(ប៉ៃលិន)៖ ប្រជាពលរដ្ឋខ្មែរ និងខ្មែរឥស្លាម ដែលជួបការលំបាកទីទាល់ក្រចំនួន២១គ្រួសារ រស់នៅសង្កាត់ប៉ៃលិន ខេត្តប៉ៃលិន បានទទួលអំណោយ និងថវិកាពីក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ប៉ៃលិន ដែលដឹកនាំដោយលោក ផាន់ ចាន់ថុល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ប៉ៃលិន នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ ស្ថិតក្នុងភូមិអូរតាពុកលើ និងភូមិបរឌិននៀវ ក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោក ផាន់ ចាន់ថុល បានលើកឡើងថា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនិងសំណូមពររបស់ប្រជាពលរដ្ឋ ក្រុមការងារគណៈពង្រឹងសង្កាត់ប៉ៃលិន បានរួមចំណែកយ៉ាងសកម្មជាមួយអាជ្ញាធរ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលជាច្រើនទៀត តាមមូលដ្ឋាន ក្នុងគោលដៅលើកស្ទួយស្ថានភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ និងក៏បានរួមចំណែកដោះស្រាយការលំបាកនៅពេលដែលប្រជាពលរដ្ឋ សមាជិក សមាជិកា ណាម្នាក់ជួបប្រទះការលំបាកធ្ងន់ធ្ងរ។
លោកប្រធានក្រុមការងារ បានបន្ដថា កន្លងមកក្រុមការងារបាននាំយកនូវគ្រឿងឧបភោគ បរិភោគ និងសម្ភារដែលជាអំណោយរបស់គណបក្សប្រជាជនកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ តាមមូលដ្ឋានជាបន្តបន្ទាប់ មិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយអត់បាយនោះឡើយ។
លោក ផាន់ ចាន់ថុល បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលកន្លងមកសម្តេចតែងតែយកចិត្តទុកដាក់ ជាមួយប្រជាពលរដ្ឋ និងប្រទេសជាតិធ្វើឲ្យប្រទេសកម្ពុជា មានការរីកចម្រើន សេចក្តីសុខសន្តិភាព និងការអភិវឌ្ឍន៍។
បន្ថែមពីនេះ លោកក៏បានផ្តាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារដោយរដូវនេះមានភ្លៀងធ្លាក់ លាយឡំជាមួយខ្យល់ និងផ្គររន្ទះដែលងាយបង្កគ្រោះថ្នាក់ ហើយបើមានកើតបញ្ហាអ្វីកើតឡើងក្នុងគ្រួសារត្រូវរាយការណ៍ទៅមេឃុំ ចៅសង្កាត់ ដែលនៅជិតកៀក ដើម្បីឲ្យក្រុមការងារចុះជួយឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលទទួលអំណោយពីប្រធានក្រុមការងារ រួមមានចំនួន២ភូមិ ស្មើនឹង ២១គ្រួសារ គឺភូមិអូរតាពុកលើ ចំនួន១៥គ្រួសារ និងភូមិបរឌិននៀវ ជាសាសនិកឥស្លាម ចំនួន០៦គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម មី១កេះ និងថវិកាចំនួន១ម៉ឺនរៀល៕