(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីការពារសុខសន្ដិភាព និងបន្ដការអភិវឌ្ឍប្រទេសជាតិ។
ការថ្លែងបែបនេះ របស់នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញបញ្ចុះបឋមសិលាសាងសង់ឧបដ្ឋានសាលាវត្តជ្រៃធំ ស្ថិតនៅភូមិដងក្តារ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលមានទំហំ៣០ម៉ែត្រគុណ១៨ម៉ែត្រ។
បើតាមនាយឧត្តមសេនីយ៍ ប៉ុល សារឿន, នៅក្នុងរបបប្រល័យពូជសាសន៍ ទីវត្តអារាមព្រះពុទ្ធសាសនា ត្រូវបានបំផ្លិចបំផ្លាញ ឬយកធ្វើជាឃ្លាំង និងទីកន្លែងចិញ្ចឹមសត្វ។ សិទ្ធិសេរីភាព ជំនឿសាសនា ទំនៀមទំលាប់ប្រៃណី ហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យ សាលារៀន និងសំណង់អគារទាំងឡាយត្រូវបានបំផ្លាញចោលទាំងស្រុង និងបានធ្វើឲ្យចាត់បង់ជីវិតប្រជាជន ជាង៣លាននាក់ ព្រមទាំងបង្កការឈឺចាប់ធ្ងន់ធ្ងរទាំងផ្លូវកាយ និងផ្លូវចិត្តដល់ប្រជាពលរដ្ឋស្លូតត្រង់ជាច្រើនលាននាក់។
ក៏ប៉ុន្តែក្នុងរយៈពេល៣៩ឆ្នាំកន្លងមកនេះ ដែលផ្តើមចេញពីកម្លាំងសាមគ្គីមហាជ័យជម្នះ ៧មករា ១៩៧៩ បានធ្វើឲ្យប្រទេសកម្ពុជា មានមានការីកចម្រើនជាលំដាប់ ដែលរហូតមកដល់បច្ចុប្បន្ន វត្តនៅទូទាំងប្រទេស៤៩២៥វត្ត និងព្រះសង្ឃ៦៦០៥៦អង្គ ចំណែកស្រុករមាសហែក មានវត្ត៥២វត្ត និងព្រះសង្ឃចំនួន២១៣៤អង្គ ចំពោះឃុំជ្រៃធំមានវត្តចំនួន៣វត្ត និងមានព្រះសង្ឃចំនួន២១អង្គ ដែលមានប្រជាពុទ្ធបរិស័ទ គោរពប្រតិបត្តិយ៉ាងច្រើនកុះករ តាមគន្លងព្រះពុទ្ធសាសនា។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺពោរពេញដោយសន្តិភាព និងការអភិវឌ្ឍ។ សន្តិភាពដែលកម្ពុជា មានបច្ចុប្បន្ន គឺកើតចេញពីការអនុវត្តនយោបាយឈ្នះឈ្នះ ដែលបានរំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម ហើយនាំមកនូវសន្តិភាពជូនកម្ពុជានៅចុងឆ្នាំ១៩៩៨។ ក្នុងតម្លៃណាក៏ដោយ កម្ពុជាត្រូវការពារឲ្យបានរឹងមាំនូវសន្តិភាព ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិ និងនាំមកនូវសុខដុមរមនា ភាពសម្បូររុងរឿងជូនប្រជាពលរដ្ឋកម្ពុជា ជានិច្ចនិរន្តរ៍ និងប្រឆាំងដាច់ខាតចំពោះក្រុមជ្រុលនិយម ឬជនក្បត់ជាតិ ដែលមានបំណងបំផ្លាញសន្តិភាព។
ក្រោមម្លប់សន្តិភាព វិស័យពុទ្ធសាសនាត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់ និងលើកកម្ពស់ជាប់ជាប្រចាំ ដែលធ្វើឲ្យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ មានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ការរីកចម្រើនផ្នែកពុទ្ធចក្រ បានរួមចំណែកក្នុងការបង្កើនធនធានមនុស្ស សម្រាប់បម្រើឲ្យផ្នែកអាណាចក្រពីព្រោះថា វត្តអារាម គឺជាមជ្ឈមណ្ឌលដែលមានតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សឲ្យមានចំណេះដឹង ទាំងផ្នែកអក្សសាស្ត្រ និងជំនាញផ្សេងៗ ទាំងផ្លូវលោក និងផ្លូវធម៌។ វត្តអារាម គឺជាកន្លែងសម្រាប់ស្នាក់អាស្រ័យរបស់សិស្ស-និស្សិត សិក្សារៀនសូត្រ ជាទីជម្រកសម្រាប់ចាស់ជរា កុមារកំព្រាគ្មានទីពឹង និងជាកន្លែងសម្រាប់អប់រំ ទូន្មាន ប្រៀនប្រដៅ និងពត់ចិត្តមនុស្សឲ្យប្រព្រឹត្តនូវអំពើល្អ។ ព្រះពុទ្ធសាសនាជាឃ្លាំងផ្តល់នូវពុទ្ធិ ថែរក្សាគម្ពីរ អក្សរសាស្ត្រ វប្បធម៌ អរិយធម៌ ប្រពៃណី និងថែរក្សាព្រលឹងខ្មែរតាំងពីបុរាណមក ឲ្យស្ថិតស្ថេរគង់វង្ស និងរីកចម្រើន។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ល្បែងអបាយមុខគ្រប់យ៉ាង ត្រូវគោរពច្បាប់ចរាចរណ៍ និងត្រូវទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយបន្តបោះឆ្នោតជូនមេដឹកនាំជាតិ ដែលមានសមត្ថភាព និងលទ្ធភាពពេញលេញក្នុងការការពារសន្តិភាព និងអធិបតេយ្យជាតិ៕