(កោះកុង)៖ លោក ប៊ុន លើត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង និងលោកស្រី មិថុនា ភូថង អនុប្រធានគណបក្សប្រជាជនខេត្តកោះកុង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញប្រកាសបញ្ជូលសមាជិកគណបក្សប្រជាជន ចំនួន៣៣៦នាក់ នៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។
ក្នុងពិធីអបអរសាទរសមាជិកថ្មី ទាំងលោក ប៊ុន លើត និងលោកស្រី មិថុនា ភូថង បានថ្លែងថា សមាជិកថ្មីដែលមករួមរស់ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន ដោយមិនប្រកាន់និន្នាការ ប្រកាន់ពូជសាសន៍ខ្មែរតែមួយ រស់នៅក្នុងដំបូលរដ្ឋធម្មនុញតែមួយ និងក្រោមការដឹកនាំប្រកបសុខសន្តិភាព រួមទាំងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកស្រី បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ប្រកាន់ជំហរស្រឡាញ់រាប់អាន សិទ្ធស្នាលដូចគ្រួសារតែមួយ ដោយមិនដែលបានគិតថា បងប្អូនជាបក្សនេះ ឬបក្សនោះ គឺជាពលរដ្ឋកម្ពុជាតែមួយ ហើយមានសិទ្ធិស្មើៗគ្នា មិនតែប៉ុណ្ណោះថ្ងៃនេះ បានធ្វើឲ្យកាន់តែខិតមករស់នៅកាន់តែកៀកគ្នាជាងមុន ហើយដើរលើផ្លូវតែមួយដោយមិនអាចអ្នកណាបំបែកបំបាក់បានថែមទៀត។
អនុប្រធានគណបក្សប្រជាជនខេត្តកោះកុងរូបនេះ បានបន្តថា ដោយផ្នែកលើដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺពលរដ្ឋទាំងអស់ច្បាស់ណាស់ មិនបែកបាក់សាមគ្គីភាព ឯកភាពគ្នាបន្តកសាងប្រទេសជាតិ មិនជឿលើបរទេស ដែលតែងតែញុះញង់ កកូកកាយផ្ទៃក្នុងជាតិកម្ពុជា ឲ្យបែងចែកពណ៏សម្បុរ ប្រើមនោគមន៍វិជ្ជាឲ្យក្រុមជ្រល់និយមក្រៅស្រុក ពង្វក់ស្មារតីប្រជាពលរដ្ឋ ក្នុងគោលបំណង ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយបដិវត្តន៍ពណ៌ ខណៈដែលពលរដ្ឋកំពុងរស់នៅប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ៕