(កំពង់ធំ)៖ តំណាងរាស្ត្រខេត្តកំពង់ធំ លោក ងួន ញ៉ិល បានជំរុញឱ្យប្រជាពលរដ្ឋ កុំជឿតាមជនអគតិមួយចំនួន ដែលបានអំពាវនាវ កុំឲ្យពលរដ្ឋទៅបោះឆ្នោត ដោយលោកបានគូសបញ្ជាក់ថា ការបោះឆ្នោត គឺជាការប្រើប្រាស់សិទ្ធិអំណាចរបស់ពលរដ្ឋដោយផ្ទាល់ ក្នុងការជ្រើសរើសតំណាងរាស្រ្ត និងថ្នាក់ដឹកនាំប្រទេស។ លោកបានសង្កត់ធ្ងន់ថា បើពលរដ្ឋមិនទៅបោះឆ្នោត នឹងបាត់បង់សិទ្ធិ ក្នុងការសម្រេចចិត្តពីរឿងប្រទេសជាតិរបស់ខ្លួន។
ថ្លែងក្នុងពិធីសម្ពោធសមិទ្ធិផលនានា នៅក្នុងវត្តស្វាយភ្លើង ឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ងួន ញ៉ិល បានបន្តសំណូមពរដល់ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ក្នុងន័យបំពេញកាតព្វកិច្ចជាពលរដ្ឋដើម្បីជោគវាសនាខ្លួន និងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល បន្តអនុវត្តន៍នូវលទ្ធិប្រជាធិបតេយ្យ និងការរីកចម្រើនរបស់សង្គមជាតិ ព្រមទាំងសង្គមព្រះពុទ្ធិសាសនាផងដែរ។
ក្នុងឱកាសនោះ លោក ងួន ញ៉ិល ក៏បានបំពាក់គ្រឿងឥស្សរិយយស មេដាយស្ថាបនាជាតិប្រគេន និងជូនដល់សប្បុរសជន ដែលបានចូលរួមចំណែកកសាង អភិវឌ្ឍប្រទេសជាតិ និងបានប្រគេនថវិកា ព្រមទាំងសម្ភារៈចំពោះព្រះសង្ឃ និងកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់ នាពេលនោះ ផងដែរ៕