(បាត់ដំបង)៖ គណៈពង្រឹងមូលដ្ឋានឃុំអន្លង់រុន ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ថ្មីជិត២០០នាក់ ដែលពួកគាត់បានសម្រេចចូលរួមជីវភាព នយោបាយ បន្ទាប់ពី​បានឃើញគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ រួមរស់ជាមួយប្រជាពលរដ្ឋរហូតមក ហើយការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យជាច្រើនទៀ​តឲ្យកាន់តែរីកចម្រើនពីមួយ​ថ្ងៃទៅមួយថ្ងៃ។​

ក្នុងពិធីនៅថ្ងៃទី០៩ ខែមិថុនា​ ឆ្នាំ២០១៨ លោក អ៊ុក គឹមលេខ អនុប្រធានក្រុមការងារស្រុកថ្មគោល ​បានថ្លែងអំណរគុណ​ប្រជាពលរដ្ឋទាំង​១៩៨​រូប ដែលបានមកចូលរួមរស់​នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលការសម្រេច​នេះ គឺ​ជាការសម្រេច​ដ៏ត្រឹមត្រូវ ព្រោះការដឹកនាំរបស់​បក្សប្រជាជនកម្ពុជា មិនត្រឹមតែបាននាំមកនូវសុខសន្តិភាព ជូនប្រទេសជាតិនោះទេ ថែមទាំងបានអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ។

លោកក៏បាន​អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មានឈ្មោះ​បោះឆ្នោត អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ កុំជឿតាមការញុះញង់​របស់ជនណាមួយ ដែលអំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត និង​​សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីក​ចម្រើន។

ជាមួយគ្នានោះ ​លោក លី ឡាយ ប្រធានក្រុមការងារចុះជួយឃុំអន្លង់រុន ព្រមទាំងក្រុមការងារ​បានបន្តសំណេះសំណាល ជាមួយសមាជិកបក្សចាស់ នៅភូមិសូភី ប្រមាណ​២៦០នាក់ និងបាននាំយកអំណោយ ​ថវិកាមួយចំនួនជូនពួកគាត់ផងដែរ៕