(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដោយពួកគាត់ជាក្រុមគ្រូពេទ្យមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយ៉ាល ដោយឥតគិតថ្លៃ ជាងនេះទៅទៀតនោះ គឺមិនខ្លាចនឿយហត់ ពុះពារគ្រប់ទីកន្លែង ក៏ព្រោះចង់ឃើញបងប្អូនប្រជាពលរដ្ឋមានសុខភាពល្អ។
ការលើកឡើងរបស់ លោកទេសរដ្ឋមន្ត្រី ឆាយ ថន ធ្វើឡើងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ នាឱកាសក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅសាលាបឋមសិក្សាព្រៃផ្តៅ ភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយបានព្យាបាលជូនប្រជាពលរដ្ឋចំនួន៣,៧៨១នាក់ ដែលដឹកនាំផ្ទាល់ដោយ លោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី។
លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានបញ្ជាក់យ៉ាងដូច្នោះថា៖ «ជាទូទៅខ្ញុំមើលទៅគាត់ពិតជាយកចិត្តទុកដាក់ណាស់ ចាប់តាំងពីការវាស់ឈាម ការសាកសួរអ្នកជំងឺ រួចហើយការចេញវេជ្ជបញ្ជា រួមការឆ្លុះអេកូ កន្លែងវះកាត់ គឺផ្ចិតផ្ចង់យកចិត្តទុកដាក់ ដែលមានការផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋដែលបានមកព្យាបាលទាំងអស់ »។
លោកទេសរដ្ឋមន្ត្រីបន្ថែមថា ជាការកត់សម្គាល់របស់លោក គឺក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ លោក ហ៊ុន ម៉ានី មិនត្រឹមតែទាំងជួយព្យបាលជូនប្រជាពលរដ្ឋទាំងមានទំនុកចិត្តនោះទេ សម្រាប់គ្រូពេទ្យដែលមានសមត្ថភាពខ្ពស់ បានបង្ហាត់បង្ហាញក៏ដូចជា ចែករលែកបទពិសោធន៍ជូនគ្រូពេទ្យជំនាន់ក្រោយ (សិស្សប្អូន) ដែលបានចុះមកចូលរួមកម្មវិធីសប្បុរសធម៌មួយនេះ។
ក្នុងឱកាសនៃការព្យបាលជូនប្រជាពលរដ្ឋ នៅឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ តាមរបាយការណ៍បានបង្ហាញឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋទទួលបានការពិនិត្យជំងឺរួមមាន៖ កុមារ២៧១នាក់, ជំងឺស្រ្តី១៧៩នាក់, ជំងឺផ្លូវចិត្ត៩២នាក់, ជំងឺឫសដូងបាត១០៩នាក់, ជំងឺសន្លាក់ឆ្អឹង៧៨នាក់, ជំងឺរលាកសួត៦៧នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក៨១នាក់, ជំងឺភ្នែក៦២នាក់, ជំងឺសើរស្បែក៩២នាក់, ជំងឺទឹកនោមផ្អែ១៣៤នាក់, ជំងឺមាត់ធ្មេញ៨៣នាក់, អេកូសាស្ត្រ១២៧នាក់ ព្យាបាលរបួសនិងវះកាត់តូច៣៦ និងជំងឺទូទៅ២,៣៧០នាក់។
ប្រជាពលរដ្ឋក្នុងស្រុកសំរោងទង មានសេចក្តីរីករាយជាខ្លាំង ដោយបានឃើញក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី មកពិនិត្យ និងព្យាបាល ថែមទាំងជូនថ្នាំពេទ្យល្អៗ ដោយមិនគិតថ្លៃទៀត ហើយពួកគាត់ម្នាក់ៗ សុទ្ធតែសម្តែងក្តីរំភើបជាខ្លាំង និងចង់បានការពិនិត្យបែបនេះជាញឹកញាប់ថែមទៀត ដើម្បីចុះមកព្យាបាលជំងឺជូនពួកគាត់បន្តទៀត។
បុរសមានវ័យចំណាស់ ឈ្មោះ ទឹម យ៉ុន អតីតមន្ត្រីយោធា សព្វថ្ងៃជាជនពិការ រស់នៅភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង បច្ចុប្បន្នមានជំងឺថ្លើម និងរលាកក្រពះនោះ បានសម្តែងក្តីរីករាយ ដោយបានឃើញក្រុមគ្រូពេទ្យមកព្យាបាលជូនគាត់ និងប្រជាពលរដ្ឋ ក្បែរលំនៅដ្ឋាន។
លោក ទឹម យ៉ុន បានលើកឡើងថា «នៅពេលដែលក្រុមគ្រូពេទ្យមកព្យាបាលដល់យើង គឺចំណេញច្រើនណាស់ គឺមិនអស់លុយ ដោយមិនចាំបាច់ទៅព្យាបាលនៅមន្ទីរពេទ្យឯកជន នាំឲ្យអស់លុយច្រើន»។
លោក ទឹម យ៉ុន ក៏បានស្នើសុំឲ្យសកម្មភាពចុះព្យាបាលជំងឺពលរដ្ឋដោយឥតគិតថ្លៃនេះ កើតមានឡើងឲ្យបានញឹកញាប់បន្តិច ព្រោះបានចូលរួមចំណែកកាត់បន្ថយ ភាពលំបាករបស់ពលរដ្ឋបានច្រើន ហើយលោកក៏បានថ្លែងអំណរគុណដល់ លោក ហ៊ុន ម៉ានី ដែលបានបញ្ជូនក្រុមគ្រូពេទ្យមកព្យាលជូនគាត់ និងប្រជាពលរដ្ឋដទៃទៀត។
សូមបញ្ជាក់ថារយៈពេល៦៦ខែ (២០១២-២០១៨) នេះជាឆ្នាំទី៦ហើយ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន៣,១២៣នាក់ (បីពាន់មួយរយម្ភៃបីនាក់) ចុះពិនិត្យនិងព្យាលបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១៥០លើក ក្នុងនោះព្យាលបាលជូនប្រជាពលរដ្ឋបានចំនួន៣១២,១៤៥នាក់ (សាមសិបមួយម៉ឺន ពីរពាន់ មួយរយសែសិបប្រាំ)។
លោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ក៏បានអំពាវនាវប្រជាពលរដ្ឋ មានការថែរក្សាសុខភាពឲ្យបានគ្រប់ៗគ្នា ដើម្បីចៀសផុតពីជំងឺគ្រប់ប្រភេទ ដើម្បីប្រកបមុខរបរប្រចាំថ្ងៃបានល្អ នាំឲ្យសេដ្ឋកិច្ចនៅកម្ពុជា ស្ថិតនៅក្នុងរង្វង់៧ភាគរយ។ ការដែលនាំឲ្យសេដ្ឋកិច្ចគឺបណ្តាលមកពី ប្រទេសជាតិមានសុខសន្តិភាពដូចសព្វថ្ងៃនេះ។
សូមជម្រាបជូនថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋរួមនឹងការចែកជូនថ្នាំដោយឥតគិតថ្លៃ បានចំនួន១៦រាជធានីខេត្តហើយ ដោយក្នុងនោះរួមមានខេត្តដូចជា៖ កំពង់ស្ពឺ, កំពង់ធំ, កំពង់ចាម, ព្រៃវែង, តាកែវ, កំពង់ឆ្នាំង, សៀមរាប, បាត់ដំបង, កណ្តាល, ព្រះវិហារ, កំពត, កោះកុង, ព្រះសីហនុ, បន្ទាយមានជ័យ, ស្វាយរៀង និងរាជធានីភ្នំពេញ៕