(តាកែវ)៖ អំណោយរបស់ លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលមានសៀវភៅ ប៊ិច សម្លៀកបំពាក់ ស្បែកជើង ភេសជ្ជៈ គ្រឿងបរិភោគ និងថវិកា៥លានរៀល ត្រូវបានប្រគល់ជូន មណ្ឌលកុមាកំព្រាអង្គការសឿន ដែលស្ថិតក្នុងភូមិធម្មវិន័យ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ពិធីនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ ដោយមានការចូលរួមពី អាជ្ញាធរមូលដ្ឋានស្រុកព្រៃកប្បាស សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រៃកប្បាស និងផ្នែកពាក់ព័ន្ធនានា ផងដែរ។
លោក អ៊ួន សឿន ស្ថាបនិកមណ្ឌលកុមារកំព្រាអង្គការសឿន លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការស់នៅរបស់បុគ្គលិក នៅក្នុងអង្គការនេះ។
លោក មែ ស៊ីថន តំណាងលោក ហ៊ុន ម៉ាណែត បានលើកឡើងអំពីការលះបង់ និងក្តីស្រលាញ់របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែមាន និងបានគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការស់នៅរបស់ក្មួយៗ ជាកុមារកំព្រា នៅតាមរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសក្មួយៗកូនៗកុមារកំព្រាក្រីក្រទាំងអស់។
លោកបានបញ្ជាក់ថា ក្រោមម្លប់សន្តិភាព និងស្ថិរភាពនយោបាយ បានផ្តល់ឱកាសឲ្យយើង អាចធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីរួមគ្នាជួយដល់សង្គមជាតិ និងការអភិវឌ្ឍភូមិភូមិយើង។ លោកបានសំណូមពរឲ្យក្មួយៗទាំងអស់ ខិតខំរៀនសូត្រ និងស្តាប់លោកគ្រូអ្នកគ្រូ ដើម្បីអនាគតកាន់តែល្អប្រសើរ។
លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាព ដែលមានដូចពេលបច្ចុប្បន្នឲ្យបានគង់វង្សយូរអង្វែង តាមរយៈការបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ដើម្បីបន្តការអភិវឌ្ឍ និងបន្តរក្សាភាពសុខសាន្ត។
លោក មែ ស៊ីថន ជំនួសមុខជូន លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្នមុនី្ន បានថ្លែងអំណរគុណ លោក អ៊ួន សឿន និងភរិយា ព្រមទាំងសប្បុរសជនទាំងអស់ នៅសហរដ្ឋអាមេរិក និងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ដែលតែងតែជួយឧបត្ថម្ភគាំពារ ដល់មណ្ឌលកុមារកំព្រាអង្គការសឿន ដែលជាការជួយដល់ការលូតលាស់ និងភាពកក់ក្តៅដល់កុមារទាំងអស់ក្នុងមណ្ឌលនេះ។
នៅចុងក្រោយនៃពិធីនេះ ក្រុមការងាររួមជាមួយអាជ្ញាធរមូលដ្ឋានស្រុកព្រៃកប្បាស បានចូលរួមពិសារនុំបញ្ចុក ជាមួយកុមារកំព្រា និងប្រជាពលរដ្ឋ ប្រកបដោយភាពសប្បាយរីករាយ ស្និទ្ធស្នាល និងការប្តេជ្ញាចិត្តរបស់ពលរដ្ឋមានឈ្មោះបោះឆ្នោតទាំងអស់ ដែលប្តេជ្ញាទៅបោះឆ្នោតគ្រាប់គ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ៕