(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានដេញបង្ក្រាបក្រុមចោរឆក់ដ៏ជំនាញ និងសកម្ម​ចំនួ​ន០២នាក់ ដែល​ធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីនារីវ័យក្មេងម្នាក់​បានសម្រេច​​ រហូតក្របួចជាប់ជនសង្ស័​យម្នាក់ និងបក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់។ ហេតុការណ៍នេះ បានកើតឡើង នៅ​ព្រឹក​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨​នេះ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

មន្ត្រីនគរបាល បានឲ្យដឹងថា ជនសង្ស័​យដែលឃាត់ខ្លួន​មានឈ្មោះ សេរី ចំណាន ​អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ​សង្កាត់ទំនប់ទឹក ខណ្ឌចំការមន និងបក្ខពួកម្នាក់ទៀត ដែលកំពុងរត់គេចខ្លួននោះ ឈ្មោះ ថន អាយុប្រហែល១៨ឆ្នាំ​។ ចំណែកជនរងគ្រោះ ឈ្មោះ ផូង អ៊ិចឆេងឡាំង ​អាយុ​១៨ឆ្នាំ ជានិស្សិតឆ្នាំទី១ សកលវិទ្យាល័យភ្នំពេញ មានទីលំនៅ​ភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។ សម្ភារបាត់បង់គឺទូរស័ព្ទម៉ាក iPhone 6 ពណ៌ទឹកមាស និងឧបករណ៍សម្រាប់សាកថ្មទូរស័ព្ទ​ផងដែរ។

ជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេ​តុ ​ក្រោយពីនាងជួយរៀបឥវ៉ាន់ម្តាយ ក្នុងផ្សារស៊ិនជូរីហើយ ម្តាយបានប្រើឲ្យទៅយកសាច់ជ្រូក នៅភូមិប៉ប្រ៉កជើង ដើម្បីយកទៅលក់​ហើយទូរស័ព្ទ និងឧបករណ៍សាកថ្ម​ដាក់នៅក្នុងឃ្លប់ម៉ូតូ​និច ខាងមុខ ដោយជិះតាមផ្លូវសួនកុមារ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ មិនចាំស្លាកលេខ តាមពីក្រោយ​ហើយជនសង្ស័យជិះខាងក្រោយ ឈ្មោះ សេរី ចំណាន ជាអ្នកឆក់យកទូរស័ព្ទភ្លែត​ស្រែកភ្លាម​ពលរដ្ឋ និងកម្លាំងប៉ុស្តិ៍ ក្បែ​នោះឃើញដេញចាប់បានម្នាក់ បក្ខពួកម្នាក់ទៀត បើកម៉ូតូរត់គេចទៅបាត់​។

ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យដែលធ្វើសកម្មភាព ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួន ទៅសាកសួរនៅប៉ុស្តិ៍កាកាប១ និងបញ្ជូនបន្តទៅកាន់ផ្នែកជំនាញព្រហ្មទ​ណ្ឌខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមនីតិវិធីច្បាប់៕