(កណ្តាល)៖ លោក កៅ ថាច ប្រធានក្រុមការងារចលនាយុវជនកម្ពុជា ស្រុកល្វាឯម និងសហការី តំណាងរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមបន្ត រក្សាស្ថិរភាព សន្តិភាព និងការអភិវឌ្ឍជាតិ ជាមួយគណបក្សប្រជាជន ជាពិសេសត្រូវទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
ការអំពាវនាវនេះ បានធ្វើឡើង នៅថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឳកាសលោក បានចូលរួមកម្មវិធីសំណេះសំណាល និងធ្វើបច្ចុប្បន្នភាពយុវជន និងផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗជូនដល់យុវជនក្នុងស្រុកល្វាឯម។
ជាថ្មីម្តងទៀត តាមរយៈបទអន្តរាគមន៍របស់លោក កៅ ថាច ជូនដល់យុវជនគណបក្សប្រជាជនកម្ពុជានៅក្នុងពិធីនេះ លោកបានលើកឡើងអំពីការខិតខំរបស់រាជរដ្ឋាភិបាល ដើម្បីរក្សាសមធម៌ប្រជាជន រក្សាស្ថិរភាពសង្គម និងការអភិវឌ្ឍប្រទេសជាតិ។ លោកថា បើគ្មានគណបក្សប្រជាជន បើគ្មាននយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាក៏មិនមានការរីកចម្រើនដូចសព្វថ្ងៃនេះដែរ ជាពិសេសការរក្សាបានសន្តិភាព និងនិរន្តរភាព នយោបាយការបរទេសស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសផ្សេងៗលើកឆាកអន្តរជាតិ គឺជាខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
បន្ថែមលើនេះ ប្រធានក្រុមចលនាយុវជន ស្រុកល្វាឯមរូបនេះ បានលើកឡើងបន្ថែមអពី៖
*១៖ សភាពការណ៍នយោបាយក្រៅប្រទេស ជាពិសេសអំពីបដិវដ្តពណ៌ ដែលជាការកកូរកកាយពីបណ្តាប្រទេសមហាអំណាច។ ជាក់ស្តែងដូចបណ្តាប្រទេសកំពុងរងគ្រោះមួយចំនួនដូចជាប្រទេសលីប៊ី ប្រទេសស៊េរី ជាដើម ដែលមកដល់ម៉ោងនេះ ប្រទេសទាំងនេះ កំពុងស្ថិតក្នុងសង្គ្រាមនៅឡើយ។ ក្នុងនោះកម្ពុជាក៏ជាជនរងគ្រោះអំពីសកម្មភាព និងការជ្រែតជ្រែកពីប្រទេសទាំងនោះផងដែរ ប៉ុន្តែដោយការវៃឆ្លាតរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជន ទើបរក្សាប្រៀបឈ្នះ និងវៃបកបានទាន់ពេលវេលាចំពោះសកម្មភាពមួយចំនួនដែលធ្វើឡើងតាមខ្សែរយៈដែលមានអង្គការចាត់តាំងច្បាស់លាស់។
២៖ អំពីការអនុវត្តប្រជាធិបតេយ្យយ៉ាងពេញលេញនៅកម្ពុជា ក្នុងនោះសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ សិទ្ធិក្នុងការបង្កើតគណបក្សនយោបាយ សេរីភាពសារព័ត៌មានត្រូវបានលើកកម្ពស់ និងទទួលបានការគាំពារពីរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន មិនដូចទស្សនៈប្រឆាំងមួយចំនួនបានលើកឡើងនោះឡើយ។
៣៖ ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាតិជាបន្តបន្ទាប់ ដែលបានធ្វើឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍគ្រប់វិស័យ ក្នុងនោះវិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នយោបាយការបរទេ ជាដើម បានធ្វើឲ្យកម្ពុជា មានភាពស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។ ដោយឡែកការរក្សាបាននូវ សមធម៌ ស្ថិរភាព សន្តិភាព គឺជាគោលនយោបាយដ៏ត្រឹមត្រូវ ដែលបានមកពីការដឹកនាំរបស់គណបក្សប្រជានដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
៤៖ ក្នុងនាមយុវជនបន្តវេន ត្រូវមានភាពស្មោះត្រង់ជាមួយបក្ស និងខិតខំបន្តធ្វើការងារបក្ស ដោយកសាងពង្រឹង និងពង្រីកសមាជិកបក្សឲ្យបានច្រើន ក្នុងនោះការបន្តចុះតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ។ ការប្រើប្រាស់ពាក្យសម្តីដោយសុភាពរាបសារ ក្នុងនោះត្រូវយកចំណេះដឹងដែលខ្លួនបានរៀនសូត្រពីវគ្គបណ្តុះបណ្តាលកន្លងមក ទៅពន្យល់ និងវៃបកទៅក្រុមអគតិមកលើបក្សប្រជាជន។
៥៖ រដូវបោះឆ្នោតតំណាងរាស្ត្រខិតជិតមកដល់ យុវជនត្រូវទៅចូលរួមបោះឆ្នោតទាំងអស់គ្នា និងជួយផ្សព្វផ្សាយពីវត្ថុបំណង និងគោលដៅរបស់គណបក្ស ជាពិសេសគោលនយោបាយអភិវឌ្ឍន៍ភូមិ-ឃុំ និងជួយណែនាំប្រជាពលរដ្ឋជួយគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជន។
ចុងបញ្ចប់ លោក កៅ ថាច បានឧបត្ថមថវិកា ក្នុងនាមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជូនដល់យុវជន និងកងកម្លាំងក្នុងម្នាក់ៗចំនួន ២០០០០រៀល ផងដែរ។
សូមជម្រាបថា ក្នុងនោះកិច្ចសំណេះសំណាលនោះ បានចែកចេញជាពីរក្រុម៖
*ក្រុមទី១ មានសមាសភាពយុវជនមកពី៖ ឃុំបឹងគ្រំ ឃុំល្វាសរ និងឃុំកោះកែវ ដែលមានទីតាំង ធ្វើនៅវិទ្យាល័យហ៊ុន សែន ល្វាសរ វេលាម៉ោង ៧៖៣០នាទីព្រឹក។
*ក្រុមទី២ មានសមាសភាពយុវជនមកពី៖ ឃុំសំបួរ និងឃុំព្រែកឬស្សី ដែលទីតាំងពិធី នៅទីស្នាក់ការកណ្តាល (សំបួរ និងព្រែកឫស្សី) វេលាម៉ោង០៩៖៣០នាទីព្រឹក៕