(ភ្នំពេញ)៖ សិស្សការ៉ាត់តេ នៃក្លឹបសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ដែលជាក្លឹបទើបបង្កើត បានទទួលជោគជ័យយ៉ាងត្រចេះត្រចង់ ឈ្នះមេដាយសំរិទ្ធិចំនួន១២មេដាយ ពីការប្រកួតកីឡាជាតិលើកទី២ (National Game) ទូទាំងប្រទេសកម្ពុជា។
ការប្រកួតកីឡាជាតិលើកទី២ ដែលមានវិញ្ញាសារការ៉ាត់តេនេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨កន្លទៅ ដែលមានក្រុមមកពីក្លឹបនានា ទូទាំងប្រទេសកម្ពុជា ដើម្បីឆ្លើយតបនឹងយុទ្ធសាស្ត្រចម្បងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលដៅលើកស្ទួយកីឡានៅកម្ពុជា ដើម្បីរកធនធានចូលរួមប្រកួតកីឡា Sea Game នៅឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
ជាមួយនឹងជ័យជម្នះនេះ លោក ប្រាក់ វ៉ាន់ឌីន គ្រូការ៉ាត់តេ ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឲ្យដឹងថា មេដាយសំរិទ្ធិទាំង១២ ដែលក្លឹបនៃសាកលវិទ្យាល័យភ្នំពេញទទួលបាននេះ ជាមេដាយដំបូងបង្អស់របស់ក្លឹប ហើយនេះក៏ជាការប្រកួតលើកទី១ ដែលមិននឹកស្មានថា សិស្សៗទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់ ដូចនេះទេ ព្រោះពួកគាត់ទើបតែហាត់បានតែ១ឆ្នាំប៉ុណ្ណោះ ខណៈដែលក្លឹបទើបនឹងដំណើរការបានប្រហែល១ឆ្នាំដែរ។
លោកគ្រូខ្សែក្រវ៉ាត់ខ្មៅ កម្រិត៤ជាន់ ដែលជាគ្រូដឹកនាំសិស្ស ឲ្យចូលប្រកួតរូបនេះ បានបន្តថា ការចូលប្រកួតកីឡាជាតិលើកទី២នេះ គ្រាន់តែចង់ដកស្រង់បទពិសោធន៍ឲ្យមានវត្តមានសម្រាប់សិស្សនៃក្លឹបនេះប៉ុណ្ណោះ ព្រោះលោកមើលឃើញថា សិស្សពិតជាមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ហេតុនេះ ត្រូវតែសាកល្បងចូលប្រកួតទោះបីជា ទើបតែហាត់ក្តី។ លោកបន្ថែមថា ជាលទ្ធផល សិស្សទាំងអស់គ្នាធ្វើបានប្រសើរបំផុត លើសពីការរំពឹងទុក។
លោកសូមថ្លែងអំណរគុណផងដែរ ដល់លោកអគ្គបណ្ឌិតសភាចារ្យ អ៊ូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានផ្តល់កម្រាលសម្រាប់ហាត់ ហើយលោកក៏បានរម្លឹកគុណ ចំពោះគ្រូការ៉ាត់តេជំនាន់មុនពីរនាក់ ដែលជាជនជាតិជប៉ុនគឺ លោកគ្រូ Taiji Kase និងលោកគ្រូ Shibuya Takashi ដែលជាគ្រូលំដាប់កំពូលនៃក្បាច់ការ៉ាត់តេ។
ជាមួយគ្នានេះ លោកគ្រួ ហេង ផេង ជាគ្រូបង្វឹកប្រចាំក្លឹប បានឲ្យដឹងដែរថា ក្លឹបនេះបង្កើតឡើងដោយសាស្ត្រាចារ្យម្នាក់ ដែលមានកម្រិតខ្សែក្រវ៉ាត់ខ្មៅ៨ជាន់ គឺលោកសាស្ត្រាចារ្យ សាម៉ាឌី ស៊ីវឌ្ឍនា ជាអ្នកផ្តួចផ្តើមគំនិត។ លោកសាស្ត្រាចារ្យ សាម៉ាឌី ស៊ីវឌ្ឍនា បានជួបជាមួយលោក ជេត ជាលី ដែលជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបានស្នើសុំទីតាំងដើម្បីរៀបចំក្លឹប។
ចំពោះសាវតារនៃក្លឹបនេះ លោកគ្រូកម្រិតខ្សែក្រវ៉ាត់៦ជាន់ ហេង ផេង បានបញ្ជាក់ថា ក្លឹបនេះបានគ្រោងរៀបចំតាំងពីឆ្នាំ២០១៥ម្ល៉េះ តែចាប់ផ្តើមដំណើរការ២០១៧ និងចាប់ផ្តើមសកម្មភាពបង្ហាត់តែម្តង។ លោកថា គោលដៅដែលនាំឲ្យបង្កើតក្លឹបនេះ ព្រោះសាលាទាំងមូល មិនទាន់មានក្លឹបការ៉ាត់តេ ហើយនិស្សិតនៅសាលានេះក៏ច្រើន ជាពិសេសកត្តាមួយទៀត គឺក្រសួងអប់រំ បានលើកកម្ពស់វិស័យកីឡា ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា Sea Game នៅឆ្នាំ២០២៣។
លោកគ្រូ ហេង ផេង បានបន្ថែមទៀតថា មូលហេតុដែលជំរុញឲ្យក្លឹប ដាក់បេក្ខភាពចូលប្រកួត ព្រោះកីឡាថ្នាក់ជាតិនេះ កាលពីឆ្នាំ២០១៦ មិនទាន់មានវិញ្ញសារការ៉ាត់តេទេ ដល់ពេលឆ្នាំនេះមានវិញ្ញាសារការ៉ាត់តេ លោកក៏ចាប់យកឳកាសនេះតែម្តង។ លោកបន្តថា បើមិនចូលរួមប្រកួតឆ្នាំនេះទេ ត្រូវរង់ចាំ២ឆ្នាំទៀត ហេតុនេះហើយក្លឹបទាំងមូល ត្រូវតែដុតដៃ ដុតជើង ថានឹងចូលប្រកួត ដើម្បីបង្ហាញសមត្ថភាពសិស្ស ហើយមិននឹកស្មានថា សិស្សអាចទទួលបានជ័យជម្នះយ៉ានេះសោះ ព្រោះថាកីឡាប្រកួតនេះទាមទារទាល់តែ៦ឆ្នាំ ទើបអាចប្រកួតបាន តែសិស្សទើបតែហាត់បាន១ឆ្នាំសោះ មានសមត្ថភាពអាចយកឈ្នះគេបាន។
ជាមួយគ្នានេះផងដែរ លោក ជេត ជេលី ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយសមាជិកក្លឹប នៅល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ ម្សិលមិញ បានបានចាត់ទុកជ័យជម្នះនេះ ជាមោទនភាពយ៉ាងធំមួយសម្រាប់សាកលវិទ្យាល័យតែម្តង។ លោកបានសរសើរដល់សិស្ស និងលោកគ្រូទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់ និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីដឹកនាំ និងបង្ហាត់សិស្ស។ លោកជឿថា នៅពេលខាងមុខ ក្លឹបនេះនឹងមានវិសាលភាពកាន់តែធំ ហើយមេដាយក៏ឈ្នះច្រើន ដោយឆ្លុះបញ្ចាំង តាមរយៈជ័យជម្នះដ៏អស្ចារ្យមួយនេះ។
លោកសាកលវិទ្យាធិការ បានលើកទឹកចិត្តដល់សិស្សនៅទីនេះ ខិតខំយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីមានសមត្ថភាពកាន់តែខ្លាំង និងឈានទៅមុខកាន់តែជោគជ័យ ដើម្បីយកមុខមាត់ជូនក្លឹប ក៏ដូចជាសាលាទាំងមូលផងដែរ។ លោកក៏បានណែនាំ ឲ្យនិស្សិតនៅសាកលវិទ្យាល័យទាំងអស់ ចូលរួមហាត់កីឡាទាំងអស់គ្នាដើម្បីសុខភាព ជាពិសេសចូលរួមហាត់កីឡាការ៉ាត់តេ ដែលមិនត្រឹមតែមានសុខភាពល្អ រាងកាយសម្បទាស្អាត រហ័សរហួនទេ ថែមទាំងអាចការពារខ្លួនបានទៀតផង។
បន្ថែមលើនេះ កីឡាការិនី ឆេង ធារី និងកីឡាករ ផេង សេងលី ដែលជាបេក្ខភាពទទួលបានមេដាយសំរិទ្ធ បានសម្តែងអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ចំពោះការខិតខំរបស់ពួកគេ និងសិស្សទាំងអស់ ដែលបានរួមចិត្ត និងបេះដូងជាមួយគ្នា យកជ័យជម្នះនេះ។ ពួកគេ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកគ្រូប្រចាំក្លឹប ដែលបានលះបង់យ៉ាងច្រើនសម្រាប់ក្លឹប និងខិតខំប្រឹងប្រែង លើកទឹកចិត្តសិស្ស រហូតទទួលមុខមាត់យ៉ាងធំ។
អ្នកទាំងពីរ ក៏បានថ្លែងអំណរគុណ ដល់លោកអគ្គបណ្ឌិតសភាចារ្យ អ៊ូន ព័ន្ធមុន្នីរ័ត្ន ដែលបានជួយឧបត្ថម្ភកម្រាលសម្រាប់ក្លឹប និងថ្លែងអំណរគុណផងដែរ ដល់លោក ជេត ជាលី ដែលបានផ្តល់ទីតាំងសម្រាប់ហ្វឹកហាត់ ធ្វើឲ្យសិស្សនៃក្លឹបការ៉ាត់តេនេះ អាចចួលរួមការប្រកួតដោយអស់ពីចិត្ត និងដោយក្តីស្រឡាញ់។
ជាមួយគ្នានេះបេក្ខភាពមេដាយសំរិទ្ធិទាំងពីរ បានសំណូមពរដល់សប្បុរសជននានាជួយឧបត្ថម្ភបន្ថែមទៀត ដើម្បីពង្រីកវិសាលភាពនៃក្លឹប និងសំណូមពរ ឲ្យនិស្សិតនៅសាកលវិទ្យាល័យទាំងមូល ចូលរួមចូលហាត់ការ៉ាត់តេទាំងអស់គ្នា ដើម្បីអាចមានធនធានចូលប្រកួតកីឡា Sea Game នៅឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីលើកស្ទួយវិស័យកីឡា នៅក្នុងប្រទេសកម្ពុជាផងដែរឲ្យកាន់តែខ្លាំង។
សូមជម្រាបថា សិស្សដែលបានឈ្នះមេដាយសំរិទ្ធិទាំង១២ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២ រួមមាន៖
១៖ កីឡាការិនី ជិន ចាន់ថ្លា ប្រកួតលើវិញ្ញាសារឯកត្តជន ចុងក្រោយឈ្នះកីឡាការិនី មកពីខេត្តបាត់ដំបង
២៖ កីឡាករ៣នាក់មាន ជា បញ្ញា សុផាន់ កាសេន វុន វីរ៉ាវុធ ប្រកួតលើវិញ្ញាសារកត្តាក្រុម ចុងក្រោយឈ្នះក្រុមកីឡាករ មកពីខេត្តបាត់ដំបង
៣៖ កីឡាការិនី ចេង ជារី ប្រកួតលើវិញ្ញាសារប្រយុទ្ធឯកត្តជន ចុងក្រោយឈ្នះកីឡាការរិនី មកពីក្រសួងសេដ្ឋកិច្ច
៤៖ កីឡាករ សុភ័ក្ត្រ តារាយុទ្ធ ប្រកួតលើវិញ្ញាសារកុំមុយតេឯកត្តជន
៥៖ កីឡាករ ផេង សេងលី ប្រកួតលើវិញ្ញាសារគីឡូសេរី ចុងក្រោយឈ្នះកីឡាករ មកពីក្រសួងសេដ្ឋកិច្ច
៦៖ កីឡាករ៥នាក់មាន ធូ វ៉ាន់ដា តាំង ហូម៉េង តាយ យូល័ង ផេង សេង លី សុភ័ក្ត្រ តារាយុទ្ធ ប្រកួតលើវិញ្ញាសារ កុំមុយតេក្រុម។
ជាចុងក្រោយ លោកសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានផ្តល់កិត្តិយសអញ្ជើញសមាជិកក្លឹបទាំងមូល អាស្រ័យអាហារពេលល្ងាចទាំងអស់គ្នា នៅបរិវេណសាកលវិទ្យាល័យ ប្រកបដោយក្តីមេត្តាធម៌ និងក្តីស្រឡាញ់យ៉ាងក្រៃលែង និងស្និទ្ធិស្នាលបំផុត៕