(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ អមដំណើរដោយថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋាន បានចុះជួបអាជីវករផ្សារផល្លារាត្រីអង្គរ ដោយបញ្ជាក់យ៉ាងច្បា់សថា គ្មានការរុះរើតូបលក់ដូរក្នុងផ្សារផល្លារាត្រីអង្គរ ដូចការបំផុសព័ត៌មានបំភ្លើសការពិតនោះឡើយ។
លោកអភិបាលខេត្ត សង្កត់ធ្ងន់ថា សូមអាជីវករទាំងអស់ កុំមានការភិតភ័យ ដូចព័ត៌មានបណ្តាញសង្គមមួយចំនួន ដែលផ្សព្វផ្យាយបំភ្លើសការពិត។ ជាក់ស្តែង ការបើកផ្លូវនេះ អាជ្ញាធរមិនមានគម្រោងឈូសតូបលក់ដូរក្នុងផ្សារទាំងអស់នោះទេ គឺគ្រាន់តែបើកផ្លូវតាមអ្វីដែលម្ចាស់ផ្សារ ធ្លាប់បានព្រមព្រៀងជាមួយអាជ្ញាធរ និងតាមការកំណត់របស់គណៈកម្មការរដ្ឋបាលតែប៉ុណ្ណោះ។
ចំណុចសំខាន់ៗមួយចំនួន ដែលលោកអភិបាលខេត្ត បានជម្រាបជូនអាជីវកររួមមាន៖ អាជ្ញាធរខេត្ត អនុវត្តការបើកផ្លូវតាមគោលការណ៍ច្បាប់តែប៉ុណ្ណោះ, អាជីវករបន្តការលក់ដូរជាធម្មតា ដោយកុំការបារម្មណ៍ ឬភ័យខ្លាចការបិទផ្សារ ឬការឈូសតូប ដើម្បីបើកផ្លូវនេះទេ, ការបើកផ្លូវនេះ គឺការបង្កើតបណ្តាញផ្លូវ ប្រទាក់ក្រឡានៃការភ្ជាប់បណ្តាញផ្លូវឡើងវិញ ដើម្បីសម្រួលចរាចរ ការកកស្ទះ និងប្រើប្រាស់ក្នុងករណីចាំបាច់ ដូចជាការងារសង្គ្រោះអគ្គីភ័យ និងការសង្គ្រោះបន្ទាន់ជាដើម។
បើតាមលោក ឃឹម ប៊ុនសុង អាជ្ញាធរខេត្តស្វាគមន៍នូវរាល់ការស្នើសុំការបំភ្លឺព័ត៌មានបន្ថែម ឬការផ្តល់ព័ត៌មាន ឬសំណូមពរពីសំណាក់សារព័ត៌មានជាតិ អន្តជាតិ និងសាធារណជនទាំងអស់ដើម្បីជៀសវាងការភាន់ច្រឡំនានា៕