(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋជិត៣០០គ្រួសារ ស្ថិតនៅក្នុងឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទទួលបានអណ្តូងទឹកស្អាតចំនួន១០ ពីមូលនិធិអណ្តូងទឹករបស់អ្នកឧកញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក។ ការប្រគល់អណ្តូងទឹកនេះ បានធ្វើឡើងដោយ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមទាំងក្រុមការងារ នៅពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ។
ថ្លែងក្នុងឱកាសនោះ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការប្រគល់អណ្តូងទឹកនេះ គឺការធ្វើបុណ្យជាមួយប្រជាពលរដ្ឋ និងជាការគិតគូយកចិត្តទុកដាក់ពីសុខទុក្ខ ការរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង តាមរយៈការឲ្យក្រុមការងារ និងមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ចុះជួបប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីតម្រូវការជាក់ស្តែង និងដោះស្រាយតម្រូវការបម្រើប្រជាពលរដ្ឋទៅតាមលទ្ធភាព។
ជាក់ស្តែង ដោយមើលឃើញពីតម្រូវការចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋដែលនៅតំបន់ឆ្ងាយពីប្រភពទឹក មានការខ្វះខាតទឹកស្អាតប្រើប្រាស់ ជាពិសេសនៅរដូវប្រាំងទើបសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ឲ្យក្រុមការងារមូលនិធិអណ្តូងទឹក របស់អ្នកឧកញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ឪពុកម្តាយបង្កើតសម្តេចតេជោ ហ៊ុន សែន ធ្វើជូនប្រជាពលរដ្ឋនៅទីនេះអាស្រ័យផល ដើម្បីបង្កភាពងាយស្រួល និងបំពេញសេចក្តីត្រូវការក្នុងជីវភាពប្រចាំថ្ងៃ។
ប្រជាពលរដ្ឋដែលបានទទួលអាស្រ័យផល នៃអណ្តូងទឹកទាំងអស់ ម្នាក់ៗបានសំដែងនូវក្តីរំភើបសប្បាយរីករាយ និងដឹងគុណយ៉ាងជ្រាវជ្រៅចំពោះម្ចាស់អណ្តូង ពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់គិតគូរ ពីសុខភាពប្រជាពលរដ្ឋគ្រប់ទីកន្លែង ជួយដោះស្រាយបញ្ហា ទឹកស្អាត និងបំពេញនូវសេចក្តីត្រូវការផ្សេងៗទៀត នៅពេលដែលពលរដ្ឋជួបការលំបាក ដោយគ្មានការរើសអើងអ្វីឡើយ។ ហើយពួកគាត់ម្នាក់ៗ បានប្តេជ្ញាចិត្ត បន្តគំទ្របោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន បន្តទៀត នៅថ្ងៃទី២៩ ខែកក្តដាខាងមុខនេះ ដើម្បីឲ្យប្រទេសជាតិមានសុខសន្តិភាព និងរីកចម្រើនទៅមុខទៀត។
សូមបញ្ជាក់ថា អណ្តូងដែលជាអំណោយរបស់លោកតា ហ៊ុន នាង និងលោកយាយ ឌី ប៉ុក ឪពុកម្តាយបង្កើតសម្តេចតេជោ ហ៊ុន សែន បានធ្វើជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស បានចំនួន១ពាន់អណ្តូង ហើយរយៈពេល៥ឆ្នាំមកនេះ ក្រុមការងារឃួងរួចរាល់បាន ចំនួន៤៧៧អណ្តូង រួមទាំងអណ្តូងដែលដាក់ឲ្យប្រើប្រាស់ជាផ្លូវការ បានចំនួន៣៩៦អណ្តូង។
ឆ្លៀតក្នុងឱកាសនេះ លោកស្រី ពេជ ចន្ទមុន្នី ក៏បានដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ មកពិនិត្យសុខភា ប្រជាពលរដ្ឋមួយចំនួនទៀត សម្រាប់ពលរដ្ឋណាដែលមានបញ្ហាសុខភាព និងទទួលបានការពិគ្រោះជំងឺជាមួយគ្រូពេទ្យជំនាញ និងផ្តល់ថ្នាំព្យាបាលជំងឺស្រាលៗដោយមិនគិតថ្លៃ។
លើសពីនោះ បើមានសភាពជំងឺធ្ងន់ធ្ងរ ត្រូវបានបញ្ជូនមកព្យាបាលនៅភ្នំពេញជូន ក្រោមការឧបត្ថម្ភទាំងស្រុងពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕