(ភ្នំពេញ)៖ យោធិនពិការជើង ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧តេជោភ្នំឆ័ត្រ ចំនួន១៣៨នាក់ ត្រូវបានសមាគមចិនត្រកូល លីម កម្ពុជា សហការជាមួយមូលនិធិជើងសប្បនិម្មិត របស់ម្ចាស់ក្សត្រីប្រទេសថៃ រៀបចំនូវពិធីបរិច្ចាកជើងសប្បនិម្មិត នៅក្នុងរយ:ពេល៧ថ្ងៃ គឺចាប់ពីថ្ងៃ០៩ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះតទៅ នៅក្នុងស្នាក់ការសមាគមចិនត្រកូល លីម ស្ថិតក្នុងរាជធានីភ្នំពេញ។
ពិធីបើកកម្មវិធីបរិច្ចាកជើងសប្បនិមិ្មត នេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា និងលោក ផាន់ យ៉ារ៉ាក់ភុលធប់ ឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា។ ក្នុងនោះក៏មានការចូលរួមពី លោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា, លោកស្រី ឧកញ្ញា លីម ឈីវហូរ ប្រធានកិត្តិយសមាគមចិនត្រកូល លីម កម្ពុជា។
លោកស្រី ឧកញ្ញា លីម ឈីវហូរ បានបញ្ជាក់ថា ថ្ងៃនេះសមាគមចិនត្រកូល លីម កម្ពុជា មានក្តីសប្បាយរីករាយ និងមានមោទនភាពបំផុត ដែលបានចូលរួមក្នុងការងារមនុស្សធម៌ និងជួយដល់សង្គមក្នុងការរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រ ចូលរួមជួយដោះស្រាយ រាល់ទុក្ខលំបាកជូនដល់ប្រជាជនក្រីក្រ ជាពិសេសជនពិការកម្ពុជា ដែលកំពង់ត្រូវការជំនួយជាចបាច់នោះ។
លោកស្រី ឧកញ្ញា ក្នុងនាមសមាគមចិនត្រកូល លីម កម្ពុជា បានសំដែងនូវអំណរគុណផងដែរ ដល់មូលនិធិជើងសប្បនិម្មិតរបស់ម្ចាស់ក្សត្រីនៃប្រទេសថៃ ដែលបានសហការយ៉ាងល្អ ជាមួយសមាគមចិនត្រកូល លីម កម្ពុជា ក្នុងការផ្តល់នូវជើងសប្បនិមិ្មត ដល់យោធិនពិការរបស់កម្ពុជានៅពេលនេះ។
សូមបញ្ជាក់ថា ក្នុងកម្មវិធីបរិច្ចាកជើងសប្បនិម្មិតសរុបទាំង១៥០ជើងនេះ មានជើងសប្បនិម្មិតធម្មតា ចំនួន១៤០ជើង និងជើងសម្រាប់ធ្វើស្រែ ចំនួន១០ជើង ដែលការកែឆ្នៃ និងតម្លើងជើងសប្បនិម្មិត បានធ្វើឡើងនៅក្នុងស្នាក់ការសមាគមចិនត្រកូល លីម កម្ពុជា។ តាមរយៈសកម្មភាពការងារមនុស្សធម៌ របស់សមាគមចិនត្រកូល លីម កម្ពុជា នេះ លោកស្រីសង្ឃឹមថា ប្រាកដជាអាចជួយសម្រាលដល់ជីវភាពរស់នៅរបស់យោធិនពិការកម្ពុជា បានមួយចំណែកធំផងដែរ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ មាស សុភា ជំនួសមុខឲ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងទាហានទូទាំងកងទ័ពជើងគោក និងកងយោធពលខេមរភូមិន្ទទាំងអស់ ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសំដែងនូវអំណរគុណចំពោះ លោកស្រី ឧកញ្ញា លីម ឈីវហួរ ប្រធានសមាគមចិនត្រកូល លីម និងងម្ចាស់ក្សត្រីថៃ ដែលមានលោក ផាន់ យ៉ារ៉ាក់ភុធប់ និងលោកសាស្ត្រាចារ្យបណ្ឌិត វ៉ាចារ៉ា រ៉ូជីវិត ផុនថុន ដែលជាអគ្គលេខាមូលនិធិជើងសប្បនិមិ្មតរបស់ម្ចាស់ក្សត្រីថៃ ជាតំណាងដែលជាលើកដំបូងបានសហការផ្តួចផ្តើមនូវគំនិតបង្កើតកម្មវិធីនេះឡើង ក្នុងគោលបំណងជួយឧបត្ថម្ភគាំទ្រ និងជួយសម្រាលបន្ទុកការលំបាកដល់យោធិនពិការ នៃមជ្ឈមណ្ឌលអភវឌ្ឍន៍យោធិនពិការ ៣១៧តេជោភ្នំឆ័ត្រ ក៏ដូចជាបានរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់ជនបាត់បង់សមត្ថភាពការងារ ជួយសម្រាលដល់ការលំបាកខ្វះខាត ចំពោះយោធិនពិការ៕