(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញធ្វើបាឋកថាក្រោមប្រធានបទ «កាលានុវត្តភាព និងការប្រឈមក្នុងដំណើរការកសាងជាតិ» ជូនយុវជនដែលជានិស្សិតមក គ្រឹះស្ថានឧត្តមសិក្សានានា ដោយមានទាំងការនិមន្តរបស់សមណនិស្សិត នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។ វេទិកានេះ ត្រូវបានរៀបចំដោយ The Perspectives Cambodia Talk ដែលជាស្ថាប័នសង្គមមួយ មានបេសកកម្មបណ្តុះវប្បធម៌ នៃការជជែក ការពិភាក្សា និងការចែករំលែកដ៏ត្រឹមត្រូវ។
នៅក្នុងបទបឋកថានេះ លោក វង្សី វិស្សុត បានលើកឡើងថា កម្ពុជាជាប្រជាជាតិមួយ ដែលមានប្រវត្តិសាស្រ្តយូរលុង និងមានភាពចំណាស់ជាងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ តែប្រជាជាតិមួយនេះ បានជួបប្រទះទាំងភាពរុងរឿង ទាំងការធ្លាក់ចុះដុនដាប រហូតស្ទើរតែបាត់ឈ្មោះពីផែនទី។ ភាពរុងរឿង របស់កម្ពុជា បានចាប់ផ្តើមពីរាជ្យរបស់ព្រះបាទសុរិយវរ្ម័នទី២ ដែលជាការចាប់ផ្តើមនៃសម័យអង្គរ បន្ទាប់ពីព្រះអង្គបានធ្វើការបង្រួបបង្រួមជាតិរវាងចេនឡាដីគោក និងចេនឡាលិចទឹក រហូតដល់រាជ្យនៃព្រះបាទជ័យវរ្ម័នទី៧ ដែលជាចំណុលកំពូលបំផុត នៃសម័យមហានគររបស់កម្ពុជា។ ប៉ុន្តែកម្ពុជាបានធ្លាក់ចុះដុនដាប ស្ទើតែរលាយឈ្មោះប្រទេសពីផែនទីពិភពលោក នៅក្រោយសម័យអង្គរ រហូតដល់សម័យអាណានិគមនិយមបារាំង។ ពិតណាស់ថា វត្តមាននៃអាណានិគមនិយមបារាំងនៅកម្ពុជា បានជួយការពារកម្ពុជាពីការឈ្លានពាន ពីសំណាក់ប្រទេសជិតខាងក៏ពិតមែន ប៉ុន្តែបារាំងបានប្រព្រឹត្តនូវអំពើបាបមួយចំនួន មកលើកម្ពុជាផងដែរ។
លោកបានបន្តថា កម្ពុជាបានចាប់ផ្តើមងើបឡើងវិញ ជាប្រជាជាតិមួយ នៅក្នុងសម័យសង្គមរាស្រ្តនិយម។ តែគួរឲ្យសោកស្តាយណាស់ ដែលប្រជាជាតិនេះ បានចាប់ផ្តើមវិនាសហិចហោចជាបណ្តើរៗ ដោយសារភ្នក់ភ្លើងសង្រ្គាម នៅក្នុងរបបលន់ នល់ ហើយបន្ទាប់មកប្រជាជនខ្មែររាប់លាននាក់ ត្រូវបាត់បងជីវិត និងមូលដ្ឋាន នៃប្រទេសជាតិទាំងមូល ក៏ត្រូវបានបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុង ដល់ចំណុចសូន្យ នៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
ការចាប់ផ្តើមកសាងប្រទេសឡើងវិញពីបាតដៃទទេ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ គឺបានជួយធ្វើឲ្យប្រជាជាតិក៏កំសត់មួយនេះ បានរស់ឡើងវិញ ទោះបីមានការហ៊ុព័ទ្ធសេដ្ឋកិច្ច និងនយោបាយពីសំណាក់ប្រទេសមហាអំណាចក្តី។ ដំណើការស្តារ និងកសាងប្រទេសឡើងវិញ ក្នុងពេលនោះ ក៏បាននាំទៅដល់ការចាប់បដិសន្ធិ នៃរាជាណាចក្រជាលើកទី២ ក្នុងឆ្នាំ១៩៩៣ ដែលជាបរិបទមួយដ៏សំខាន់ នៅប្រវត្តិសាស្រ្តរបស់កម្ពុជា។ ក្រៅពីការបង្រួមបង្រួមជាតិ និងការស្វែងរកនូវសន្តិភាព, ប្រជាជាតិមួយនេះ បានចាប់ផ្តើមធ្វើការកែប្រែនូវប្រព័ន្ធនយោបាយ ក្នុងការគ្រប់គ្រងប្រទេស ពីបែបសង្គមនិយមទៅជារបបប្រជាធិបតេយ្យសេរីពហុបក្ស និងពីសេដ្ឋកិច្ចបែបផែនការ ទៅជាសេដ្ឋកិច្ចទីផ្សារ រួមទាំងការបន្តទទួលស្គាល់កម្មសិទ្ធិឯកជន ដែលបានអនុវត្តតាំងពីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា។
ការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងប្រទេសយ៉ាងគំហុកបែបនេះ បាននាំឲ្យកម្ពុជាត្រូវជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ដោយសារម្យ៉ាងកម្ពុជាខ្វះធនធានមនុស្ស ហើយម្យ៉ាងទៀត សមត្ថភាពស្ថាប័នក៏នៅទន់ខ្សោយនៅឡើយ ក្នុងខណៈដែលហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងសង្គម ក៏ត្រូវរងនូវភាពខ្ទេចខ្ទាំដោយសារសង្រ្គាម និងជម្លោះផ្ទៃក្នុង។ ជាមួយគ្នានេះ ការរស់នៅយូរពេកនៅក្នុងភ្នក់ភ្លើងសង្រ្គាម បានធ្វើឲ្យផ្នត់គំនិតប្រជាជនមានការផ្លាស់ប្តូរ ហើយគុណតម្លៃរបស់សង្គម និងគុណធម៌ របស់បុគ្គលក៏មានការធ្លាក់ចុះទៅតាមនោះ។
លោកបានគូសបញ្ជាក់ថា ផលវិបាកនេះបណ្តាលមកពីការផ្លាស់ប្តូរប្រព័ន្ធ ហើយប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវចូលរួមដោះស្រាយបញ្ហាប្រឈមនេះទាំងអស់គ្នា ដោយមិនគួរធ្វើការបន្ទោសទៅលើបុគ្គលណាមួយ ឬក៏ក្រុមណាមួយឡើយ។ នៅលើលោកនេះ គ្មានលទ្ធិណាមួយល្អឥតខ្ចោះនោះទេ ពោលគឺលទ្ធិអ្វីក៏ដោយ គឺសុទ្ធសឹតែមានចំណុចបូក និងដកទាំងអស់ មិនថាលទ្ធិប្រជាធិបតេយ្យ ឬក៏លទ្ធិកុម្មុយនីសនោះទេ។ តែអ្វីដែលសំខាន់បំផុត គឺយើងត្រូវចេះប្រើប្រាស់លទ្ធិនោះ ឲ្យក្លាយជាមធ្យោបាយសម្រាប់បម្រើឲ្យការកសាងជាតិ ឲ្យចំបរិការណ៍ និងស្ថានភាពជាក់ស្តែងរបស់ប្រទេសយើង ដោយមានការគិតគូទៅដល់កត្តាប្រវត្តិសាស្រ្ត ប្រជាសាស្រ្ត, សង្គម និងវប្បធម៌។
លោក វង្សី វិស្សុត បានលើកឡើងថា ការដាក់ចេញនូវយុទ្ធសាស្រ្តត្រីកោណ (១៩៩៨-២០០៣) បន្ទាប់ពីការសម្រេចបានមកដោយលំបាកលំបិន តាមរយៈការអនុវត្តនយោបាយឈ្នះឈ្នះ គឺជាការចាប់ផ្តើមមួយ នៃដំណើការកសាងជាតិរបស់យើង ក្នុងនៅដំណើរឈានឆ្ពោះទៅរកសុខសន្តិភាពយូរអង្វែង, ការចាកចេញពីការហ៊ុមព័ទ្ធសេដ្ឋកិច្ច និងនយោបាយ ទៅរកការធ្វើសមាហរណកម្មរបស់ប្រទេសកម្ពុជា ទៅក្នុងតំបន់ និងពិភពលោកឡើងវិញ និងទៅរកការអភិវឌ្ឍគ្រប់វិស័យ ព្រមទាំងការដោះស្រាយបញ្ហាជីវភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
បន្ទាប់មកទៀត, ដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណ ទាំង០៣ ដំណាក់កាល ចាប់តាំងពីដំណាក់កាលទី១ (២០០៣-២០០៨), ដំណាក់កាលទី២ (២០០៨-២០១៣) និងដំណាក់កាលទី៣ (២០១៣-២០១៨) ដែលផ្តោតលើការអភិវឌ្ឍផ្ទៃក្នុងប្រទេសជាធំ បានជួយជំរុញធ្វើឲ្យដំណើរការកសាងប្រជាជាតិមួយនេះ កាន់តែមានល្បឿនលឿនជាងមុន និងបានឡើងដល់កម្រិតមួយ ដែលខ្ពស់ជាងមុន ហើយកាន់តែមានមុខមាត់នៅលើឆាកអន្តរជាតិ។ នៅដំណើរការកសាងជាតិ នៅក្នុងដំណាក់កាលនេះ រាជរដ្ឋាភិបាលផ្តោតលើជំរុញឲ្យមានកំណើនសេដ្ឋកិច្ច តាមរយៈការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការផ្សារភ្ជាប់កំណើននេះ ជាមួយការបង្កើតការងារដល់ប្រជាជន។ ដូច្នេះ ជារួមយុទ្ធសាស្រ្តចតុកោណ ដែលមានបាវចនា៖ កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព និងមានគោលដៅជាយុទ្ធសាស្រ្តចំនួន០៤ ហើយផ្តោតលើវិស័យអាទិភាពទាំង០៤ គឺជាយុទ្ធសាស្រ្តមួយដែលប្រកបដោយភាពជោគជ័យ។
លោក វង្សី វិស្សុត បានបន្តលើកឡើងថា នៅក្នុងដំណើរ នៃការកសាងជាតិក្នុងរយៈពេលជិតពីរទសវត្សចុងក្រោយនេះ កម្ពុជាសម្រេចបាននូវសេដ្ឋកិច្ចខ្ពស់ ប្រមាណ៧,៧% បើគិតពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៧។ ទន្ទឹមនឹងនេះ រចនាសម្ព័ន្ធ នៃសេដ្ឋកិច្ចជាតិ ក៏កាន់តែមានទំនើបកម្ម និងបានផ្លាស់ប្តូរពីប្រទេស ពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសពឹងផ្អែកលើវិស័យឧស្សាហកម្ម។ ប្រការនេះ បានធ្វើឲ្យទំហំនៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) គិតតាមថ្លៃបច្ចុប្បន្ន មានការកើនឡើងប្រមាណ៦ដង ពោលគឺពីប្រមាណតែជាង៣ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០០០ ឡើងដល់ប្រមាណជាង២៤ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨។
ប្រាក់ចំណូលរបស់ប្រជាជនម្នាក់ធៀបនឹង ផ.ស.ស ក៏បានកើនឡើងប្រមាណ៥ដង ពោលគឺពីប្រមាណតែ២៨៨ដុល្លារ ក្នុងឆ្នាំ២០០០ ឡើងដល់១៥៦៣ ដុល្លារក្នុងឆ្នាំ២០១៨ ដែលធ្វើឲ្យប្រទេសកម្ពុជា បានក្លាយជាប្រទេសចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥កន្លងទៅ។ ក្រៅពីការសម្រេច បាននូវកំណើនសេដ្ឋកិច្ចខ្ពស់, កម្ពុជាក៏មានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដ៏ល្អប្រសើរផងដែរ។ ជាក់ស្តែង អត្រាអតិផរណាមានកម្រិតទាប គឺក្នុងរង្វង់៣,០% និងអត្រាប្តូរប្រាក់ ក្នុងកម្រិត៤០៣៧រៀល/ដុល្លារ ដែលធ្វើឲ្យមានកំណើន នៃចំណូលពិតរបស់ប្រជាពលរដ្ឋ។ ទំហំពាណិជ្ជកម្ម ក៏មានការកើនឡើងពី ប្រមាណតែជាង៣ប៊ីលានដុល្លារក្នុងឆ្នាំ២០០០ ឡើងដល់ប្រមាណជាង២៨ប៊ីលានដុល្លារក្នុងឆ្នាំ២០១៨ ក្នុងខណៈដែលដំណើរការ នៃធ្វើពិពិធកម្មក្នុងការនាំចេញ ទាំងលើមុខទំនិញ និងទាំងទីផ្សារនាំចេញកាន់តែមានសន្ទុះល្អជាលំដាប់។ ទុនបម្រុងអន្តរជាតិ ក៏មានកើនឡើងជាបន្តបន្ទាប់ គួរឲ្យកត់សម្គាល់ ក្នុងខណៈដែលប្រាក់បញ្ញើធនាគារ នៅបន្តរក្សាទំហំធៀបនឹងផ.ស.ស ដែលឆ្លុះបញ្ចំងឲ្យឃើញពីការកើនឡើងនូវទំនុកចិត្តលើវិស័យវិស័យធនាគារ។
លោកបានគូសបញ្ជាក់ អំពីការកើនឡើងនៃសមត្ថភាពខាងថវិការបស់កម្ពុជា ដែលកើតចេញពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការកៀគរចំណូលគ្រប់ប្រភេទ ក៏ដូចជាប្រកាន់ខ្ជាប់នូវវិន័យថវិកាក្នុងការចាយវាយ។ ជាក់ស្តែងចំណូលក្នុងប្រទេស មានការកើនឡើងពីប្រមាណត្រឹមតែ ១,៤២៣លានរៀល ក្នុងឆ្នាំ២០០០ ឡើងដល់ប្រមាណ១៩,០១៧លានរៀល ក្នុងឆ្នាំ២០១៨ ដែលចំណូលនេះ គឺមួយផ្នែកបានពីការប្រមូលពី អ្នកមានចំណូលខ្ពស់ និងមធ្យម ហើយចំណូលនេះត្រូវបានយកមកជួយដល់ការអភិវឌ្ឍវិស័យសង្គមកិច្ច និងហេដ្ឋារចនាសម្ព័ន្ធនានា សម្រាប់ជួយដល់ប្រជាពលរដ្ឋក្រីក្រ និងអ្នកមានចំណូលទាប ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាព របស់ប្រជាជនកម្ពុជាទាំងមូល ក្នុងខណៈមានការបន្ធូរបន្ថយពន្ធ និងអនុគ្រោះពន្ធ, ការមិនយកកម្រៃពីសេវាសាធារណៈមូលដ្ឋាន និងចាំបាច់មួយចំនួន, ការកាត់បន្ថយថ្លៃទឹកស្អាត និងអគ្គិសនី រួមទាំងការទទួលបាននូវ សេវាសុខាភិបាលដោយឥតគិតថ្លៃ ចំពោះប្រជាជនដែលមានប្រាក់ចំណូលទាប។
ទន្ទឹមនឹងនេះ ចំណាយសរុបថវិការដ្ឋក៏ត្រូវបានបង្កើនយ៉ាងគំហុក ពីប្រមាណតែ ២,០៤០លានរៀល ក្នុងឆ្នាំ២០០០ ឡើងដល់ប្រមាណ ២៤,០៥៥ ក្នុងឆ្នាំ២០១៨ ផងដែរ ដើម្បីលើកស្ទួយដល់ប្រតិបត្តិការរបស់រដ្ឋ, ការដំឡើងប្រាក់បៀវត្សជូនមន្រ្តីរាជការ, ការពង្រីក និងកែលំអរគុណភាពសេវាសាធារណៈ ព្រមទាំងការវិនិយោគ លើកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ ទន្ទឹមនឹងនេះ កម្រិតបំណុលសាធារណៈរបស់កម្ពុជា ក៏ស្ថិតក្នុងក្រុមប្រទេស ដែលមានអនុបាត បំណុលទាបបំផុតក្នុងតំបន់ ហើយស្ថានភាពបំណុលត្រូវបានវាយតម្លៃថា មានចីរភាព និងហានិភ័យកម្រិតទាប។
ជារួមនៅក្នុងដំណើការកសាងជាតិនៅក្នុងរយៈពេលជាងពីរទសវត្សចុងក្រោយនេះ, ប្រទេសកម្ពុជាបានងើបឡើងវិញ ជាប្រជាជាតិមួយ ដែលមានឯកភាពទឹកដី, មានឯកភាពរដ្ឋអំណាច និងមានមុខមាត់លើឆាកអន្តរជាតិ បន្ទាប់ពីសង្គ្រាមសឹងតែរលាយបាត់ពីផែនទីពិភពលោក ហើយបើទោះបីទឹកដីត្រូវបានរួមតូចក្តី។ ការអភិវឌ្ឍប្រទេសជាទូទៅ មានលក្ខណៈវិជ្ជមាន ទោះបីជាមានការខ្វះចន្លោះខ្លះ និងមាននៅសល់បញ្ហាប្រឈមធំៗ និងផលវិបាកមួយចំនួន បណ្តាលមកពីការផ្លាស់ប្តូរប្រព័ន្ធក្តី។
លោក វង្សី វិស្សុត បានបន្តថា ពិភពលោក ក៏ដូចជាតំបន់អាស៊ី កំពុងស្ថិតនៅក្រោមនិន្នាការធំៗចំនួន០៤គឺ៖ ទី១៖ពហុប៉ូល នៃពិភពលោក, ទី២៖ការក្លាយខ្លួនជាមជ្ឈមណ្ឌលកំណើន សេដ្ឋកិច្ចពិភពលោករបស់អាស៊ី ពោលគឺអាស៊ីនឹងមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ មានទំហំសេដ្ឋកិច្ចជាងគេ និងក្លាយជាមូលដ្ឋានផលិតកម្ម និងជាកន្លែងនៃការប្រើប្រាស់ធំជាងគេថែមទៀត, ទី៣៖បដិវត្តឧស្សាហកម្ម ៤,០ និងទី៤៖ការប្រែប្រួលអាកាសធាតុ។
ទន្ទឹមនឹងនេះដែរ ស្ថានភាពនយោបាយពិភពលោក និងតំបន់ ក៏នឹងមានការប្រែប្រួលផងដែរ ដោយសារការប្រែប្រួលនៃភូមិសាស្រ្តនយោបាយ និងភាពតានតឹង នៃភូមិសាស្រ្តនយោបាយរបស់ពិភពលោក និងតំបន់ព្រមទាំងបញ្ហាមួយចំនួនទៀត។ ជាមួយគ្នានេះដែរ ទោះបីស្ថានភាពនៃសេដ្ឋកិច្ចពិភពលោក និងតំបន់ នឹងងើបឡើងវិញក្តី តែសេដ្ឋកិច្ចពិភពលោក និងតំបន់ ក៏ត្រូវប្រឈមនឹងបញ្ហាមួយចំនួនផងដែរ។ បរិការណ៍ខាងលើនេះ នឹងធ្វើឲ្យកម្ពុជា អាចចាប់យកកាលានុវត្តភាព មួយចំនួនមកធ្វើការអភិវឌ្ឍមូលដ្ឋាន សេដ្ឋកិច្ចរបស់ខ្លួន តែកម្ពុជានឹងត្រូវជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនផងដែរ។
លោក វង្សី វិស្សុត បានបន្តថា ដើម្បីចាប់យកកាលានុវត្តភាព និងដោះស្រាយនូវបញ្ហាប្រឈមសេដ្ឋកិច្ចខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តសំខាន់ៗមួយចំនួន រួមមាន៖ យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣, គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម ២០១៥-២០២៥ និងការរៀបចំ «យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤» និងចក្ខុវិស័យ២០៥០។
លោកបានគូសបញ្ជាក់ថា ដើម្បីធ្វើឲ្យចក្ខុវិស័យរបស់កម្ពុជា នៅឆ្នាំ២០៥០នេះ អាចក្លាយជាការពិត ហើយកម្ពុជាអាចក្លាយជាប្រជាជាតិមួយ ដែលមានភាពខ្លាំង និងល្បីរន្ទឺឡើងវិញដូចសម័យមហានរគរ, ដំណើរការកសាងជាតិ ត្រូវផ្អែកលើកម្លាំងចំនួន០៥គឺ ទី១៖កម្លាំងបង្រួបបង្រួមជាតិ (Unifying) តាមរយៈការស្វែងរកនូវបំណងប្រថ្នារួម និងលើកគុណតម្លៃសង្គម និងបុគ្គល ដោយផ្អែកលើជំនឿ សាសនា វប្បធម៌ និងប្រវិត្តសាស្រ្ត ដើម្បីចង់ភ្ជាប់ជាតិរបស់យើង កុំឲ្យបែកគ្នា និងកសាងឲ្យក្លាយទៅជាកោសិកាសង្គមមួយដ៏រស់រវើក, ទី២៖កម្លំាងការពារជាតិ (Defending) តាមរយៈការអភិវឌ្ឍ និងលើកកម្ពស់សមត្ថភាពកងទ័ព ក្នុងបុព្វហេតុការពារជាតិ និងនយោបាយការទូត ដើម្បីការពាររាល់ផលប្រយោជន៍លើឆាកអន្តរជាតិ, ទី៣៖កម្លាំងស្ថិរកម្ម (Stabizing) តាមរយៈការបង្កើតឲ្យមានយន្តការប្រិតតុល្យការ នៃអំណាច, ការដោះស្រាយទំនាស់ និងការគ្រប់គ្រងវិបត្តិ, ទី៤៖កម្លាំងកសាងជាតិ (Building) តាមរយៈជំរុញអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារសេរី ប្រកបដោយកំណើនខ្ពស់, បរិយាប័ន្ន និងចិរភាព និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងវិទ្យាសាស្រ្ត និងបចេ្ចកវិទ្យា និងទី៥៖កម្លាំងគាំពារ (Protecting) តាមរយៈការបង្កើតឲ្យមានរបបការគាំពារសង្គម, កម្មវិធីជំនួយសង្គម និងការពារបិរស្ថាននិងធនធានធម្មជាតិ។
ដើម្បីឈានទៅការសម្រេចបាននូវផែនការ នៃការកសាងជាតិខាងលើនេះ ទាមទារជាចាំបាច់នូវភាពជាអ្នកដឹកនាំ (Leadership) នៅគ្រប់កម្រិត ទាំងនៅក្នុងវិស័យសាធារណៈ និងឯកជន, ការកសាងមូលដ្ឋាន នៃធនធានមនុស្ស (Human Resource) និងការកសាងនូវស្ថាប័ន (Institution) ទាំងមូលដ្ឋានច្បាប់, វិធាន និងអភិបាលកិច្ច ព្រមទាំងការលើកកម្ពស់គុណតម្លៃនៃសង្គម និងគុណធម៌នៃបុគ្គល (Value & Virtue) ផងដែរ៕