(កោះកុង)៖ ស័ង្កសីចំនួន១២,០០០សន្លឹក ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក ត្រូវបានប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងកោះកុង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ ដើម្បីសាងសង់ផ្ទះជូនគ្រួសារយោធិន ដែលបច្ចុប្បន្ននេះ អង្គភាពបានកសាងផ្ទះជាង១,០០០ខ្នងរួចហើយ និងបន្តកសាងបន្ថែម ២០០ខ្នងទៀត ។
លោកឧត្តមសេនីយ៍ទោ សុខ សុវត្ថិទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានលើកឡើថា នេះគឺជាគិតគូរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះសុខទុក្ខ និងការរស់របស់កងទ័ព និងគ្រួសារកងទ័ពនៅទូទាំងប្រទេស។ ដោយឡែកសម្តេចតេជោ ហ៊ុន សែន យកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការរស់របស់កងទ័ព និងគ្រួសារកងទ័ពនៅក្នុងតំបន់ប្រតិបត្តិការសឹករងកោះកុង សំដៅលើកតម្កើនចំកិត្តិយស និងការលើកស្ទួយកម្រិតជីវភាពរស់នៅ របស់កងទ័ព និងគ្រួសារកងទ័ព។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជំនួសមុខឲ្យទាហានទាំងអស់ នៅក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹករងកោះកុង សូមគោរពថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែយកចិត្តទុក្ខដាក់ លើវិស័យការពារជាតិ តាមរយៈការគិតគូរយកចិត្តទុកដាក់ចំពោះការហ្វឹកហ្វឺន ការកសាងអង្គភាពទ័ព និងការស្នាក់នៅហូបចុករបស់កងទ័ព គ្រួសារកងទ័ព និងក្នុងអង្គភាពដែលកន្លងមក សម្តេចបានផ្តល់នូវគ្រឿងឧបភោគបរិភោគជាច្រើនទៀត។
គួររំលឹកថា ការប្រគល់អំណោយស័ង្កសីចំនួន១២,០០០សន្លឹក ដើម្បីសាងសង់ផ្ទះជូនគ្រួសារយោធិន នៅក្នុងបញ្ជាការសឹករងកោះកុង បានធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន បានប្រកាសផ្តល់ជូននៅក្នុងឱកាសដែល លោក ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសំណេះសំណាល ជាមួយអតីតយុទ្ធជននៅខេត្តកោះកុង កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ៕