(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាចំពោះទង្វើលោក សម រង្ស៊ី អតីតមេដឹកនំាបក្សសង្រ្គោះជាតិ ដែលបានចាត់ទុកព្រះរាជសារព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ ជាទីគោរពសក្ការៈបំផុតនៃយើង ដែលព្រះអង្គបានអំពាវនាវឲ្យប្រជាពលរដ្ឋ ជាកូនចៅ ចៅទូតទៅបោះឆ្នោតនៅថ្ងៃទី២៩ខែកក្កដា ឆ្នំា២០១៨ ខាងមុខនេះថា «ជាព្រះរាជសារក្លែងក្លាយ» ហើយកុំឲ្យប្រជាពលរដ្ឋអើពើនឹងព្រះរាជសារនេះ គឺមានបំណង «ប្រឆំាងនឹងទាត់ចោលព្រះរាជសារ» ជាចំហតែម្ដង។
ស្ថិតក្នុងន័យនេះ បើនិយាយពីគោលដៅប្រឆំាងនឹងព្រះមហាក្សត្ររបស់ត្រកូល សម រង្ស៊ី នេះ ក៏គ្មានអ្វីត្រូវចម្លែកនោះដែរ គឺខុសត្រង់តែថ្មីៗនេះលោក សម រង្ស៊ី បានចេញមុខប្រឆំាងជាចំហតែប៉ុណ្ណោះ។
លោក រត្ន័ សណ្ដាប់ បន្ដថា បើហេតុនេះចំពោះទង្វើលោក សម រង្ស៊ី ដែលចេញមុខប្រឆំាងនឹងព្រះមហាក្សត្រជាចំហនោះ នៅត្រង់ថា ព្រះរាជសារត្រូវបានប្រព័ន្ធព័ត៌មានជាតិ និងអន្ដរជាតិ ផ្សព្វផ្សាយយ៉ាងទូលំទូលាយបំផុត។ ហើយប្រជាពលរដ្ឋខ្មែរទំាងប្រុសទំាងស្រី ទំាងចាស់ទំាងក្មេងបានដឹងឮទូទំាងព្រះនគរ។ បានសេចក្ដីថា ព្រះរាជសារ គឺពុំមែនជាការផ្សព្វផ្សាយមានលក្ខណៈជាការអាថ៌កំបំាងអ្វីទ្បើយ។ បើហេតុនេះប្រសិនជាព្រះរាជសារក្លែងក្លាយ ឬមិនពិតដូចជាការចាត់ទុករបស់លោក សម រង្ស៊ី មែននោះ គឺប្រាកដណាស់! ព្រះមហាក្សត្រដែលជាម្ចាស់ផែនដីច្បាស់ជាទ្រង់ជា្របជាក់ជាពុំខាន។
ម្យ៉ាងទៀតឧបមាថា លោក សម រង្ស៊ី អះអាងពីមុននេះបន្ដិចថា គាត់យល់ច្រទ្បំទៅចុះ? តើចុះហេតុអ្វី ខណៈព្រះបរមរាជវំាងបានចេញមកប្រកាសជាផ្លូវការថា «ព្រះរាជសារពិតត្រឹមត្រូវ» យ៉ាងពិតប្រាកដហើយ។ តើហេតុអ្វីក៏លោក សម រង្ស៊ី មិនចេញមកសុំទោសព្រះករុណា ដើម្បីធ្វើការកែកំហុសខ្លួនទ្បើងវិញ?
បើដូចនេះចំពោះទង្វើលោក សម រង្ស៊ី ដែលចាត់ទុកព្រះរាជសារថា «ក្លែងក្លាយ» នោះ មិនហៅថា ជាការប្រឆំាងនឹងទាត់ចោលជាចំហទេឬអ្វី?
បើឈរលើមូលដ្ឋាននេះបើនិយាយពីទង្វើលោក សម រង្ស៊ី ដែលមិនគោរពនឹងប្រឆំាងព្រះមហាក្សត្រ គឺបង្ហាញពីគោលបំណងឲ្យឃើញជារូបភាពនយោបាយសំខាន់ៗនោះគឺ៖
ទីមួយ៖ យើងឃើញថា ក្រោយការបោះឆ្នោតរដ្ឋសភា ឆ្នាំ២០១៣ ព្រះមហាក្សត្របានកោះអញ្ជើញសមាជិកសភាទំាងពីរគណបក្សគឺគណបក្សប្រជាជនកម្ពុជា និងសង្រ្គោះជាតិ ឲ្យមកប្រជុំ និងស្បថនៅព្រះបរមរាជវំាងក្រោមព្រះរាជធិបតីភាពព្រះអង្គ។ លោក សម រង្ស៊ី បានទាត់ចោល។ ផ្ទុយទៅវិញលោក សម រង្ស៊ី បែរជាដឹកនំាសមាជិកសភាខ្លួន ទៅស្បថនៅអង្គរវត្ដ ក្រោមអធិបតីភាពខ្លួនទៅវិញ។ ត្រង់ចំណុចនេះ លោក សម រង្ស៊ី ចង់បង្ហាញជាសារនយោបាយថា បក្សខ្លួនកំពុងតែផ្លាស់ប្ដូរពីរបបរាជានិយម មកជាសាធារណរដ្ឋដោយមានលោក សម រង្ស៊ី ជាប្រធានាធិបតីហ្នឹងឯង។
ទី២៖ យើងឃើញទៀតថា នៅថ្ងៃទី៣០ សីហា ឆ្នាំ២០១៣ ព្រះមហាក្សត្របានចេញព្រះរាជសារកុំឲ្យលោក សម រង្ស៊ី ដឹកនំាបាតុកម្មដើម្បីជៀសវាងបង្កចលាចលដល់សន្ដិសុខសង្គម និងសេចក្ដីសុខសាន្ដប្រជាពលរដ្ឋ ពិសេសកុំឲ្យខ្មាសបរទេស។ ផ្ទុយទៅវិញ លោក សម រង្ស៊ី បានដឹកនំាបាតុកម្មមកបុកទំលាយរនំាងការពារព្រះបរមរាជវំាង ក្រោមហេតុផលថា ចង់អុជធូកនៅព្រះអង្គដងកើយ។ ស្ថិតក្នុងហេតុការណ៍នេះដើម្បីជៀសនូវការប្រឈមមុខដាក់គ្នា ពិសេសកុំឲ្យគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋ មកពីស្រុកស្រែចំការដែលចាញ់បោកនូវការអូសទាញលោក សម រង្ស៊ី នោះសមត្ថកិច្ចក៏បានអនុញ្ញាតឲ្យលោក សម រង្ស៊ី លោក កឹម សុខា និងគូកនខ្លះចូល។ ស្រាប់តែពេលនោះ លោក សម រង្ស៊ី បានស្រែកហ៊ោកញ្ជ្រៀវយ៉ាងកងរំពង។
ចំពោះករណីនេះបើនិយាយពីព្រះដងកើយ ជាទីកន្លែងសក្ការៈបូជាសាធារណៈ អ្វីដែលមតិជាតិ-អន្ដរជាតិចាប់អារម្មណ៍នោះត្រង់ថា លោក សម រង្ស៊ី ពុំដែលឈានជើងមកទីនេះ ម្ដងណាទេ។ ត្រង់ចំណុចនេះ យើងសួរថាតើយើងគួរឲ្យជឿបានទេថា លោក សម រង្ស៊ី មានបំណងចង់អុជធូកដោយសុចរិកនោះ? ប្រាកដណាស់គឺអត់ទេ។ បើដូច្នេះ លោក សម រង្ស៊ី ចង់បង្ហាញជាសារនយោបាយដល់មហាជនក្នុងខណៈនោះថា បើលោកដឹកនំាកម្លំាងបាតុកម្មទម្លាក់រាជរដ្ឋាភិបាលបាន គឺរបងវំាងក៏ត្រូវទំលាយចោលផងដែរ។
ទី៣៖ យើងឃើញយ៉ាងច្បាស់ថ្មីៗនេះ លោក សម រង្ស៊ី ចេញមកប្រឆំាងនឹងព្រះមហាក្សត្រជាចំហតែម្ដង គឺការទាត់ចោលព្រះរាជសារព្រះអង្គថា «ក្លែងក្លាយ» នេះឯង។ បើដូច្នេះ ចំពោះទង្វើលោក សម រង្ស៊ី ដែលទាត់ព្រះរាជសារព្រះមហាក្សត្រ គឺស្មើនឹងទាត់ចោលរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងទាត់ចោលរដ្ឋធម្មនុញ្ញយ៉ាងដូច្នោះដែរ៕