(ភ្នំពេញ)៖ លោក សាយ សំអាល់ សមាជិកគណកម្មាធិការកណ្តាល និងប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីប្រកាសទទួលសមាជិក សមាជិកាថ្មីនៃគណបក្សប្រជានកម្ពុជា ចំនួន៦២៧នាក់ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលភាគច្រើនពួកគាត់ជាសមាជិកអតីតគណបក្សសង្គ្រោះជាតិ។ លោក សាយ សំអាល់ បានចាត់ទុកថា នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដែលសមាជិក សមាជិកា ដែលចេញពីគណបក្សនយោបាយផ្សេងៗ មករួមរស់ក្នុងជីវភាពនយោបាយ នៃគណបក្សប្រជានកម្ពុជា។
លោកបានបន្ថែមថា ការសម្រេចចិត្តរបស់សមាជិក សមាជិកា ពិតជាមានសារសំខាន់ណាស់ ព្រោះបានចូលរួមចំណែកធានាដល់ការការពារសុខសន្តិភាព ស្ថិរភាពនយោបាយ និង ជំរុញឱ្យកម្ពុជាមានការជឿនលឿន ទៅមុខថែមទៀត។ លោក សាយ សំអាល់ បានបញ្ជាក់ថា សន្តិភាពដែលកម្ពុជា មាននាពេលបច្ចុប្បន្ន គឺកើតចេញពីការអនុវត្តគោលនយោបាយឈ្នះឈ្នះ ចាប់ពីឆ្នាំ១៩៩៨ ហើយជាង២០ឆ្នាំមកនេះ កម្ពុជាមានការអភិវឌ្ឍ និងប្រជាពលរដ្ឋមានជីវភាពរីកចម្រើន និងរស់នៅដោយសុខសាន្ត។
សូមបញ្ជាក់ថា នេះជាលើកទី២ដែល លោក សាយ សំអាល់ សមាជិកគណកម្មាធិការកណ្តាល និងប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមប្រកាសទទួលស្គាល់សមាជិក សមាជិកាមកពីគណបក្សនយោបាយផ្សេងៗ ចូលរួមក្នុងជីវភាពនយោបាយ គណបក្សប្រជាជនកម្ពុជា ដែលលើកទី១ ប្រព្រឹត្តទៅ នៅ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ ប្រកាសបញ្ចូលសមាជិក សមាជិកាថ្មីរបស់គណបក្សប្រជាជនកម្ពុជា ចំនួន៥១៨នាក់។
លោក ងួន ប៊ុនណ្ណាន ប្រធានគណៈកម្មាធិការបក្សស្រុកអូររាំងឪ បានឱ្យដឹងថា សមាជិក សមាជិកាថ្មីមកពីគណបក្សនយោបាយនានា បានមកចូលរួមក្នុងជីវភាពនយោបាយ នៃគណបក្សប្រជាជនកម្ពុជា ក្នុងឆ្នាំ២០១៨ មានចំនួនសរុប ១១៤៥នាក់ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ៕