(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង ប្រធានគណបក្សប្រជាជនខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញប្រកាសបញ្ចូលសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា ក្នុងឃុំក្រាំងអំពិល ចំនួន៣៤៦នាក់ ក្នុងនោះក៏មានមកពីអតីតគណបក្សសង្គ្រោះជាតិ ចំនួន៣២០នាក់ផងដែរ។
ថ្លែងទៅកាន់សមាជិកថ្មីទាំង៣៤៦នាក់ លោក វ៉ី សំណាង បានឲ្យដឹងថា គណបក្សប្រជាជនប្រកាន់ជំហរស្រឡាញ់រាប់អាន សិទ្ធស្នាលដូចគ្រួសារតែមួយ ដោយមិនដែលបានគិតថា បងប្អូនជាបក្សនេះ ឬបក្សនោះ គឺជាពលរដ្ឋកម្ពុជាតែមួយ ហើយមានសិទ្ធិស្មើៗគ្នា មិនតែប៉ុណ្ណោះថ្ងៃនេះ បានធ្វើឲ្យកាន់តែខិតមករស់នៅ កាន់តែកៀកគ្នាជាងមុន ហើយដើរលើផ្លូវតែមួយ ដោយមិនអាចអ្នកណាបំបែកបំបាក់បានថែមទៀត។
លោកទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសមាជិកបក្សនយោបាយដែលមករួមរស់ ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជន ដោយមិនប្រកាន់និន្នាការ ប្រកាន់ជាមហាគ្រួសារខ្មែរតែមួយ រស់នៅក្នុងដំបូលរដ្ឋធម្មនុញតែមួយ និងក្រោមការដឹកនាំ ប្រកបដោយភាពសុខសាន្ត រួមទាំងការអភិវឌ្ឍ របស់រាជរដ្ឋាភិបាលកម្ពុជា។
បើតាមប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ ដោយផ្នែកលើដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺពលរដ្ឋទាំងអស់ច្បាស់ណាស់ មិនបែកបាក់សាមគ្គីភាព ឯកភាពគ្នាបន្តកសាងប្រទេសជាតិ មិនជឿលើបរទេស ដែលតែងតែញុះញង់ កកូកកាយផ្ទៃក្នុងជាតិកម្ពុជា ឲ្យបែងចែកពណ៌សម្បុរ ប្រើមនោគមន៍វិជ្ជា ឲ្យក្រុមជ្រល់និយមក្រៅស្រុកពង្វក់ស្មារតី ក្នុងគោលបំណងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដោយបដិវត្តន៍ពណ៌ ខណៈដែលពលរដ្ឋកំពុងរស់នៅប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ៕