(ភ្នំពេញ)៖ អង្គការវិទ្យាស្ថានសន្ទនាមេគង្គ នាថ្មីៗនេះ សហការជាមួយក្រសួងធម្មការ និងសាសនា បានរៀបចំពិធីស្រាយបួសខែរ៉ាម៉ាដន នៃសាសនាឥស្លាមកម្ពុជា នៅក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះ ក៏មានការចូលរួមផងដែរ ដោយមន្រ្តីមកពីបណ្តាក្រសួងនានានៅកម្ពុជា។
គោលបំណង ក្នុងការរៀបចំពិធីស្រាយបួសនេះ គឺដើម្បីអបអរសាទរឱកាសបុណ្យខែ រ៉ាម៉ាដន របស់សាសនិកឥស្លាមកម្ពុជា និងរឹតបន្តឹងកិច្ចសហប្រតិបត្តិការ ឲ្យបានកាន់តែប្រសើរជាងមុន រវាងអង្គការវិទ្យាស្ថានសន្ទនាមេគង្គ និងបណ្តាក្រសួងទូទាំងប្រទេស។
លោក ផ្លោក ផន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ដែលជាតំណាងទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានធ្វើការកោតសរសើរចំពោះវិទ្យាស្ថានសន្ទនាមេគង្គ ដែលបានសហការយ៉ាងល្អជាមួយក្រុមការងារ ក្រសួងធម្មការ និងសាសនា រៀបចំពិធីនេះឡើង ក្នុងគោលបំណងដើម្បីកសាងទំនាក់ទំនងរវាងអ្នកមានជំនឿសាសនា រ៉ាម៉ាដន ជាមួយបងប្អូនសាសនិកឥស្លាម នៅទូទាំងពិភពលោក។
ជាមួយគ្នានេះ លោក ហាកាន់ អាតាសឺវ័រ នាយកប្រត្តិបត្តិវិទ្យាស្ថានសន្ទនាមេគង្គ (MDI) បានថ្លែងថា ក្នុងនាមលោកជាជនបរទេសរស់នៅក្នុងប្រទេសកម្ពុជា រយៈពេល១៣ឆ្នាំមកហើយ លោកមានភាពសប្បាយរីករាយ និងកក់ក្តៅណាស់ដែល ប្រទេសកម្ពុជាមានភាពស្វាគមន៍អបអរការគោរពសាសនាផ្សេងៗ ពិសេសក្រោយការប្រារព្ធពិធីអបអរខែរ៉ាម៉ាដន និងពិធីស្រាយបួសរបស់បងប្អូនសាសនិកឥស្លាម កាលពីថ្ងៃទី២៩ ខែឧសភា កន្លងទៅនេះ ត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនេះបង្ហាញពីសិទ្ធិសេរីភាពសាសនាដ៏ពេញលេញ នៅក្នុងប្រទេសកម្ពុជា។
លោកបញ្ជាក់ថា វិទ្យាស្ថានសន្ទនាមេគង្គ ក៏ប្រកាន់គុណតម្លៃស្រដៀងគ្នានេះដែរ ដោយផ្តោតលើសមភាព និងការរួមរស់ជាមួយគ្នា ដោយសន្តិភាពជាមួយពលរដ្ឋ ពីគ្រប់ជាតិសាសន៍។ គុណតម្លៃរបស់អង្គការគឺ បំផុសគំនិតរបស់ កវី អ្នកប្រាជ្ញ និងគ្រូបង្រៀនសាសនា១រូប ឈ្មោះ ហ្វាធូលោះ ហ្គូលែន ដែលបានលើកឡើងថា «យើងគួរតែមានចិត្ត ជួយមនុស្សគ្រប់រូបដែលខ្វះខាត»៕