដ្ឋាភិបាលចិន តាមរយៈចំណងទំនាក់ទំនងដ៏ល្អប្រសើរជាមួយរាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។

មកដល់បច្ចុប្បន្ន គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រើប្រាស់ហិរញ្ញប្បទាន និងជំនួយឥតសំណង របស់រដ្ឋាភិបាលចិនបានសាងសង់រួចមានចំនួន ២៣ខ្សែ មានប្រវែងសរុប ២,៣០១គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ១,៣០០លានដុល្លារអាមេរិក។

គម្រោងកំពុងសាងសង់មានចំនួន ០៧ខ្សែ មានប្រវែង ប្រមាណ ៧៣៤.៨២ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ៧០៥លានដុល្លារអាមេរិក។ គម្រោងត្រៀមសាងសង់ក្នុងឆ្នាំ២០១៨ នេះ មានចំនួន ០១គម្រោង គឺគម្រោងផ្លូវក្រវ៉ាត់ក្រុងភ្នំពេញទី៣ ដែលមានប្រវែងសុរប ៥២,៩៨គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ២៦៧.៦៧ លានដុល្លារអាមេរិក។

ស្ពានធំៗដែលបានសាងសង់រួចមានចំនួន ០៧ស្ពាន មានប្រវែងសរុប ៦,៨២៤ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ២១៦លានដុល្លារអាមេរិក និងស្ពានកំពុងសាងសង់ចំនួន ០១ គឺស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មា។ សរុបគម្រោងដែលប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការ និងជំនួយឥតសំណងរបស់ចិន ដែលបានសាងសង់រួច កំពុងសាងសង់ និងត្រៀមសាងសង់ មានទឹកប្រាក់ប្រមាណ ២,៥៥៣លានដុល្លារអាមេរិក៕