(កំពង់ចាម)៖ គណចលនាសាសនាខេត្តកំពង់ចាម ការិយាល័យធម្មការ និងសាសនា ស្រុកកងមាស ស្រុកស្រីសន្ធរ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ បានសហការគ្នា រៀបចំវេទិការប្រយុទ្ធប្រឆាំង និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងជួបសំណេះសំណាលជាមួយមេដឹកនាំសាសនា លោកអាចារ្យទូទាំងស្រុក។
វេទិការនេះ ដឹកនាំដោយលោក សេង សុមុនី អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងប្រធានគណចលនាសាសនាខេត្ត តំណាងទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា, លោកស្រី មិន ចណ្ឌីណែត អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា, លោក មិន ម៉ាដេត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងធម្មការ និងសាសនា និងលោក អ៊ុន សុផល អនុប្រធានមន្ទីរធម្មការ និងសាសនា តំណាងគណអភិបាលស្រុក មេឃុំអាជ្ញាធរដែនដី កងកម្លាំងទាំងបីផ្នែកស្រុក។
ក្នុងឱកាសនោះ លោក សេង សុមុនី ក៏បានលើកពីការអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឲ្យលុបបំបាត់គ្រឿងញៀនខុសច្បាប់នៅទូទាំងប្រទេស គោរច្បាប់ចរាចរណ៍ អហិង្សាធម៌សុខសន្តិភាព រួមទាំងបរិស័ទគ្រប់សាសនាផងដែរ។
បើតាមលោក សេង សុមុនី ការអនុវត្តនេះដោយឈរលើគោលការណ៍សំខាន់ៗ គឺ៖ សាសនាប្តេជ្ញារួមគ្នា អប់រំ ផ្សព្វផ្សាយ លុបបំបាត់គ្រឿងញៀន តាមរយ:ការទេសនា, បន្តការអប់រំ និងចុះជួបដោយផ្ទាល់ក្នុងសហគមន៍ ឪពុកម្តាយ អាណាព្យាបាល បរិស័ទ សាលារៀន ដែលនៅជិតបំផុតដោយប្រើប្រាស់យន្តការ បំបាត់អំពើហិង្សា គោរពច្បាប់ចរាចរណ៍ បញ្ជៀសជំងឺអេដស៍ មេរោគអេដស៍, លើកកម្ពស់សិទ្ធិកុមារ, ផ្តល់ក្តីស្រឡាញ់ដល់កុមារ, គោលការណ៍គ្រឹះ កុមារជាទំពាំងស្នងឫស្សី, រួមគ្នារក្សាសន្តិភាព នៅក្នុងសង្គមជាមួយរាជរដ្ឋាភិបាល និងប្តេជ្ញាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា៕