(ព្រៃវែង)៖ លោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយស្រុកបាភ្នំ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ បានលើកឡើងថា ការអំពាវនាវមិនឱ្យទៅចូលរួមបោះឆ្នោត គឺជាការមិនគោរពឆន្ទៈរបស់ប្រជាពលរដ្ឋ។
ការលើកឡើងបែបនេះរបស់ លោក ព្រុំ សុខា បានធ្វើឡើងក្នុងឱកាសដែលោកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋគ្រប់និន្នាការ ឮសរុបចំនួន ២,១៥០នាក់ ដែលជាតំណាងគ្រួសារទាំងអស់មកពីភូមិទាំង ១៥ ក្នុងឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយមានការចូលរួមពីសំណាក់សមាជិកក្រុមការងារ ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។
លោក ព្រុំ សុខា បានលើកឡើងយ៉ាងដូច្នេះថា «ខ្ងុំសូមសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋរួបរួមគ្នា ដើម្បីកសាងស្រុកភូមិឱ្យមានការរីកចម្រើនបន្តទៅទៀត ពិសេសសូមទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ដោយកុំចាញ់ពាក្យឃោសនាអកុសលទាំងឡាយរបស់មជ្ឈដ្ឋានអគតិដែលញុះញង់ រារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោតតាមលេសបំភ័ន្តនៃរបស់ដែលហៅថា ដេកផ្ទះឈ្នះឯង ឬដេកផ្ទះឈ្នះស្អាត» ។
លោក ព្រុំ សុខា ចាត់ទុកការអំពាវនាវមិនឱ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត គឺជាការមាក់ងាយទឹកចិត្តប្រជាពលរដ្ឋ ជាការបំពាន និងមិនគោរពឆន្ទៈប្រជាពលរដ្ឋ ហើយការអំពាវនាវប្រជាពលរដ្ឋមិនឱ្យទៅចូលរួមបោះឆ្នោត ជាការដើរផ្ទុយ នឹងគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ ដែលត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ ហើយរាល់ទម្រង់នៃការញុះញង់ ការរារាំងដំណើរការបោះឆ្នោតមិនមែនគ្រាន់តែជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះទេ ថែមទាំងជាការប៉ុនប៉ងធ្វើឱ្យចុះខ្សោយអំណាចប្រជាជន ក្នុងក្របខ័ណ្ឌនីតិរដ្ឋ។
លោកប្រធានក្រុមការងារ ក៏បានធ្វើការអំពាវនាវសារជាថ្មី ឱ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតនៅពេលខាងមុខកុំបីអាក់ខាន ហើយលោកបានសង្កត់ធ្ងន់ និងរំលឹកប្រជាពលរដ្ឋថា កាលពី២៥ឆ្នាំមុន គឺនៅឆ្នាំ១៩៩៣ បងប្អូនប្រជាពលរដ្ឋទាំងអស់សស្រាក់សស្រាំចេញទៅបោះឆ្នោតគាំទ្រនយោបាយផ្សះផ្សារបង្រួបបង្រួមជាតិ ដើម្បីមាតុភូមិមានសន្តិភាពឡើងវិញ ចំណែកឯឆ្នាំ២០១៨នេះ បងប្អូនទាំងអស់ពិតជានឹងទៅចូលរួមបោះឆ្នោតកាន់តែសស្រាក់សស្រាំថែមទៀត បោះឆ្នោតដើម្បីប្រទេសជាតិយើងនៅបន្តមានសន្តិភាព ស្ថិរភាពកាន់តែរឹងមាំ បោះឆ្នោតដើម្បីសង្គមជាតិ មានការអភិវឌ្ឍរីកចម្រើនឆាប់រហ័ស ប្រកបដោយចីរភាព បោះឆ្នោតដើម្បីលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋនៅកម្ពុជាស្ថិតស្ថេរគង់វង្ស សម្រាប់អនាគតរុងរឿងរបស់មនុស្សជំនាន់នេះ និងកូនចៅជំនាន់ក្រោយ៕