(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល និងលេខាធិការដ្ឋានអាស៊ាន ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នឹងរៀបចំសន្និសីទអន្តរជាតិលើកទី២ ស្តីពីការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP) ក្រោមប្រធានបទ «អភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីការអភិវឌ្ឍិវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០-២១ ខែមិថុនា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខារ៉េស៊ីដង់ រាជធានីភ្នំពេញ។
ក្រសួងទេសចរណ៍ បានបញ្ជាក់ថា សន្និសីទអន្តរជាតិនេះមានការចូលរួមពីតំណាងអង្គការទេសចរណ៍អាស៊ាន (NTOs) អាស៊ានបូក៣ វាគ្មិន ភ្ញៀវជាតិ-អន្តរជាតិ ស្ថាប័នបណ្តុះបណ្តាល និងភាគីពាក់ព័ន្ធប្រមាណ ១,០០០នាក់។
សន្និសីទអន្តរជាតិនេះ បង្ហាញពីភាពជោគជ័យក្នុងការអនុវត្តកិច្ចព្រមព្រៀង MRA-TP នៅក្នុងកម្រិតតំបន់ដែលប្រទេសជាសមាជិកបានអនុវត្តរយៈពេល៦ឆ្នាំ កន្លងមក ដែលក្នុងនោះកម្ពុជាត្រូវបានលេខាធិការដ្ឋានអាស៊ាន និងប្រទេសជាសមាជិកវាយតម្លៃខ្ពស់ ជាប្រទេសឈានមុខលើវឌ្ឍនភាពការងារកន្លងមក ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យទេសចរណ៍របស់អាស៊ាន និងកម្ពុជា។
សន្និសីទអន្តរជាតិនេះនឹងពិភាក្សា និងចែករំលែកបទពិសោធន៍លើប្រធានបទមួយចំនួន ដូចខាងក្រោម៖
១. បញ្ហាប្រឈមក្នុងការផ្តល់សេវាកម្មទេសចរណ៍ប្រកបដោយគុណភាព នៅក្នុងបរិបទនៃការប្រកួតប្រជែងពិភពលោក។
២. ការងារ និងកំណើនសេដ្ឋកិច្ច៖ វិស័យទេសចរណ៍ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតឱកាសការងារ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកប្រកបដោយនិរន្តរភាព។
៣. កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA-TP) និងក្របខណ្ឌគតិយុត្ត។
៤. ការទទួលស្គាល់គុណវុឌ្ឍិអាស៊ាន «គោលដៅអនាគតនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍»។
៥. កិច្ចពិភាក្សាថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន-វិថីឆ្ពោះទៅកាន់ ASEAN MRA-TP។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និសីទអន្តរជាតិនេះ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨។
សូមជម្រាបថា កន្លងមក ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានទទួលស្គាល់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ចំនួន១៧ រួចមកហើយ ព្រមទាំងបណ្តុះបណ្តាលយុវជនកម្ពុជាជាង ២,០០០នាក់ រួចមកហើយដែរ ដែលបានចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកជំនាញទេសចរណ៍អាស៊ាន (ATPRS)។
ក្នុងឱកាសនេះ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ សូមអញ្ជើញភាគីពាក់ព័ន្ធនានា ជាពិសេសសាស្ត្រាចារ្យ និងគ្រូបណ្តុះបណ្តលាជំនាញវិជ្ជាជីវៈទេសចរណ៍ និងភាគីឯកជន ចុះឈ្មោះចូលរួមសិក្ខាសាលាខាងលើតាមរយៈតំណភ្ជាប់៖ https://goo.gl/forms/LOG4nMbT8yk48Jn73 (ចំនួនមានកំណត់) ដើម្បីទទួលបានឱកាសសិក្សារៀនសូត្រ និងស្វែងយល់បន្ថែមពីវាគ្មិនកិត្តិយសជាតិ-អន្តរជាតិ និងចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព៕