(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ បានចុះសួរសុខទុក្ខ និងចែកអំណោយដល់ ប្រជាពលរដ្ឋ រស់នៅតំបន់ផ្នូរខ្មោច ស្ថិតក្នុងសហគមន៍ស្មសាន ក្នុងភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានរាយការជូន លោកអភិបាលរាជធានីភ្នំពេញ អំពីប្រវត្តិសហគមន៍ស្មសាន្ត ដោយសង្ខេបថា សហគមន៍ស្មសាន្ត ត្រូវបានចងក្រងឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ ប៉ុន្តែមិនទាន់មានឯកសារ ទទួលស្គាល់ជាផ្លូវការនៅឡើយ។
ពីមុនទីតាំងនេះជាផ្នូរសព និងមានអគាររបស់រដ្ឋចាស់មួយ ហើយនៅក្នុងអំឡុងឆ្នាំ១៩៩០ ប្រជាពលរដ្ឋមួយចំនួន ដែលមានលំនៅឋានជាប់មាត់ទន្លេបាសាក់ ត្រូវបានបាក់ចូលទន្លេ ធ្វើឲ្យបាត់បង់ផ្ទះស្នាក់នៅ ក៏ចូលមករស់នៅក្បែរផ្នូវខ្មោចនេះ និងមួយផ្នែកទៀត ប្រជាពលរដ្ឋដែលនៅក្នុងផ្សារបន្លែ ក៏មករស់នៅទីនេះ ផងដែរ។ បច្ចុប្បន្នតំបន់នេះ មានប្រជាជនសរុបចំនួន១១២គ្រួសារ ស្មើចំនួនមនុស្ស៤៦៨នាក់ ស្រី២៥០នាក់ មាន៩០ខ្នងផ្ទះ។
លោក ឃួង ស្រេង បានថ្លែងយ៉ាងបញ្ជាក់យ៉ាងច្បាស់ថា ក្រោមការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន ឲ្យរៀបចំដោះដូររស់នៅចេញពីតំបន់ផ្នូរ ហើយទៅរស់នៅតំបន់ព្រែកព្នៅ ក្នុងសហគមន៍អណ្តូង សង្កាត់គោករកា ប៉ុន្តែទាល់តែប្រជាពលរដ្ឋយល់ព្រម ដោយស្ម័គ្រចិត្តផងដែរ ដោយសារតែនៅតំបន់ផ្នូរសពនេះ មានការលំបាក ហើយរស់នៅជាមួយផ្នូរខ្មោច៕