(ភ្នំពេញ)៖ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) នៅឆ្នាំនេះ បានប្រកាសជ្រើសរើសនិស្សិតស្ម័គ្រចិត្ត៤៨នាក់ ដើម្បីចុះបណ្តុះបណ្តាលដល់មន្ត្រីមូលដ្ឋាន និងសិស្សវិទ្យាល័យ នៅខេត្តកំពង់ឆ្នាំង និងកណ្ដាល ពាក់ព័ន្ធការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា (កុំព្យួទ័រ និងកម្មវិធីទូរស័ព្ទដៃ)។
វិទ្យាស្ថានជាតិ NIPTICT បានបញ្ជាក់ឲ្យដឹងថា ក្រុមនិស្សិតស្ម័គ្រចិត្ត ICT កម្ពុជា (Cambodia ICT Volunteers - CIV) ជាកម្មវិធីមួយដែលផ្តួចផ្តើម និងបង្កើតឡើងតាំងពីឆ្នាំ២០១៥ ដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បន្ទាប់ពីមានកិច្ចសហប្រតិបត្តិការជាមួយភ្នាក់ងារជាតិទទួលបន្ទុកព័ត៌មាន របស់ប្រទេសកូរ៉េខាងត្បូង និងសហព័ន្ធទូរគមនាគមន៍អន្តរជាតិ លើកម្មវិធី និស្សិតស្ម័គ្រចិត្ត ICT អន្តរជាតិ (International ICT Volunteers-IIV) ។ កម្មវិធី CIV ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។
ឆ្នាំនេះ វិទ្យាស្ថានជាតិនីបទីក ជ្រើសរើស និស្សិតស្ម័គ្រចិត្តចំនួន៤៨នាក់ ចែកចេញជា១២ក្រុម ១ក្រុមមានសមាជិក៤នាក់។ ក្រុមនីមួយៗត្រូវចុះបេសកកម្មរបស់ខ្លួន ទៅស្រុកទឹកផុស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងស្រុកស្អាង
ខេត្តកណ្ដាល រយៈពេល១ខែ គិតពីថ្ងៃទី ១១ ខែសីហា ដល់ ០៩ ខែកញ្ញា ២០១៨។
សមាជិកម្នាក់ៗត្រូវមានជំនាញផ្សេងៗគ្នា ដើម្បីបំពេញកាតព្វកិច្ចបណ្តុះបណ្តាល ដល់មន្ត្រីមូលដ្ឋាន និងសិស្សវិទ្យាល័យ នូវមុខវិជ្ជាគោលចំនួន៤គឺ៖ ១-កុំព្យូទ័រ ២-កម្មវិធីក្នុងទូរស័ព្ទ ៣-គណិតវិទ្យា ៤-ភាសាអង់គ្លេស ។ ក្រៅពីការងារបង្រៀន និស្សិតស្ម័គ្រចិត្ត ក៏មានសកម្មភាពផ្សេងៗចូលរួមក្នុងសហគមន៍ដែរ ដើម្បីស្វែងយល់ រៀនសូត្រពីប្រជាពលរដ្ឋក្នុងសហគមន៍ផ្ទាល់ ដូចជាការងារប្រកបមុខរបរសិប្បកម្ម និងកសិកម្ម ។ល។
* គោលបំណងរបស់កម្មវិធី
- ចូលរួមអភិវឌ្ឍន៍មូលដ្ឋានតាមរយៈការបណ្តុះបណ្តាលលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
- លើកកំពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីមូលដ្ឋាន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
- លើកទឹកចិត្តសិស្ស និងយុវជនក្នុងមូលដ្ឋានឱ្យស្រលាញ់ការសិក្សា និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
- កាត់បន្ថយគម្លាតចំណេះដឹងលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន រវាងទីក្រុង និងជនបទ
- លើកកំពស់ការចែករំលែកព័ត៌មាន និងផ្សព្វផ្សាយអំពីសហគមន៍ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
- ផ្តល់ឱកាសឱ្យយុវជនចែករំលែក និងទទួលយកចំណេះដឹង និងបទពិសោធន៍រវាងទីក្រុង និងជនបទ
* អត្ថប្រយោជន៍សម្រាប់អ្នកស្ម័គ្រចិត្ត
- ទទួលបានប្រាក់ឧបត្ថមសម្រាប់បេសកម្ម និងសម្ភារៈមួយចំនួន ដូចជា (កាតាប, អាវយឺត)
- ទទួលបានធានារ៉ាប់រងគ្រោះថ្នាក់ក្នុងពេលបំពេញបេសកម្ម
- ទទួលបានវិញ្ញាបនបត្របញ្ជាក់ពីបេសកម្ម
- ទទួលបានការបណ្ដុះបណ្ដាលបន្ថែមលើមុខវិជ្ជា ICT, ការថតរូប និងជំនាញផ្សេងៗ
- ទទួលយកចំណេះដឹង និងបទពិសោធន៍ មកពីសហគមន៍
- បានរួមចំណែកក្នុងការអភិវឌ្ឍន៍ចំណេះដឹងលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៅតាមមូលដ្ឋាន
និស្សិតដែលមានចំណាប់អារម្មណ៍ អាចចូលរួមចុះឈ្មោះឥឡូវនេះ រហូតដល់ថ្ងៃទី ៣០ មិថុនា ២០១៨។ តាមរយៈ https://goo.gl/forms/OWSz6IPkOaIwRWKC3៕