(ភ្នំពេញ)៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសេចក្តីបំភ្លឺមួយ បន្ទាប់ពីមានបុគ្គលមួយចំនួន បានឃោសនាបំភ្លៃថា កម្មករដែលប្រើប្រាស់បណ្ណ ប.ស.ស សម្រាប់ការព្យាបាលជំងឺដោយឥតគិតថ្លៃនោះ គឺត្រូវពេទ្យឱ្យថ្នាំមិនល្អដូចអ្នកបង់លុយនោះទេ។

សេចក្តីបំភ្លឺនេះ ក៏ធ្វើឡើងបន្ទាប់ពីមានជនមួយចំនួន បានឃោសនាជាបន្តបន្ទាប់ថា កម្មករ កម្មការិនីដែលប្រើប្រាស់បណ្ណ ប.ស.ស សម្រាប់ការព្យាបាលជំងឺដោយឥតគិតថ្លៃនោះ គឺប្រើបានតែឆ្នាំ២០១៨ ក្នុងរយៈពេលបោះឆ្នោត ដល់ឆ្នាំ២០១៩ គេនឹងឈប់ទទួលស្គាល់ផងដែរ។

ពាក់ព័ន្ធនឹងករណីប.ស.ស បានពន្យល់ថា៖

១៖ កម្មករ កម្មការិនី ដែលប្រើប្រាស់បណ្ណ ប.ស.ស ទៅទទួលសេវាដោយមិនបង់លុយ គឺទទួលបានគុណភាព នៃការព្យាបាល និងទទួលបានឱសថ (ថ្នាំ) ដូចអតិថិជនដែលបង់លុយ គ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស ដោយមិនមានការរើសអើងនោះទេ។

២៖ បណ្ណ ប.ស.ស នេះ ផ្តល់ជូនកម្មករ កម្មការិនី ប្រើប្រាស់បានរហូតដល់ដោយមិនមានការកំណត់ សុពលភាពប្រើប្រាស់ទេ។

៣៖ ក្នុងករណី ដែលមានជនអគិតណាឃោសនាបំភ្លៃការពិត សូមសាធារណជន និងបងប្អូនកម្មករ កម្មការិនី រាយការណ៍ទៅកាន់លេខទូរស័ព្ទ ០៧៧ ៩៩៩ ០៧៨, ០៨៦ ៧៧៧ ៧១៥ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ច​ពាក់ព័ន្ធអនុវត្តតាមនីតិវិធីច្បាប់ផងដែរ។

សូមបញ្ជាក់ថា នាពេលកន្លងទៅ ក៏មានការឃោសនាបំភ្លឺវាយប្រហារទៅលើ ប.ស.ស ជាបន្តបន្ទាប់ផងដែរ។ ការវាយប្រហារនេះ ធ្វើឡើងបន្ទាប់ពីកម្មករ កម្មការិនី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា រៀបចំផ្តល់អត្ថប្រយោជន៍ជាបន្តបន្ទាប់៕

ខាងក្រោមនេះជាសេចក្តីបំភ្លឺរបស់ប.ស.ស៖